ក្រសួងកសិកម្មបដិសេធជួបពិភាក្សារកដំណោះស្រាយបញ្ហាផលិតផលកៅស៊ូជាមួយលោក ម៉ុង ឫទ្ធី

រដ្ឋមន្រ្តីក្រសួង​កសិកម្ម លោក អ៊ុក រ៉ាប៊ុន និង​ឧកញ៉ា ម៉ុង ឫទ្ធី

រដ្ឋមន្ត្រីក្រសួងកសិកម្មបដិសេធសំណើរបស់ក្រុមការងារផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្ម ផ្នែកឯកជន ដែលបានស្នើសុំជួបពិភាក្សាដោះស្រាយបញ្ហាដំណាំកៅស៊ូ ដោយក្រសួងអះអាងថា ក្រសួងមានការងារមមាញឹក និងពុំទាន់មានពេលវេលាសម្រាប់ជំនួបនេះនៅឡើយ។

ការបដិសេធនេះធ្វើឡើងតាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន ផ្ញើជូន លោក ម៉ុង ឫទ្ធី សហប្រធានក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ផ្នែកឯកជន។

ទោះយ៉ាងណា នៅក្នុងលិខិតនោះ លោក អ៊ុក រ៉ាប៊ុន បានអះអាងថា ក្រសួងបានដោះស្រាយបញ្ហាអត្រាពន្ធអាករនាំចេញជ័រកៅស៊ូរួចហើយ ដោយក្រសួងបានដាក់សំណើទៅកាន់រដ្ឋាភិបាល ហើយរដ្ឋាភិបាលក៏បានសម្រេចកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូរួចហើយដែរ។

សហប្រធានក្រុមការងារផ្នែកកសិកម្ម និងកសិ-ឧស្សាហកម្មឯកជន លោក ម៉ុង ឫទ្ធី ប្រាប់វីអូឌី(VOD)បន្ថែមថា តម្លៃកៅស៊ូបានធ្លាក់ចុះយ៉ាងខ្លាំង ដោយលោកថាកៅស៊ូស្ងូតដែលមានគុណភាពក្រោមគេបង្អស់សព្វថ្ងៃមានតម្លៃចន្លោះពី៨០០ទៅ៩០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន។

លោក ម៉ុង ឫទ្ធី បន្តថា ថាតម្លៃកៅស៊ូនាពេលបច្ចុប្បន្នមិនអាចធ្វើឲ្យអ្នកនាំកៅស៊ូចេញទទួលប្រាក់ចំណេញនោះទេ។ លោកថា លោកបានដាក់សំណើជួបលោករដ្ឋមន្ត្រី ដើម្បីពិភាក្សាដោះស្រាយបញ្ហាទាំងនេះ តែបែរជាត្រូវរដ្ឋមន្ត្រីបដិសេធជួបពិភាក្សាទៅវិញ។ លោកបន្ថែមថា៖ “ខ្ញុំសរសេរទៅក្នុងនាមសហប្រធាន ខ្ញុំអត់មានស៊ីប្រាក់ខែអ្នកណាទេ ហើយក៏មិនដែលបានទទួលសំណូកពីនរណាពងមាន់មួយដែរ ខ្ញុំបម្រើជាសហប្រធានហ្នឹងជាង២០ឆ្នាំហើយ ហើយគាត់រដ្ឋមន្ត្រីរបស់រាស្រ្ត រាស្ត្របង់ពន្ធបើកប្រាក់ខែឲ្យគាត់ ហើយគាត់និយាយថាអត់ពេលសម្រាប់ដោះស្រាយបញ្ហាឲ្យរាស្រ្តអាហ្នឹងជាសិទ្ធិរបស់គាត់”

អ្នកនាំពាក្យក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា មូលហេតុដែលលោករដ្ឋមន្ត្រីមិនជួបពិភាក្សាតាមសំណើនេះ ដោយលោកថា មកពីអ្វីដែលលោក ម៉ុង ឫទ្ធី បានលើកឡើងនោះ ក្រសួងបានជួបពិភាក្សារួចមកហើយជាមួយសមាគមអ្នកផលិតកៅស៊ូ និងកែច្នៃកៅស៊ូ តាំងពីមុនមានសំណើរបស់លោក ម៉ុង ឫទ្ធី។ លោកថា រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យមួយកាលពីដើមខែមីនា ឆ្នាំ២០១៦ ដោយមិនតម្រូវឲ្យយកពន្ធនាំចេញលើផលិតផលកៅស៊ូដែលមានតម្លៃក្រោម១ពាន់ដុល្លារក្នុងមួយតោនផងដែរ។

លោកបន្ថែមថា៖ “បើមាន គឺក្រោយរបស់អ្វីដែលជាសំណើ អ្វីដែលមានវិធានការរបស់ឯឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រួចហើយ អ៊ីចឹងបានជាលិខិតឆ្លើយតបទៅវិញបញ្ជាក់ថាអ្វីៗបានធ្វើរួចហើយ បើមានអ្វីលើសពីអ្វីដែលបានធ្វើហើយនោះ ឯកឧត្តម(រដ្ឋមន្ត្រី)នឹងប្រជុំជាថ្មី មានន័យអ៊ីចឹង”

យ៉ាងណាក៏ដោយ លោក ម៉ុង ឫទ្ធី អះអាងថា អនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានកែសម្រួលពន្ធអាករនាំកៅស៊ូចេញនោះមិនទាន់បានជួយអ្វីដល់ការនាំចេញនោះទេ ដោយលោកថា “សម្រួលអីនៅដដែលហ្នឹង”

ម្ចាស់សិប្បកម្មកៅស៊ូខ្នាតតូចមួយក្នុងខេត្តកំពង់ចាម លោក ម៉ន់ ហន់ មានប្រសាសន៍ថា នៅឆ្នាំ២០១៦ នេះសិប្បកម្មរបស់លោកមិនបានទទួលប្រាក់ចំណេញពីលការលក់ជ័រកៅស៊ូស្ងូតនោះទេ។ លោកថា ផលិតផលរបស់លោកលក់ឲ្យទៅឈ្មួញថៃ ឬវៀតណាម ក្នុងតម្លៃប្រហែលជា១០៥០ទៅ១១០០ដុល្លារក្នុងមួយតោនសម្រាប់កៅស៊ូប្រភេទល្អ និងកៅស៊ូប្រភេទអន់មានតម្លៃប្រហែលជា៨០០ដុល្លារ។

លោកថា បញ្ហាប្រឈមរបស់ពួកលោកគឺការប្រែប្រួលតម្លៃកៅស៊ូមិនទៀងទាត់ ដែលលោកថាធ្វើឲ្យទាំងកសិករនិងម្ចាស់សិប្បកម្មពិបាកក្នុងការលក់ចេញឲ្យបានប្រាក់ចំណេញ។ លោកបន្តថាទាំងកសិករ ក៏ដូចជាម្ចាស់សិប្បកម្មអាចចំណេញបានខ្លះបើតម្លៃកៅស៊ូស្ងួតអាចមានតម្លៃយ៉ាងទាបបំផុតត្រឹម១៥០០ដុល្លារក្នុង១តោន។

លោក ម៉ន់ ហន់ បន្តទៀតថា កាលពីឆ្នាំកន្លងទៅកៅស៊ូស្ងូតអាចលក់បានចន្លោះពី១៥០០ដុល្លារទៅ២០០០ដុល្លារក្នុង១តោន។ លោកថា អ្នកដាំកៅស៊ូមួយចំនួនបាននាំគ្នាកាប់កៅស៊ូ ហើយងាកទៅដាំដំណាំផ្សេងវិញ។

លោកបន្ថែមថា៖ “បើនៅកន្លែងខ្ញុំនេះ កៅស៊ូកាប់រាប់រយហិចតា កាប់ចោលតែម្តង អាកៅស៊ូដែលបានចៀរ កៅស៊ូមិនទាន់ចៀរ កៅស៊ូ៤ឆ្នាំ ៣ឆ្នាំ…ចុះបើគាត់អស់សង្ឃឹមនឹងតម្លៃកៅស៊ូថាឆ្នាំក្រោយអាចឡើងឬមិនឡើង ដ៏អ៊ីចឹងគាត់កាប់តែម្តង”

លោក ម៉ន់ ហន់ ស្នើឲ្យរដ្ឋាភិបាលចាត់វិធានការជួយឲ្យតម្លៃកៅស៊ូថ្លៃជាងតម្លៃបច្ចុប្បន្ន និងរក្សាលំនឹង ហើយលោកថា បើអាច រដ្ឋាភិបាលគួរព្យួរការយកពន្ធនាំចេញ ឬលុបចោលតែម្តង។

បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម គិតត្រឹមឆ្នាំ២០១៤ ផ្ទៃដីដាំដុះដំណាំកៅស៊ូមានចំនួនជិត៣សែន៦ម៉ឺនហិកតានៅទូទាំងប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ