អាមេរិក​អះ​អាង​ថា នាវា​ផ្ទុក​យន្តហោះ​ខ្នាត​យក្ស​ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​សមុទ្រ​ជប៉ុន​ប៉ុន្មាន​ថ្ងៃ​ទៀត

នាវាផ្ទុកយន្តហោះខ្នាតយក្ស​របស់​អាមេរិក​(រូបភាពពីទីភ្នាក់ងារ​ AFP)

អនុ​ប្រធានាធិបតី​អាមេរិក លោក Mike Pence បាន​ថ្លែង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា នាវា​ដឹក​យន្ត​ចម្បាំង​ដ៏​ធំ​របស់​អាមេរិក​ឈ្មោះ Carl Vinson នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​សមុទ្រ​ជប៉ុន​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP  បាន​ផ្សាយ​បន្ត​ថា លោក Pence បាន​លើក​ឡើង​បែប​នេះ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​មាន​ចោទ​សួរ​ថា តើ​នាវា​ផ្ទុក​យន្តហោះ​ដ៏​ធំ​មួយ​នេះ ស្ថិត​នៅ​កន្លែង​ណា ចាប់​តាំង​ពី​វា​ត្រូវ​បាន​គេ​ប្រកាស​ថា ធ្វើ​ដំណើរ​ទៅ​ជិត​ឧប​ទ្វីប​កូរ៉េ​កាល​ពី​សប្ដាហ៍​មុន ចំ​ពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ និង​ការ​បាញ់​គ្រាប់​មីស៊ីល​ពី​សំណាក់​កូរ៉េ​ខាង​ជើង។

ប៉ុន្តែ កង​ទ័ព​ជើង​ទឹក​អាមេរិក ដែល​បាន​និយាយ​កាល​ពី​ដំបូង​ថា នាវា​ដឹក​យន្ត​ហោះ​នេះ​នឹង​ចេញ​ពី​ដែន​ទឹក​សិង្ហបុរី​នោះ បាន​សារភាព​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​មក​នេះ​ថា នាវា​នោះ ការ​ពិត ត្រូវ​បានគេ​បញ្ជូន​ពី​សិង្ហបុរី ទៅ​កាន់​អូស្ត្រាលី ដើម្បី​ចូល​រួម​សមយុទ្ធ​យោធា​ជាមួយ​កង​ទ័ព​ជើង​ទឹក​អូស្ត្រាលី។

ជា​ការ​បក​ស្រាយ​នឹង​មន្ទិល​សង្ស័យ​នេះ លោក Pence ដែល​កំពុង​ស្ថិត​នៅ​ទីក្រុង​ស៊ីដនី បាន​បញ្ជាក់​ថា នាវា​នោះ នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។ ទាំង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ប្រមុខ​យោធា​អាមេរិក លោក Jim Mattis សុទ្ធ​តែ​អះ​អាង​ថា នាវា Carl Vinson ស្ថិត​លើ​ផ្លូវ​ឆ្ពោះ​ទៅ​ឧប​ទ្វីប​កូរ៉េ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ