បទយកការណ៍៖ ​ពល​រដ្ឋមួយចំនួននៅមានភាពមន្ទិលនៃ​ភស្ភុតាង​លើការ​កាត់​ទោស ​ជួប សំលាប់

ពលរ​ដ្ឋ​ជា​ច្រើន​ដែល​ស្គាល់​លោក​បណ្ឌិត​ កែ​ម ​ឡី បើ​ទោះ​បី​ជា​ពួកគេ​ថា​ធ្លាប់​ជួប​ផ្ទាល់ឬ​ធ្លាប់​ឮតែ​សំឡេង​របស់​លោក​ក្តី នៅ​តែ​បង្ហាញ​ក្តី​អាលះអាល័យ​ទៅ​លើ​ការ​បាត់​បង់​លោក​ ហើយ​កាន់​តែ​មិន​អស់​ចិត្ត​ទៀត​នៅ​ពេល​ឃាតកម្ម​ ដែលមើល​ទៅ​ហាក់​មាន​ការ​រៀប​ចំទុក​នេះ ​ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​កាត់​​ទោសបុរសឈ្មោះ អឿត អាង ​ហៅ​ ជួប ​សំលាប់ ​តែ​ម្នាក់គត់។

អ្នក​វិភាគ​បញ្ហា​សង្គមដ៏​ល្បី​ឈ្មោះម្នាក់​ គឺ​លោក​បណ្ឌិត ​កែម ឡី ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​ទាំង​ព្រឹក​ កណ្តាល​ទី​ក្រុងភ្នំពេញ ដែល​ពោរពេញ​ដោយ​ភាព​ស៊ីវិល័យ​ នាថ្ងៃ​អាទិត្យទី១០កក្កដាឆ្នាំ​២០១៦ ហើយភ្លាមៗនោះ គឺមានឃាតករ​តែ​ម្នាក់​ប៉ុណ្ណោះ​ ដែលត្រូវ​បានសមត្ថកិច្ចឃាត់​​ខ្លួននិង​​​ចោទប្រកាន់ដោយ​តុលាការ​។ អឿត អាង ហៅ ​ជួប សំលាប់ គឺជា​មនុស្ស​តែ​ម្នាក់​គត់ ​ដែល​សារភាពថា ខ្លួន​គឺ​ជា​អ្នក​បាញ់លោក កែម ឡី ​ដោយ​ផ្ទាល់​ និង​ត្រូវ​បាន​តុលាការ​រាជធានីភ្នំពេញ​សម្រេច​នៅ​ថ្ងៃ​នេះ​ដោយ​ឲ្យជាប់​ពន្ធ​នាគារមួយ​ជីវិត​ ពីបទឃាតកម្មគិត​ទុកជា​មុ​ន និង​បទ​កាន់កាប់​ ឬ​ដឹកជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​​អនុញ្ញាត ដោយយោង​តាមមាត្រា​២០០​ និង​មាត្រា​​៤៩០​នៃ​​​ក្រមព្រហ្មទណ្ឌ។

ក្រោយពី​ប្រកាស​សាលក្រម​រួចពល​រដ្ឋ​ជា​ច្រើន​នាក់​ដែល​​ស្គាល់លោក កែម ឡី ​មួយ​ចំនួន​បង្ហាញ​អារម្មណ៍​អស់​សង្ឃឹម​ចំពោះ​យុត្តិ​ធម៌​សម្រាប់​លោក​ កែម ឡី ហើយពួកគេថា មិន​អាច​ទទួល​យ​ក​​ការ​សម្រេច​នេះបានទេ។ មិន​អាច​ទទួល​យក​បាន​ ក៏ព្រោះពួកគេ​លើ​ក​ឡើងថា ​គ្រប់​ភស្ភុតាងនិង​សាក្សីហាក់​ទំនងត្រូវ​បា​នតុលាការនិងអាជ្ញាធរពាក់ព័ន្ធលាក់​បាំងពី​មហា​ជន។

តំណាង​ពលរដ្ឋ​បុរីកីឡា ដែល​បាន​មកតាម​ដាន​ការ​កាត់​ទោ​សនេះ អ្នក​ស្រី ស ស៊ន បាន​ថ្លែង​មិន​ពេញ​ចិត្តទៅ​នឹង​ការ​សម្រេច​នេះដោយ​ថា ជា​ការ​សម្រេច​ដោយ​គ្មាន​ភាព​យុត្តិ​ធម៌សម្រាប់​អ្នក​ស្លាប់​ ព្រោះ​ទាំង​ភស្ភុតាង និង​សាក្សីមិន​ត្រូវ​បាន​បង្ហាញ​ជាក់​លាក់ សូម្បី​តែ​កាមេរ៉ាសុវត្ថិភាព​នៅ​ក្នុង​ស្តារ​ម៉ាតកាល់​តិច ក៏​មិន​ត្រូវ​បាន​តុលាការបញ្ចេញ​ទាំង​ស្រុង​នោះ​ឡើយ។

អ្នក​ស្រីនិយាយថា ៖ «មីង​មិន​ជឿរ​ថា​ជួប​សម្លាប់​ហ្នឹង​ជា​អ្នក​សម្លាប់​ទេព្រោះ​ជួបសម្លាប់​ហ្នឹង​មិន​សាកសមទៅ​នឹង​កា​រ​សម្លាប់​លោក​បណ្ឌិត​កែមឡីហ្នឹង​ទេមិនសាក​សមទេមី​ង​អត់​ទទួល​យកបាន​ទេទោះ​បី​ពីរ​ជិវិតលោកជួបសម្លាប់ ក៏​អត់​អាច​ទទួល​យក​បាន​ដែរព្រោះ​អីវា​អយុត្តិ​ធម៌​ណាស់​សម្រាប់​អ្នក​និយា​យការពិតអ្នក​ដែល​ហ៊ាន​បញ្ចេញ​មតិ​គឺ​វា​អយុត្តិ​ធម៌​ខ្លាំង​ណាស់ មីងអត់​អាច​ទទួល​យក​បាន​ដាច់​ខាត​គឺ​អត់​អាច​ទទួល​យក​បាន! … តុលាការ​មិន​ឯក​រាជ្យ​សាក្សី​មិន​គ្រប់​គ្រាន់ជួប​សម្លាប់​មិន​ដែល​និយាយ​ឲ្យ​ពិត​ៗ​ទេនិយា​យ​កាឡៃ​ទៅ​លិច​ទៅ​កើតអញ្ចឹង​ហើយ​បាន​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​អត់​អាច​ទទួល​យក​បាន​ទេ»។

កំពុង​ឈរ​ផ្អែក​រ៉ឺម៉កកង់​បីនៅ​មុខពហុកីឡដ្ឋានជាតិ​អូឡាំ​ពិចបណ្តើរ និងនិយាយជា​មួយ​ម្ចាស់​រ៉ឺម៉ក​បណ្តើរ​​​​​​ពី​រឿង​ឃាតកម្ម​លើ​លោក កែម ឡី លោក​ ឆាយ​ យី បាន​ឆ្លៀតពេលបន្តិចដើម្បី​ផ្តល់បទ​សម្ភាសន៍​ជា​មួយ​​អ្នក​យក​ព័ត៌មាន​វី​អូ​ឌីថា លោក​ធ្លាប់ស្តាប់ការ​វិភាគ​របស់​លោក​ កែម ឡី និង​បាន​ចូល​រួម​ហែ​សព​លោក​ទៅ​ខេត្តតាកែវ​ទៀត​ផង។ ចំពោះ​ការសម្រេច​របស់​តុលាការ​នៅ​ថ្ងៃនេះ លោក​ថា លោកមិនទាន់​អាចទទួល​យក​បាន​នោះ​ទេចំពោះ​ការ​សម្រេច​នេះ លោក​ថា ​អ្វី​ដែល​ធ្វើ​ឲ្យ​ប្រជា​ជន​ដូច​ជា​រូប​លោក​នៅមា​ន​ការ​សង្ស័យ​នោះគឺ ទាំងភស្ភុតា​ង និង​សាក្សីនៃសំណុំ​រឿង​ឃាត​កម្ម​លើ​លោក​ កែម ឡី នេះហាក់​ត្រូវ​បាន​បាន​បិទ​បាំងច្រើនមើល​ទៅ​ក្នុង​ន័យ​ការ​ពារ​អ្វី​មួយ។ លោក​បន្ថែម​ថា​ ជួប​ សំលាប់ តែ​ឯង ​ពិតជា​មិន​អាច​ធ្វើ​រឿង​នេះ​បាន​នោះ​ទេ។

លោក ​ឆាយ ឃី៖​ «ព្រោះ ​អឿត អាង ​មើល​ទៅ​គាត់​មិន​ដឹក​នៅ​ណា​នោះ​ ហើយ​មើ​ល​ទៅ​សាច់​ឈាម​គាត់​ទៅដូច​ជា​ទុរគត​ជន​អី​ដែរ​ណាបើ​យើ​ង​មើល​ទៅក្នុង​នាម​ជា​ប្រជា​ពល​រដ្ឋ​គ្រាន់​តែ​យើង​សង្ស័យធម្មតា​សាច់​ឈាម​អ្នក​មាន​លុយ​ច្រើ​ន​វារាង​ជ្រះ​ថ្លាដែរ​ណាហើយ​គាត់​អី​ខ្ញុំ​មិន​មើល​ងាយ​ខ្មែរ​យើង​ទេ​តែ​គាត់ មើល​ទៅ​រៀង​ខ្សត់​ខ្សោយ​ដែរ​ណាមិន​មាន​លទ្ធភាព​អី​ឲ្យ​បណ្ឌិត​ កែម​ ឡី ខ្ចីលុយពាក់​ព័ន្ធ​រឿង​ហ្នឹង​ណា» ។

នៅក្បែរលោក លោក​ ឆាយ​ យី គឺជាលោក ម៉ៅ យូ​រ៉ា ​ដែល​កំពុង​និយាយ​ពី​រឿង​នេះ​ដែរ ​ដោយថា​លោក​មិនទាន់​អស់​ចិត្ត​នោះ​ទេ ចំពោះ​តុលាការ​លើ​ករណី​ឃាត​កម្ម​លោក​ កែម ឡី នេះ។ លោក​ថាអ្វី​ដែល​លោក​មិន​អាច​ទទួល​យក​បាន​គឺ​ភស្ភុតាងជា​វី​ដេអូក្នុង​ស្តាម៉ាតកាល់តិច មិនត្រូវ​បានគេ​បញ្ចេញ​គ្រប់​ពី​សកម្មភាព​នៃ​ឃាត​កម្ម ហើយ​ពិ​សេស​ទៀតសាក្សី​សំខាន់​ នៃ​អំពើរ​ឃាតកម្ម​នេះ គឺ​បុគ្គលិក​នៅ​ហាង​​​សាំង​កាល់​តិច​មិន​មាន​អ្នក​ណា​មួយ​ហ៊ាន​ចេញ​មុខ​​ធ្វើ​សាក្សី​ ឬ​ត្រូវ​បាន​តុលាការ​កោះ​ឲ្យ​មក​សាកសួរ​នោះ​ទេ។

លោក​ថា៖ «នេះ​បើ​ខ្ញុំ​គិតតាម​ផ្លូវ​វ​ច្បាប់​នោះ​ បំណាច់​ហ្នឹង​គេ​ចាប់​ហើយ​គេកាត់​ទោស​តាម​ច្បាប់​នោះ​វា​ត្រឹមត្រូវ​តាម​ច្បាប់​មួយ​ផង​ដែរ។ ប៉ុន្តែ​ធ្វើ​ឲ្យគេអស់​ចិត្ត​គេ​មិន​ទាន់​អស់​ចិត្ត​ទេ​ព្រោះ​អីដូច​បាន​សម្ភាសន៍​គាត់​មិញ​នោះ​ថាអ្វី​ដែល​យើង​មិន​ទាន់​ដឹងច្បាស់​នោះ​គឺ​អត់​មាន​សាក្សីថា​តើ​អ្នក​សម្លាប់​នោះ​វាចេញពី​ប្រភព​ណា​ច្បាស់​លាស់ ហើយ​វា​បាញ់ហ្នឹង​របៀប​ម៉េចឃើញ​ដួល​ឃើញ​អី​យើង​បង្ហាញ​គេ​ដូច​សាច់​រឿង​អញ្ចឹង​ទៅណាអាហ្នឹង​ទើប​យើង​អាច​ជឿជាក់​បានតែ​យើង​ច្បិច​យក​ទិដ្ឋភាព​តិច​ៗ​យក​មកអា​ហ្នឹង​យើង​ពិបាក​ជឿណាស់»។

​ទោះ​ជាយ៉ាង​ណា​កាលពី​ថ្ងៃទី២មីនា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ​លោក លី សុផាណា បានឆ្លើយទៅ​នឹង​សំណួរ​អ្នក​សារព័ត៌​មានតាម​រយៈ​​​តេ​ឡេ​ក្រាម​ថា ភស្តុតាង​ដែលតុលាការ​បង្ហាញ​ក្នុងអង្គ​សវនាការនោះ ធ្វើតាមបែប​បច្ចេក​ទេស​​វិទ្យា​សា​ស្ត្រ​​ពិត ​ក្នុងន័យនេះទំនង​ជាលោកថា​មិនចំា​បាច​បង្ហាញពីសកម្មភាពឃាតកបាញ់លោក កែម ឡី ផ្ទាល់ផ្សេង​ទៀត​​នោះ​ទេ​។​

លោកសរសេរថា៖ «សវនការបានបង្ហាញឲ្យ​ឃើញរួចហើយនូវសកម្មភាព​របស់​ជនជាប់ចោទ​ដែល​ត្រូវ​​បាន​​ថត​ដោយ​​កា​ម៉េរ៉ា​សុវត្ថិភាពរបស់ស្ថានីយប្រេងកាល់តិច។ ភស្តុតាងនេះបា​នចាប់​យកពី​កន្លែង​កើត​ហេតុ​​ផ្ទាល់​​និង​មាន​លក្ខណៈវិទ្យាសាស្រ្តពិត​»។

ការ​ប្រកាស​សាល​ក្រម​របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញនាព្រឹក​ថ្ងៃទី២៣មីនា​នេះ ​ពុំ​មាន​សាច់​ញាត្តិ​ណា​ម្នាក់​របស់​លោក​ កែម ឡី ចូល​រួម​ស្តាប់​សវនា​ការ​នោះ​ទេ។

បើតាម​គណីនេយ្យហ្វេស​ប៊ុក​លោក​ សេង សាន (Sang Sann) ដែលទំនងជាស្និតនឹងភរិយាលោក កែម ឡី ត្រូវបានដកស្រងសម្តីអ្នកស្រី ប៊ូ រចនា ថា «អ្នក​ស្រី​គ្មាន​ជំនឿ​លើ​តុលាការ​កម្ពុជា​ ក្នុង​ការ​រក​យុត្តិ​ធម៌​ជូន​ប្តី​អ្នក​ស្រី និង​ក្រុម​គ្រួសារ​ទេ»។

សម្រាប់​ពលរដ្ឋ ​ដែល​មិនអស់​ចិត្ត​ទៅ​នឹង​ការ​សម្រេចរបស់​តុលាកា​រ​នេះ ​ពួកគេ​ចង់​ឲ្យ​តុលាការ​ស្វែង​រកភស្ភុតាងបន្ថែម ជា​ពិសេស​សាក្សី​ដែល​នៅ​ក្នុង​ស្តាម៉ាតកាល់​តិច​នៅ​ថ្ងៃ​ដែល​លោក​ កែម​ ឡី ត្រូវ​បានបាញ់​សម្លាប់​នោះមក​សាកសួរដើម្បី​ស្វែង​រក​ការពិតនៃ​រឿង​នេះ និង​អ្នក​នៅ​ពីក្រោយ​ពិត​ប្រកដ​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

លោក យូរ៉ា៖ «វី​ដេអូ​ហ្នឹង​ឃើញ​តែ​ជ្រុង​ខ្លះ​ដូច​ថា​ឃើញ​រត់​ឃើញ​អី​អញ្ចឹង​ណា! វា​ប្រៀប​ដូច​ជា​សាច់​រឿង​អញ្ចឹង​ដែល​លេង​តែ​មួយ​កំណាត់ ឬ​ក៏យក​តែ​មួយ​ឈុត​ៗ​យក​មក​ដាក់​អញ្ចឹង​វា​អត់​ដឹង​សាច់​រឿង​ណា។ ដូច​ពេល​រត់​ថត​អារត់​អញ្ចឹង​ទៅ​ណាតែ​អា​ពេល​បាញ់​កាន់​កាំ​ភ្លើង​វា​អត់​ឃើញ»។

លោក ឆាយ ឃី៖ «បាទ​! ត្រូវ​ការ​សាក្សី​សួរ​នាំ​បន្ថែម​ទៀត​ដើម្បីឲ្យ​ដឹង​រឿង ក៏​ប៉ុន្តែ​តាម​ដែរ​ខ្ញុំ​ធ្លាប់​ឭកន្លង​មក​ដូច​ដែល​រឿងពាក់​ព័ន្ធ​នឹង​នយោបាយប្រជា​ពល​រដ្ឋ​យើង​មិន​សូវ​ហ៊ាន​ទេខ្លាច! រដ្ឋាភិបាល​យើង​ធ្វើ​បាប​ផ្លូវកាយផ្លូវ​ចិត្ត​អី​ទៅណាកន្លង​មក​ប្អូន​ដឹង​ស្រាប់​ហើយ​នយោបាយ​ស្រុក​យើង​មិន​បាន​ទេ»។

ក្រោយប្រកាសសាលក្រមករណីឃាតកម្មលោក កែម ឡី នៅថ្ងៃនេះដែរ សមាគមនិងអង្គការប្រមាណជាង៦០ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យឡើងវិញលើករណីលោក កែម ឡី។

ក្នុងសេចក្តីថ្លែងការរួមនោះ ពួកគេបានលើកឡើងថា៖ «ថ្វីបើមានភស្ភុតាងគួរឲ្យជឿជាក់ថា អឿត អាង គឺជា​ខ្មាន់កាំ​ភ្លើង ដែលបានបាញ់និងសម្លាប់លោក កែម ឡី យ៉ាងណាក្តី កង្វះតម្លាភាព​ក្នុងការស៊ើបអង្គេត​លើការ​ស្លាប់របស់លោក កែម ឡី នីតិវិធីជំនុំជម្រះខ្លីពេក និងការខកខាន​ក្នុងការស៊ើបអង្កេត​​ឲ្យបានពេញលេញជុំវិញមូលហេតុ អ្នកសមគំនិត និងស្ថានភាពនៃការចាប់ខ្លួន អឿត អាង ដែលជាបញ្ហាទាំងអស់នេះ ជាក្តីបារម្ភជាខ្លាំងអំពីភាពពេញលេញនៃដំណើរការព្រហ្មទណ្ឌលើករណីមួយនេះ។ ដោយសារតែការស៊ើបអង្កេតមិនគ្រប់គ្រាន់ជុំវិញឃាតកម្មលោក កែម ឡី ក៏ដូចជានីតិវិធីសវនាការជំនុំជម្រះ យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមអំពាវនាវឲ្យបង្កើតគណៈកម្មាការស៊ើបអង្កេតឯករាជ្យមួយក្នុងការស៊ើបអង្កេតពីស្ថានភាពទាំងមូលនៃឃាតកម្មនេះ ដើម្បីឲ្យស្របតាមការអនុវត្តល្អបំផុតជាអន្តរជាតិ»។

ទោះជាយ៉ាងណានៅព្រឹកមិញនេះ មេធាវីការពារក្តីឲ្យជួប សំលាប់ លោក យុង ផានិត បានបញ្ជាក់ថា តុលាការ​សម្រេច​យកសំណុំរឿងកូនក្តី​របស់លោក ទៅបំបែកជាពីរដោយថា សំណុំរឿងទី១ គឺយកដែលជន​ដែលត្រូវ​បានចាប់ខ្លួន​ទៅកាត់ទោសមុន និងសំណុំរឿងមួយទៀតទុកស៊ើបអង្កេតរកជនដែលពាក់ព័ន្ធ។ លោកថាអ្នក​ដែលតុលាការ​មិនទាន់កាត់ទោស និងកំពុងស៊ើបអង្កេតនោះ រួមមាន ឈ្មោះ ប៉ូលី ដែលនាំឲ្យលោក ជួប សំលាប់ ឲ្យស្គាល់លោក កែម ឡី និងម្នាក់ទៀតឈ្មោះ ចក់ ដែលលក់កំាភ្លើងឲ្យ ជួប សំលាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ