សមាគមមួយស្នើរាជរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថមដល់មន្ត្រីរាជការក្នុងឱកាសបុណ្យចូលឆ្នាំ

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភដល់គ្រូបង្រៀន និងបុគ្គលិកមន្ត្រីរាជការទាំងអស់ម្នាក់​១៥០ ០០០រៀល​ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដោយអះអាងថាដើម្បីជួយសម្រួលដល់ការចំណាយរបស់ពួកគាត់នៅក្នុងឱកាសនេះ។

ក្នុងលិខិតមួយចុះថ្ងៃទី២៣ មីនា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលើកឡើងថា ប្រាក់ខែរបស់គ្រូបង្រៀន មន្ត្រីរាជការស៊ីវិល ទាហាន នគរបាល និងកងកម្លាំងដទៃទៀតនៅមានកម្រិតទាបនៅឡើយ ហើយទំនិញនៅលើទីផ្សារចេះតែឡើងថ្លៃ ។ លិខិតបន្តថា ទម្លាប់ប្រជាពលរដ្ឋខ្មែរតែងតែត្រូវចំណាយច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ធ្វើឲ្យមន្ត្រីរាជការទាំងអស់មានការលំបាកក្នុងការអបអរសាទរពិធីនេះ។

លិខិតបន្តទៀតថា “ដូច្នេះដើម្បីជួយបន្ធូរនូវការលំបាករបស់គ្រូបង្រៀន មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធឲ្យបានមួយកម្រិត មានតែរដ្ឋាភិបាលផ្ដល់នូវប្រាក់ឧបត្ថម្ភសម្រាប់បុណ្យចូលឆ្នាំថ្មីនេះតែប៉ុណ្ណោះ”។

ប្រធានស្តីទីនៃសមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យលោកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា សមាគមបានដាក់លិខិតនេះទៅកាន់ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីនៅថ្ងៃពុធនេះ តែនៅពុំទាន់ទទួលបានការឆ្លើយតបយ៉ាងណានៅឡើយទេ។ ទោះយ៉ាងណា លោកស្រីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីនឹងពិចារណា និងឆ្លើយតបទៅនឹងសំណើរបស់សមាគម។

លោកស្រីបន្ថែមថា “ជាធម្មតាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យតែងតែដាក់រាល់ឆ្នាំ តែឆ្នាំទៅឃើញថាលោកគ្រូអ្នកគ្រូយើងបានចំនួន៤ម៉ឹនក្នុងពេលចូលឆ្នាំខ្មែរ ប៉ុន្តែយើងក៏ដាក់ទារ១៥ម៉ឺនដូចឆ្នាំនេះដែរ ប៉ុន្តែដោយនាយករដ្ឋមន្ត្រីថា ភាពក្រីក្រអី ម៉េចបែបផែនម៉េចរបស់គាត់ គាត់ជូន៤ម៉ឺន”។

វីអូឌីមិនអាចទាក់ទងសុំការយល់ឃើញពីអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សាលីន បាននៅឡើយទេ ដោយទូរស័ព្ធចូលពុំមានអ្នកទទួល។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសផ្តល់ប្រាក់ឧបត្ថមសម្រាប់បុណ្យចូលឆ្នាំខ្មែរជូនដល់មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងម្នាក់៤ម៉ឺនរៀល ដោយលោកថាដើម្បីជាការលើទឹកដល់មន្រ្តីរាជការក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ