អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិជំរុញ UN ចាត់ការបន្ថែមលើកម្ពុជា

អង្គការអន្ដរជាតិមួយចូលរួមថ្កោលទោសបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា និងស្នើទៅអង្គការសហប្រជាជាតិ(UN)ឲ្យចាត់វិធានការចាំបាច់នានាបន្ថែម​ ដើម្បីកុំឲ្យប្រទេសនេះធ្លាក់ចូលក្នុងរបបផ្ដាច់ការ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) និយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីម្សិលមិញថា ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានទទួលបរាជ័យក្នុងការចាត់វិធានការចាំបាច់ ដើម្បីកុំឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបផ្ដាច់ការជាថ្មីម្ដងទៀត។

អង្គការអន្ដរជាតិមួយនេះយល់ថា ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដាខាងមុខ គឺមិនមានភាពស្របច្បាប់ឡើយ ប្រសិនបើគ្មានអតីតគណបក្សសង្គ្រោះជាតិចូលរួម។ អង្គការ Human Rights Watch ក៏ស្នើទៅឧត្តមស្នងការ​ និងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជំរុញឲ្យដោះលែងអ្នកទោសនយោបាយទាំងអស់ និងចូលរួមឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា។

ក្នុងសេចក្ដីថ្លែងការណ៍ អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិលើកឡើងថា៖ «ក្រុមប្រឹក្សាសិទ្ធិមនុស្ស បានទទួលបរាជ័យក្នុងការចាត់វិធានការដ៏មានអត្ថន័យ។ ជាថ្មីម្ដងទៀត ប្រទេសកម្ពុជា​ កំពុងស្ថិតនៅលើវិថីក្លាយជារដ្ឋដឹកនាំដោយបក្សតែមួយ។ ឧត្តមស្នងការ គួរតែមានភារកិច្ចរាយការណ៍នៅកំឡុងពេលបោះឆ្នោតទាំងមូល។ ក្រុមប្រឹក្សាសិទ្ធិមនុស្សគួរទាមទារឲ្យដោះលែងអ្នកទោសនយោបាយ និងនាំមកដូចដើមវិញនូវគណបក្ស និងអ្នកនយោបាយទាំងអស់។ ក្រុមប្រឹក្សាសិទ្ធិមនុស្ស មិនគួរឈរនៅដោយឥតបានការ ខណៈកម្ពុជាកំពុងធ្លាក់ចូលទៅក្នុងរបបផ្ដាច់ការ»

ក្នុងកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២១មីនាកន្លងទៅថ្មីៗនេះ ប្រទេសចំនួន៤៥ បានបង្ហាញក្ដីបារម្ភជាថ្មីអំពីស្ថានការណ៍នយោបាយ និងបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា ដូចជា ការរំលាយគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា ការហាមឃាត់មិនឲ្យអតីតមន្ដ្រីបក្សប្រឆាំង១១៨រូបធ្វើនយោបាយ ការយាយីក្រុមអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននៅមុនការបោះឆ្នោត។​

បន្ទាប់ពីតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងដ៏ធំចោលនោះ សហគមន៍អន្ដរជាតិ នាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានព្រមានដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ដោយថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងរំលោភសិទ្ធិពលរដ្ឋ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ