ចារកម្មអាមេរិកចោទលោក ហ៊ុន សែន ថាគំរាមប្រជាធិបតេយ្យដើម្បីបន្តអំណាច

រូបពីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី

ភ្នាក់ងារចារកម្មរបស់សហរដ្ឋអាមេរិកបានចោទ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថា កំពុងបំផ្លាញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស​នៅកម្ពុជា​ ដើម្បីបន្តកាន់អំណាចនៅឆ្នាំ២០១៨ ខណៈបក្សប្រឆាំងដែលជាដៃគូប្រកួត ​ត្រូវ​បានរំលាយ​កាល​ពីពាក់​កណ្តាល​ខែ​វិច្ឆិកា ឆ្នាំមុន​។

ក្នុងរបាយការណ៍ចំនួន២៨ទំព័ររបស់​ចារកម្មអាមេរិក (CIA) ស្តីពីការគំរាមកំហែង​នៅទូទាំងពិភព​លោក ចេញផ្សាយកាលពីម្សិលមិញថា លោក ហ៊ុន សែន នឹងដាក់សម្ពាធស្ថាប័នប្រជាធិបតេយ្យ សង្គមស៊ីវិល និងប្រើប្រាស់ស្ថាប័នរដ្ឋាភិបាល ប្រព័ន្ធតុលាការ ដើម្បីការគាំពារ និងហិង្សានយោបាយ ដោយថាដើម្បីបន្តដឹកនាំប្រទេសកម្ពុជានៅក្រោយការបោះឆ្នោតឆ្នាំ២០១៨។

របាយការណ៍នេះបញ្ជាក់ថា យុទ្ធសាស្ត្រនយោបាយលោក ហ៊ុន សែន ព្យាយាមផ្តាច់ខ្លួនចេញពីប្រទេសលោកសេរី ដើម្បី​ងាកទៅពឹងការ គាំទ្រផ្នែកនយោបាយ​ និងហិរញ្ញវត្ថុពីកុម្មនីស្តចិន។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ច្រានចោលរបាយការណ៍របស់សហរដ្ឋអាមេរិកនេះ ដោយថា​រដ្ឋាភិបាលដឹកនាំកម្ពុជា ស្របតាមច្បាប់ និងឆន្ទៈរបស់ប្រជាពលរដ្ឋដែលបោះឆ្នោតឲ្យ។

លោក​មានប្រសាសន៍ថា «ចង់និយាយបែបអវិជ្ជមាន ឬមួយក៏ចង់បន្តុះបង្អាប់​ ខ្ញុំយល់ថា ការមិន​​ត្រូវទេ ពីព្រោះនាយករដ្ឋមន្ត្រីកើតចេញ​គណបក្សឈ្នះឆ្នោត ការកាន់អំណាច​របស់នាយករដ្ឋមន្ត្រី​ហ៊ុន សែន មិនមែនជា​រឿង​ខុស​ច្បាប់ ជារឿង​ត្រឹម​ត្រូវទៅ​តាមគោលការណ៍ច្បាប់ផង​និង​ត្រឹមត្រូ​វ​ទៅតាមឆន្ទៈរបស់ប្រជាពលរដ្ឋ​ដែលបោះឆ្នោត​គាំទ្រឲ្យគណបក្ស​ប្រជាជនកម្ពុជា​​ ជាគណបក្សឈ្នះឆ្នោត​»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក មាស នី យល់ថា បើលោក ហ៊ុន សែន នៅតែបន្តប្រើយុទ្ធសាស្ត្រដឹកនាំប្រទេសដូចបច្ចុប្បន្ន នឹងធ្វើឲ្យប៉ះពាល់​ដល់ប្រទេសជាតិលើឆាកអន្តរជាតិ។

លោក​មានប្រសាសន៍ថា «ការបោះឆ្នោតនៅឆ្នាំ២០១៨​​ អាចស្ថិតនៅក្រោមបក្សតែមួយ​ ឯកបក្ស ហើយកាលណា​ស្ថិតនៅក្រោមឯកបក្សហើយ គឺការទទួលស្គាល់​ពីអន្តរជាតិពិតជាមិនអាចទៅរួច​​​​​​ ហើយបើសិនជាមិនមានការទទួលស្គាល់ពីអន្តរជាតិហើយនោះ​ ប្រទេសខ្មែរយើង បើទោះបី​រដ្ឋាថាមិនខ្វល់ក៏ដោយ​​ ប៉ុន្តែកិត្តិយសប្រទេសជាតិ​វានឹងធ្លាក់ទៅតាមហ្នឹងដែរ​​ ដូច​យើងគ្រួសារ​មួយ​ដែល​រស់នៅក្នុងភូមិមួយ​​ហើយគេអ្នកជិត​ខាង​​ គេមិនទទួលស្គាល់​ នោះជាបញ្ហា​ នេះយើងអត់ទាន់គិតថា តើយើង​ត្រូវ​ទទួលរងសម្ពាធសេដ្ឋកិច្ច ឬពាណិជ្ជកម្មយ៉ាងម៉េច​ទេ? ព្រោះឥឡូវ​យើងអត់ទាន់ដឹងទេ»។

តាមប្រតិទិន ការបោះឆ្នោតថ្នាក់ជាតិ និងប្រព្រឹត្តទៅនៅចុង​ខែកក្កដា ឆ្នាំ២០១៨ ដោយពុំមានវត្តមានអតីតបក្សសង្គ្រោះជាតិចូលប្រកួតប្រ ជែងជាមួយបក្សកាន់អំណាច​នោះទេ ខណៈបក្សនេះត្រូវបានតុលាការកំពូលសម្រេច​រំលាយចោលកាលពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំមុន ហើយ​​ថ្នាក់​ដឹកនាំ និង​សមាជិក ១១៨​នាក់​របស់​បក្ស​នេះ ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ។

ក្រោយពីរំលាយ គ.ជ.ប បាន​យក​អាសនៈ​សភា​ទាំង ៥៥​របស់​អតីត​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​នេះ ​បែង​ចែក​កាល​ពី​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំមុន ទៅឲ្យគណបក្សចំនួន៥ ដែលក្នុងនោះមាន គណបក្ស ហ៊្វុន ស៊ិនប៉ិច បាន​​ ៤១​អាសនៈ គណ​បក្ស​សញ្ជាតិ​កម្ពុជា​​បាន ​២​អាសនៈ និងខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចទទួលបាន ១អាសនៈ។

ករណីនេះ ធ្វើឲ្យ​សហគមន៍​អន្តរជាតិ មាន​សហរដ្ឋ​អាមេរិក ចក្រ​ភព​អង់គ្លេស និង​សហភាព​អឺរ៉ុប បាន​ថ្កោល​ទោស​ចំពោះ​រដ្ឋាភិបាល​កម្ពុជា   ហើ​យ​​​​ថា ប្រទេស​នេះ​កំពុង​​ឃ្លាត​ចាក​ពី​គន្លង​ប្រជាធិបតេយ្យ។ ប៉ុន្តែរដ្ឋាភិបាលច្រានចោលការចោទប្រកាន់នេះ ដោយថាធ្វើស្រប​តា​ម​ច្បាប់​ និងថាកុំឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង​កម្ពុជា​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ