គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឲ្យដឹងថា រយៈពេល១៣ថ្ងៃនៃយុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤នេះ គឺមានតែគណបក្សប្រជាជនកម្ពុជាមួយតែប៉ុណ្ណោះ ដែលបានធ្វើសកម្មភាព ហែក្បួនឃោសនាតាមរាជធានី-ខេត្ត។
ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយកាលពីម្សិលមិញ ឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាបានបើកយុទ្ធនាការឃោសនាបោះឆ្នោតតាមរាជធានី-ខេត្តមួយចំនួន មានដូចជា ខេត្តស្វាយរៀង ខេត្តកំពត ខេត្តកំពង់ធំ ខេត្តព្រៃវែង ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំជាដើម។ សេចក្ដីប្រកាសបញ្ជាក់ថា សកម្មភាពឃោសរបស់បក្សកាន់អំណាចនេះធ្វើឡើងតាមរូបភាព ការជួបប្រជុំ និងផ្សព្វផ្សាយគោលនយោបាយតាមឧបករណ៍បំពងសំឡេងជាដើម។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍បន្ថែមថា គណបក្សដែលធ្វើសកម្មភាពលេចធ្លោគឺបក្សកាន់អំណាច ចំណែកបក្សចំនួនបីទៀតគ្រាន់តែធ្វើសកម្មភាពតិចតួចដូចជាចាក់ផ្សាយគោលនយោបាយតាមឧបករណ៍បំពងសំឡេងនៅតាមស្នាក់ការ។
មន្ត្រីជាន់ខ្ពស់នៃកម្មវិធីផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កង សាវាង្ស យល់ឃើញថា គណបក្សប្រជាជនកម្ពុជា ទោះមិនឃោសនាក៏ទទួលបានសំឡេងគាំទ្រច្រើនដែរ ព្រោះគណបក្សនេះមានអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ច្រើនជាងគេ ។
លោកថា៖ «យើងមើលឃើញតែគណបក្សប្រជាជនតែមួយគត់ដែលទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភាក្រោយពីរំលាយគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាចោល។ អញ្ចឹងគណបក្សផ្សេងៗគឺ ថាគ្រាន់តែជាគណបក្សដែលឈ្មោះក្នុងការចូលរួមបោះនោះទេ ប៉ុន្តែលទ្ធផលដែលទទួលបានគឺថាមិនបានទេលើកលែងតែគេហៅថា មានការសម្របសម្រួលផ្នែកនយោបាយ ឬក៏ការស្រុះស្រួល អ្វីមួយដែលធ្វើឲ្យគណបក្សផ្សេងមានអាសនៈអាហ្នឹងយើងមិនដឹងទេណាស់ ឬក៏មានការទាក់ទាញយ៉ាងម៉េចយើងមិនដឹងទេ ប៉ុន្តែជាពិតគឺថាមិនអាចបានទេ»។
គណបក្សសង្គ្រោះជាតិ ដែលទទួលបានសំឡេងគាំទ្រពីពលរដ្ឋប្រហែល ៣លាននាក់នៅក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំ២០១៣នោះ ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៧ ទៅតាមបណ្ដឹងរដ្ឋាភិបាល។
បើតាមការកំណត់របស់ គ. ជ. ប. យុទ្ធនាការឃោសនាសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានីតិកាលពី៤ ចាប់ផ្តើមពីថ្ងៃទី១០ដល់ថ្ងៃទី២៣ខែកុម្ភៈ ហើយការបោះឆ្នោតប្រព្រឹត្តទៅនៅថ្ងៃទី២៥ខែកុម្ភៈ។
គណបក្សដែលចូលរួមប្រកួតប្រជែងការបោះឆ្នោតព្រឹទ្ធសភានេះមានចំនួន៤គឺគណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែររួបរួមជាតិ និងគណបក្សយុវជនកម្ពុជា៕