តុលាការកាត់ទោសឲ្យ ជួប សំលាប់ ​ជាប់ពន្ធនាគារ១ជីវិត

សាលាដំបូងរាជធានីភ្នំពេញសម្រេចផ្តន្ទាទោស​ឲ្យបុរស អឿត អាង ហៅ ជួប សំលាប់ ជាប់ពន្ធនាគារ អស់មួយជីវិត ដោយចោទថាបានបាញ់សម្លាប់លោក កែម ឡី កាលពីឆ្នាំ២០១៦។​

លោកចៅក្រម​ លាង​ សំណាត់ បានប្រកាសសាល​ក្រម ដោយបានចោទប្រកាន់ថា ឈ្មោះ​ អឿត អាង បាន​បាញ់សម្លាប់លោក កែម ឡី ពីបទឃាតកម្មគិត​ទុកជា​មុ​ន និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​​អនុញ្ញាត ដោយយោង​តាមមាត្រា​២០០​ និង​មាត្រា​​៤៩០​នៃ​​​ក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារមួយជីវិត។​

បន្ទាប់ពីប្រកាសសាលក្រមភ្លាម ចៅក្រមបានបញ្ជាឲ្យឆ្មំាពន្ធនាគារនាំ លោក ជួប សំលាប់​ ផ្តិត​មេដៃ​លើ​សាល​ក្រមនោះ រួចឲ្យបញ្ជូនទៅពន្ធនាគារវិញ។ ខណៈនោះ លោក ជួប សំលាប់ បាន​បង្ហាញទឹកមុខ​ធម្មតា ហាក់ដូចជាពុំមានការភ្ញាក់ផ្អើលទេ ក្រោយពីចៅ​ក្រម​ប្រកាសផ្ត​ន្ទា​ទោ​ស​ដាក់​គុក​មួយជីវិតនោះ។

លោកចៅក្រម ​ឲ្យដឹងទៀតថា ជួប សំលាប់ មានសិទ្ធិប្តឹងទៅសាលាឧទ្ធរណ៍តាមនីតិវិធីដោយមិនឲ្យផុតរយៈពេលមួយខែ គិតចាប់ពីថ្ងៃប្រកាសសាលក្រមនេះ។

ទោះជាបែបនេះក្តី លោក យុង​ ផានិត មេធាវីការពារក្តីឲ្យលោក ជូប សំលាប់ បាន​ថ្លែង​ប្រាប់​អ្នកសារ​ព័ត៌មា​ន​​នៅមុខ​តុលាការ​ថា នេះជារឿង​អយុត្តិធម៌​ចំពោះ​កូនក្តី​របស់​លោក ហើយ​លោកថា នឹងពិភាក្សា​ជាមួយ​កូនក្តី ដើម្បីប្តឹងទៅឧទ្ធរណ៍ សុំ​ឲ្យ​បន្ធូរ​​បន្ថយ​ទោស​ដល់​កូនក្តី​របស់​លោក​។​

លោកនិយាយថា «គួរឲ្យសោកស្តាយព្រោះថាអត់មានស្ថានសំរាល​ចំពោះកូនក្តីខ្ញុំ បើយើង​ពិនិត្យ​ទៅ​តា​ម​ច្បា​​ប់​នីតិវិធី ត្រូវ​តែមានស្ថានសំរាលទោសខ្លះ ទាក់ទងនិងបញ្ហា​បទល្មើសផ្សេងៗ ទោះបី​គាត់​ល្មើសនឹ​ង​ទំហំ​ប៉ុន្មាន​ក៏ដោយ ព្រោះយើងឃើញថា អ្វីដែលគាត់បាន​ប្រព្រឹត្តដូចខ្ញុំ​បានលើកក្នុ​ង​សវនា​ការ គឺវា​មាន​មូល​ហេតុ​ច្រើ​នទាក់ទងទៅ​នឹងកត្តាបុគ្គលរបស់គាត់។ [អ្នកសារព័ត៌មានសួរ លោក​មេធាវី​​នឹង​ប្តឹង​ឧទ្ធរណ៍​ទេ​?] រង់ចំាពិភាក្សា​ជាមួយកូនក្តីថា​​តើគាត់សម្រេចចិត្តយ៉ាងណាចំពោះបញ្ហានេះ​»។

លោក យុង ផានិត បានបញ្ជាក់ថា តុលាការយកសំណុំរឿង​កូនក្តីរបស់លោក ទៅបំបែកជាពីរ ដោយ​ថា​ សំណុំរឿងទី១ គឺយកដែលជនដែលត្រូវបានចាប់ខ្លួនទៅកាត់ទោសមុន និងសំណុំរឿង​មួយទៀត​ទុក​​ស៊ើប​អង្កេតរក​ជន​ដែល​ពាក់ព័ន្ធ។ លោកថាអ្នកដែលតុលាការមិនទាន់កាត់ទោស និងកំពុង​ស៊ើបអង្កេតនោះ រួម​មាន​ ឈ្មោះ ប៉ូលី ដែលនាំឲ្យលោក ជួប សំលាប់ ស្គាល់​លោក កែម ឡី និងម្នាក់ទៀតឈ្មោះ ចក់ ដែល​លក់​កំា​ភ្លើង​ឲ្យ ​ជួប សំលាប់​។

ករណីនេះ លោក យុង ផានិត បញ្ជាក់ថា តាមនីតិវិធីតុលាការត្រូវ​ធ្វើការស៊ើបអង្កេត​និងចាប់​អ្នក​ពាក់ព័ន្ធ​យកទៅ​ផ្តន្ទាទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ។

លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយហេតុការណ៍ អាជ្ញាធរបាន​ចាប់ខ្លួន​បុរស​តែម្នាក់​ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» ។

មកដល់ពេលនេះមានរយៈពេលជិត១ឆ្នាំហើយសមត្ថកិច្ចនៅមិនវែកមុខ អ្នកនៅពីក្រោយឃាតកម្មនោះ មកដាក់ទោសនៅឡើយ ខណៈតុលាការបង្ហាញកាមេរ៉ាសុវត្ថិភាពនៅពេលជំនុំជម្រះក្តី ធ្វើឲ្យអ្នកលេង​ហ្វេស​ប៊ុក​ប្រតិកម្ម​ថា ក្នុង​វីដេអូ និងរូបភាពដែលតុលាការបង្ហាញនោះ ស្បែកជើងរបស់លោក ជួប សំលាប់ មានភាព​ខុសគ្នា នៅ​ពេល​ធ្វើ​សកម្ម​ភាព​ចូល​បាញ់​សម្លាប់​លោក​ កែម ឡី ក្នុង​ស្តាម៉ាត និង​រូបភាព​សមត្ថ​កិច្ច​ចាប់បាន​។

ទោះជាយ៉ាងណាក៏ដោយ ជាញឹកញាប់ ជួប សំលាប់ តែងបានបញ្ជាក់ថា ខ្លួនជាអ្នកសម្លាប់លោក កែម ឡី ហើយមិនមានអ្នកណាបញ្ជាឬនៅពីក្រោយនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ