ក្រសួងយុត្តិធម៌រំឭកឲ្យចាត់វិធានការមន្ត្រីសង្គមស៊ីវិលតាមការលើកឡើងរបស់កញ្ញាខុម ចាន់តារាទី

កញ្ញា ខុម ចាន់តារាទី ហៅ​ស្រីមុំ ក្រោយពេល​បញ្ចប់​ការសាកសួរ​របស់​តុលាការ​ កាលពីពេលកន្លងទៅ

រសួងយុត្តិធម៌ នៅថ្ងៃអាទិត្យនេះ បានរំឭកសមត្ថកិច្ចឲ្យចាត់វិធានការណ៍ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយក្រសួងថា អ្នកទាំងនោះបានរំលោភច្បាប់ ជំរុញឲ្យកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ផ្តល់ចម្លើយភូតកុហកសមត្ថកិច្ច ទាក់ទិននឹងសំនុំរឿងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។

កញ្ញាខុម ចាន់តារាទី ពីដំបូងបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងមិនធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដូចខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលបានបង្ហោះនិងចោទប្រកាន់នាងដូចការចោទប្រកាន់នោះទេ ព្រមទាំងទៅរកសមាគមការពារសិទ្ធិមនុស្សអាដហុក ជួយអន្តរាគមន៍ផ្លូវច្បប់ជួយរកយុត្តិធម៌ឲ្យនាងទៀតផង។ ប៉ុន្តែក្រោយមកនាងបានសារភាពនៅតុលាការថា នាងពិតជាមានទំនាក់ទំនងជាមួយលោក កឹម សុខាពិតមែន។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៣ ខែមេសានេះ ក្រសួងយុត្តិធម៌បានលើកឡើងថា យោងតាមការចុះផ្សាយលិខិតចំហ៤ទំព័រ របស់កញ្ញខុម ចាន់តារាទី ហៅស្រីមុំ ក្រសួងរថា មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បានជាប់ពាក់ព័ន្ធក្នុងការជំរុញឲ្យកញ្ញា ខុម ចាន់តារាទី ផ្តល់ចម្លើយមិនពិត ដល់សមត្ថកិច្ច ពីទំនាក់រវាងនាង និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ជាថ្នូរនឹងការសន្យាថានឹងបញ្ជូនកញ្ញាខុម ចាន់តារាទី ទៅរស់នៅក្រៅប្រទេស ។

ក្រសួងយុត្តិធម៌បាន ថ្កោលទោសទៅនឹងទង្វើទាំងនោះ ដោយចាត់ទុកថា ជាទង្វើខុសច្បាប់ នឹងបានអំពាវនាវឲ្យអាជ្ញាធរមានសមត្ថកិច្ចបើកកាស៊ើបអង្កេតបន្ថែម ដែលក្រសួងថា ដើម្បីឈានទៅចាត់វិធានម៉ឺងម៉ាត់បំផុត។

ក្រសួងយុត្តិធម៌បានលើកឡើងថា ទាំងនោះមានមន្ត្រីនៅសមាគមការពារសិទ្ធិមនុស្សអាដហុក  លោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត ប្រធានអង្គការសីលការ លោកស្រី ធីតា ឃឹះ មន្ត្រីអង្គការសិទ្ធិមនុស្សUN លោក ស៊ីន សាលី និងលោក ស៊ាង ចែត មេឃុំស្រុកកំពង់សៀម ខេត្តកំពង់ចាមជាដើម។

ក្រសួងយុត្តិធម៌ថា៖សោកស្តាយចំពោះទង្វើរបស់អង្គការសង្គមស៊ីវិលទំាងអស់ ដែលគួរតែមានតួនាទីការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនិងការគោរពច្បាប់ តែផ្ទុយទៅវិញបែរជានាំគ្នាប្រព្រឹត្តអំពើល្មើសច្បាប់ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេរីភាពនិងសេចក្តីថ្លៃថ្នូររបស់កញ្ញា ខុម ចាន់តារ៉ាទី ហៅស្រី មុំ ព្រមទំាងគោលការណ៍នីតិរដ្ឋ”។

វីអូឌី(VOD)នៅមិនទាន់អាចទាក់ទងកញ្ញាខុម ចាន់តារាទី ដើម្បីបញ្ជាក់ថា តើលិខិតចំហទំាង៤ទំព័រនោះ នាងសរសេរខ្លួនឯងឬក៏យ៉ាងណានៅឡើយទេ ដោយទូរសព្ទមិនអាចទាក់ទងបាន។

ប្រធានអង្គការសីលការលោកស្រី ធីតា ឃឹះ បានច្រានចោលការចោទប្រកាន់នេះ ដោយលោកស្រី អះអាងថា លោកស្រីមិនបានបង្គាប់បញ្ជាឲ្យកញ្ញា ស្រី មុំ ឲ្យនិយាយកុហកមហាជន សារព័ត៌មាន និងសមត្ថកិច្ច ដូចក្នុងសេចក្តីថ្លែងការណ៍ក្រសួងយុត្តិធម៌នោះទេ។

លោកស្រីថា មិនព្រួយបារម្ភពីសុវត្ថិភាពនោះទេខ្ញុំជឿទៅលើរឿងយុត្តិធម៌ ខ្ញុំជឿទៅលើអ្វីដែលជាការពិត ដូច្នេះបើខ្ញុំអត់បានធ្វើ មិនសូវជាបារម្ភទេ យើងចំាមើលរឿងហ្នឹងទំាងអស់គ្នាតទៅទៀត”។

ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមសិទ្ធិមនុស្សអាដហុកលោក នី សុខា សម្តែងការសោកស្តាយ ចំពោះក្រសួងយុត្តិធម៌ដែលចេញសេចក្តីថ្លែងការណ៍យោងតាមលិខិតចំហរបស់ស្រី មុំ ដោយលោកថា មិនបានពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយ ដោយលោកថា សមាគមអាដហុកធ្វើការងារឈលើស្មារតីទទួលខុសត្រូវ មិនបង្ខំឲ្យអ្នកដែលមករកជំនួយផ្នែកច្បាប់និយាយខុសពីការពិតនោះទេ៖ជាទូទៅសមាគមអាដហុក ដែលទទួលជនរងគ្រោះដែលបានមកប្តឹងនៅសមាគមន៍ ហើយជាគោលការណ៍សមាគមមិនដែលបានទៅណែនាំបញ្ចុះបញ្ជូលជនរងគ្រោះឲ្យឆ្លើយនូវអ្វីដែលមិនមែនជាការពិតទេ ជាពិសេសមានតែយើងបញ្ជាក់ជនរងគ្រោះឲ្យឆ្លើយអ្វីដែលជាភាពត្រឹមត្រូវ ភាពច្បាស់លាស់របស់ខ្លួន ជាពិសេសទៀត យើងគ្រាន់តែជួយធ្វើម៉េចពង្រឹងនូវស្មារតីជនដែលមកកុំឲ្យមានការភ័យខ្លាចក្នុងការឆ្លើយ កាលណាឆ្លើយក្នុងការភ័យខ្លាច វានាំឲ្យមានបញ្ហា គឺព័ត៌មាននោះមិនពិតប្រាកដ”។

លោក នី សុខា បញ្ជាក់ថា ក្រសួងយុត្តិធម៌គួរតែចូលទៅវេបសាយរបស់សមាគមអាដហុក ដើម្បីមើលខ្សែ វីដេអូ ដែលសមាគមបានថតអំឡុងពេលកញ្ញាស្រី មុំ មកសុំឲ្យអាដហុកជួយ ដោយពុំមានការបង្ខិតបង្ខំឲ្យនិយាយខុសពីការពិតនោះទេ”គាត់បានឆ្លើយនៅក្នុងខ្សែវីដេអូ ហើយយើងមានតែខិតខំបញ្ជាក់ប្រាប់គាត់នៅក្នុងខ្សែវីដេអូថាចំលើយដែលគាត់ឆ្លើយ គឺជាចំលើយដែលគាត់ឆ្លើយដោយគ្មានការបង្ខិតបង្ខំទេ ហើយគាត់បានបញ្ជាក់ហើយ បញ្ជាក់ទៀតទៅក្នុងហ្នឹង ប៉ុន្តែយើងមិនស្មានថាគាត់ បែរជាទៅសរសេរព័ត៌មានមួយដែលវាមិនមែនជាការពិត”

ទោះជាយ៉ាងណាក្រសួងយុត្តិធម៌បានអំពាវនាវឲ្យសាធារណជន និងអង្គការសង្គមស៊ីវិលទាំងអស់ចូលរួមលើកកម្ពស់ ការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូរ របស់ស្ត្រី ពង្រឹងការអនុវត្តច្បាប់ និងគោលការណ៍នីតិរដ្ឋ។

ប៉ុន្តែសម្រាប់អ្នកតាមដានសង្គមវិញយល់ថា កញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ត្រូវបានគេយកមកធ្វើជាឧបករណ៍នយោបាយ ដើម្បីទាញទម្លាក់ប្រជាប្រិយភាពបក្សប្រឆាំង។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ