មេដឹកនាំបក្សប្រឆាំង លោក កឹម សុខា នៅព្រឹកថ្ងៃនេះ បានលើកឡើងថា គណបក្សរបស់លោកប្រកាន់ខ្ជាប់នូវគោលការណ៍ដោះស្រាយបញ្ហាដោយអហិង្សា និងគ្មានសង្គ្រាមនោះឡើយ ដែលនេះគឺជាការឆ្លើយតបទៅនឹងការព្រមានរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការកើតឡើងសង្គ្រាមឡើងវិញ ប្រសិនបើបក្សកាន់អំណាចចាញ់ឆ្នោត។
កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ លោក ហ៊ុន សែន បានថ្លែងព្រមានជាថ្មីទៀតថា កម្ពុជាអាចនឹងផ្ទុះសង្គ្រាម ប្រសិនបើគណបក្សប្រជាជនកម្ពុជារបស់លោក មិនអាចបន្តកាន់អំណាចទៀតនោះ។
លោកបានចោទជាសំណួរថា តើសន្តិភាពនៅកម្ពុជាអាចត្រូវបានធានាឬទេ ដោយលោកថា បើការជេរប្រទេច ការលាបពណ៌គ្នា និងការប្រមាថមាក់ងាយនៅតែបន្តកើតមានក្នុងចំណោមមេដឹកនាំនយោបាយ និងអ្នកគាំទ្ររបស់គេ។
ថ្លែងទៅកាន់អ្នកគាំទ្ររបស់ខ្លួននៅឯខេត្តតាកែវនៅព្រឹកថ្ងៃនេះ លោក កឹម សុខា បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិប្រកាន់យកគោលការណ៍អហិង្សា តាមយន្តការប្រជាធិបតេយ្យ អាស្រ័យតាមឆន្ទៈរបស់ពលរដ្ឋ។
លោក កឹម សុខា បានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកលោកថា គ្មានសង្គ្រាមនោះឡើយ ដោយថា នៅពេលគណបក្សប្រឆាំងឈ្នះ ខ្មែរទាំងអស់ជាអ្នកឈ្នះ មិនគុំគួនសងសឹកគ្នា និងមិនយកខ្មែរណាធ្វើជាសត្រូវនោះឡើយ៕