អ្នក​ជំនាញ​កសិកម្ម​ព្យាករ​ថា តម្លៃ​ម្រេច​កម្ពុជា​នឹង​បន្ត​ធ្លាក់​តម្លៃ​ក្រោយ​អឺរ៉ុប​ចាត់​វិធានការ​ថ្មី

ចម្ការ​ម្រេច​(រូបភាពពី​ហ្វេស​ប៊ុក​​លោក​បណ្ឌិត យ៉ង់ សាំងកុមារ ​)

អ្នក​ជំនាញ​កសិកម្ម​កម្ពុជា បាន​លើក​ឡើង​ថា តម្លៃ​ម្រេច​កម្ពុជា​អាច​បន្ត​ធ្លាក់​ថ្លៃ​បន្ថែម​ទៀត ក្រោយ​ពី​សហភាព​អឺរ៉ុប​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ម្រេច​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ពុល​ខ្ពស់​ពី​ប្រទេស​វៀតណាម។

លោក​បណ្ឌិត យ៉ង់ សាំងកុមារ អតីត​ប្រធាន​អង្គការ​កសិកម្ម​សេដាក បាន​លើក​ឡើង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ​ថា តម្លៃ​ម្រេច​កំពុង​ធ្លាក់​ចុះ ហើយ​អាច​នឹង​បន្ត​ធ្លាក់​ចុះ​ទៀត ដោយសារ​តែ​សហភាព​អឺរ៉ុប​កំពុង​រឹត​បន្តឹង​តាម​រយៈ​ការ​ទម្លាក់​អត្រា​ជាតិ​ពុល​មេតាឡាស៊ីល (metalaxyl) ពី​ ០.១​ppm មក​នៅ​ត្រឹម ០.០៥​ppm។

អ្នក​ជំនាញ​កសិកម្ម​រូប​នេះ បាន​អះ​អាង​ថា វិធានការ​ថ្មី​នេះ នឹង​ប៉ះ​ពាល់​ទៅ​ដល់​​វិស័យ​ម្រេច​របស់​ប្រទេស​វៀតណាម ប៉ុន្តែ ក៏​ប៉ះ​ពាល់​ដល់​​ម្រេច​របស់​កម្ពុជា​ផង​ដែរ ដោយ​លោក​ថា នោះ​ក៏​ព្រោះ​តែ​វៀតណាម​បាន​ទិញ​ម្រេច​ពី​ប្រទេស​កម្ពុជា​សម្រាប់​នាំ​ចេញ​ទៅ​អឺរ៉ុប​ផង​ដែរ។

បើ​តាម​លោក យ៉ង់ សាំងកុមារ វៀតណាម​បាន​នាំ​ចេញ​ម្រេច ៤​ម៉ឺន​តោន​ក្នុង​មួយ​ឆ្នាំៗ ទៅ​​​ផ្គត់​ផ្គង់​ទីផ្សារ​អឺរ៉ុប ប៉ុន្តែ ម្រេច​នាំ​ចេញ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ផ្ទុក​សារធាតុ​គីមី​ពុល​មេតាឡាស៊ីល​លើស​ពី​ច្បាប់​កំណត់។

វិធាន​ការ​ថ្មី​នេះ បាន​កើត​ឡើង​តែ​ប៉ុន្មា​នខ្មែរ​​ក្រោយ​ពី​សហភាព​អឺរ៉ុប​ក៏​បាន​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​អង្ករ​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ទ្រីស៊ីក្លាហ្សូល​ខ្ពស់​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ