អ្នក​ការពារ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ស៊ើប​អង្កេត​ដោយ​គ្មាន​ការ​រើស​អើង​លើ​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី

នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី (ហ្វេសប៊ុករបស់លោក)

នាយិកា​មជ្ឈ​មណ្ឌល​សិទ្ធិ​កម្ពុជា អ្នក​ស្រី ចក់ សុភាព បាន​ជំរុញ​ទៅ​អាជ្ញាធរ​ឲ្យ​​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ និង​ដោយ​គ្មាន​ការ​រើស​អើង ទៅ​លើការ​ចោទ​ប្រកាន់​ថា នាយក​រង​វិទ្យុ​អាស៊ី​សេរី​ផ្សាយ​ជា​ភាសា​ខ្មែរ លោក ជុន ច័ន្ទបុត្រ បាន​បន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ។

កាល​ពី​ថ្ងៃ​ទី​១៩ ខែ​មេសា​ លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ ត្រូវ​បាន​គេ​ឃើញ​មាន​វត្តមាន​ជាមួយ​តំណាង​រាស្ត្រ ២​រូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ពួកគេ​ចូល​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស។

វត្តមាន​លោក ជុន ច័ន្ទបុត្រ ត្រូវ​បាន​ក្រុម​អ្នក​គាំ​ទ្រ​បក្ស​កាន់​អំណាច​ចាត់​ទុក​ជា​ការ​បន្លំ​ខ្លួន​ និង​ភូត​កុហក​សមត្ថកិច្ច ក្រោយ​ពី​នាយក​រង​វិទ្យុ​អាស៊ី​សេរី​រូប​នេះ ត្រូវ​បាន​គេ​ចុះ​បញ្ជី​ដាក់​ថា​ជា​ជំនួយ​ការ​របស់​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង។

ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក ជុន ច័ន្ទ​បុត្រ ច្រាន​ចោល ដោយ​អះ​អាង​ថា លោក​មិន​បាន​បន្លំ​ខ្លួន​នោះ​ឡើយ ហើយ​លោក​បាន​បង្ហាញ​អត្តសញ្ញាណ​ពិត​ប្រាកដ​ទៅ​សមត្ថកិច្ច​ទៀត​ផង។

មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បញ្ជាក់​ថា លោក ជុន ច័ន្ទបុត្រ អាច​ជាប់​ពន្ធនារគារ ប្រសិន​បើ​ត្រូវ​បាន​រក​ឃើញ​កំហុស​នោះ ព្រះ​រាជ​អាជ្ញា​រង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក សៀង សុខ បាន​កោះ​ហៅ​លោក ជុន ច័ន្ទបុត្រ ឲ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​ឧសភា​ខាង​មុខ​នេះ។

អ្នកស្រី ចក់ សុភាព បាន​លើក​ឡើង​នៅ​លើ​ហ្វេសប៊ុក​របស់​អ្នកស្រី​ថា ការ​កោះ​ហៅ​អ្នក​សារព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​នេះ គឺ​ជា​ក្ដី​បារម្ភ​ដ៏​សំខាន់ ហើយ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ត្រូវតែ​ទទួល​បាន​ការការពារ។

អ្នក​ស្រី​បាន​ជំរុញ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ពេញ​លេញ ដោយ​គ្មាន​ការ​រើស​អើង​ ដែល​ឈរ​លើ​ហេតុផ​ល​ថា លោក ជុន ច័ន្ទបុត្រ បម្រើ​ការ​នៅ​វិទ្យុ​អាស៊ី​សេរី ដែល​តែង​តែ​រិះគន់​មន្ត្រី​រដ្ឋាភិបាលនោះ​ឡើយ។

អ្នក​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះ ក៏​បាន​ជំរុញ​ទៅ​អាជ្ញាធរ​កម្ពុជា ឲ្យ​បើក​ទូលាយ​ពន្ធនាគារ​សម្រាប់​អ្នក​សរព័ត៌មាន និង​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​សាធារណជន​បាន​ឃើញ​ពី​ស្ថានភាព​ដ៏​អាក្រក់ ដែល​អ្នក​ទោស អ្នក​ជាប់​ឃុំ ក្នុង​នោះ​មាន​ទាំង​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ផង​ដែរ កំពុង​ប្រឈម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ