ការគ្រប់គ្រងកាំភ្លើងកំពុងមានភាពចម្រូងចម្រាស់នៅអាមេរិក

ការគ្រប់គ្រងកាំភ្លើងដើម្បីធានាសុវត្ថិភាពក្នុងការរស់នៅក្នុងសង្គមអាមេរិក កំពុងតែមានការខ្វែងគំនិតគ្នាដោយក្រុមខ្លះចង់ឲ្យមានច្បាប់ហាមមនុស្សទូទៅប្រើកាំភ្លើង ប៉ុន្តែក្រុមខ្លះទៀតនៅតែទាមទារប្រើប្រាស់កាំភ្លើង។​

ការចោទជាបញ្ហានេះ​ឡើងវិញ ក្រោយពេលដែលមានហេតុការណ៍បាញ់ប្រហារក្នុងសាលារៀនជាទ្រង់ទ្រាយធំកើតឡើងជាថ្មីទៀតនៅក្នុងខែកុម្ភៈនេះ។​

កាលពីម្សិលមិញលោក ដូណាល ត្រាំ ថ្លែងថា ដើម្បីឲ្យនៅតាមសាលារៀនមានសុវត្ថិភាព​លោកចង់ឲ្យគ្រូបង្រៀនកាន់កាំភ្លើង ដើម្បីឆ្លើយតបឲ្យបានទាន់ពេល​ នៅពេលដែលមានករណីបាញ់ប្រហារកើតឡើង។​

ប៉ុន្តែខាងមតិរបស់គ្រូបង្រៀនបានជំទាស់ដោយថា ពួកគេមានសមត្ថភាពបង្រៀន មិនមានជំនាញការពារសន្តិសុខនោះទេ។ គ្រូបង្រៀនខ្លះចោទសួរថា តើពួកគេត្រូវចូលរួមពីរបៀបបាញ់បោះ ឬ វិធីសាស្ត្រការពារសន្តិសុខមុនពេលចូលបង្រៀនឬ យ៉ាងម៉េច?​

នៅក្នុងសភា និង មហាជនអាមេរិកក៏កំពុងមានការខ្វែងគំនិតគ្នាដែរ ដោយក្រុមខ្លះចង់ឲ្យចេញច្បាប់ហាមមហាជនប្រើកាំភ្លើង ហើយក្រុមខ្លះទៀតថា ពួកគេត្រូវការសិទ្ធិក្នុងការប្រើប្រាស់កាំភ្លើង ដើម្បីការពារសន្តិសុខផ្ទាល់ខ្លួន។​

ការជជែកគ្នាពីការប្រើប្រាស់កាំភ្លើងនៅអាមេរិក ផុសផុលឡើងវិញបន្ទាប់ពីការហេតុការបាញ់ប្រហារក្នុងសាលារៀនក្នុងរដ្ឋហ្វ័រីដាកាលពីថ្ងៃទី១៥ខែកុម្ភៈបណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ និង ជាង៤០នាក់រងរបួស។​

ហេតុការណ៍បាញ់ប្រហារនៅថ្ងៃទី១៥ខែកុម្ភៈនោះ គេចាត់ទុកជាហេតុការណ៍បាញ់ប្រហារធំបំផុត បន្ទាប់ពីការបាញ់ប្រហារនៅក្នុងសាលាកាលពីឆ្នាំ២០១២ ដែលកាលណោះសម្លាប់មនុស្សអស់​២៦នាក់។​

នៅអាមេរិកក្នុងដើមឆ្នាំ២០១៨នេះ មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​១៨លើករួចមកហើយ​ ដែលករណីខ្លះមានអ្នកស្លាប់ និង​ខ្លះទៀតរងរបួស។

បើគិតចាប់ពីឆ្នាំ២០១៣មក មានករណីបាញ់ប្រហារនៅតាមសាលារៀនចំនួន​២៩១ករណី ហើយបើគិតជាមធ្យមក្នុង១សប្តាហ៍មានករណីបាញ់ប្រហារមួយកើតឡើង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ