លោក ហ៊ុន សែន ព្រមានដកហូតកោះ​នានា​​ពី​ក្រុមហ៊ុន​ឯកជន​ជុំ​វិញ​កង្វះ​ការ​អភិវឌ្ឍ

រូបភាពពីហ្វេសប៊ុកលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាទៅស្ថាប័នពាក់ព័ន្ធចុះត្រួតពិនិត្យ និង​ដកហូត​កោះរបស់រដ្ឋនានា ដែលរដ្ឋាភិបាល​ប្រគល់​​ទៅ​​ក្រុមហ៊ុ​ន​ឯក​ជន​ ដោយ​លោក​ថា ក្រុមហ៊ុន​​សម្បទាន​ទាំង​នោះ មិនធ្វើការអភិវឌ្ឍន៍តាមកិច្ចសន្យា​នោះ​ឡើយ។

លោក ហ៊ុន សែន ថ្លែង​បែបនេះ​ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ ថ្មី​មួយ​ នៅ​លើ​កោះ​រ៉ុង ខេត្ត​ព្រះសីហនុ។

លោក​ថ្លែងថា៖ «កោះមួយចំនួននៅក្នុងសមុទ្រដែលបានចុះហត្ថលេខារាប់ឆ្នាំហើយនោះ ហើយមិនបានអនុវត្ត ហើយគិតតែពីដើរលក់គម្រោង ខ្ញុំមិនឲ្យទេ លក់យកលុយគេ គឺជាប់គុកខ្លួនឯងទេ ចាប់ដៃគូបាន ប៉ុន្តែ មិនអនុញ្ញាតឲ្យលក់ទេ ដែលយើងត្រូវសើរើពិនិត្យមើល ព្រោះចុះហត្ថលេខាហើយ មិនព្រមធ្វើដូចកោះទន្សាយ នៅតែទន្សាយ ដកមុនគេ ដកកោះទន្សាយតែម្តង កោះទន្សាយដូចជាឲ្យបីក្រុមហ៊ុនអត់ធ្វើអី​ទាំងអស់ រួចហើយស៊ីដាច់ប្រាក់កក់ទៀត»

លោក​នាយករដ្ឋ​មន្ត្រី​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា កោះ​ទាំង​អស់ គឺ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ បើទោះបី​ជា​កោះ​ទាំង​នោះ ត្រូវ​បាន​រដ្ឋាភិបាល​ផ្ដល់​សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក៏​ដោយ ហើយ​ថា រដ្ឋ​មាន​សិទ្ធិ​ដក​ហូត​ត្រឡប់​មក​វិញ​គ្រប់​ពេល​វេលា។

រដ្ឋ​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក ជា សុផារ៉ា បាន​ថ្លែង​កាល​ពី​ខែ​មករា​កន្លង​មក​នេះ​ថា លោក​នឹង​បញ្ជូន​មន្ត្រី​ចុះ​ទៅ​ពិនិត្យ​ និង​សិក្សា​ពី​សក្ដានុពល​បណ្ដា​កោះ​ទាំង ៧៥​ នៅ​ក្នុង​ដែន​​សមុទ្រ​​កម្ពុជា ចាប់​ពី​ខែ​ក្រោយ​នេះ។

កោះ​មួយ​ចំនួន​ស្ថិត​ក្នុង​ដែន​សមុទ្រ​កម្ពុជា ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​សិទ្ធិ​អភិវឌ្ឍន៍​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្នុង​នោះ​មាន​ទាំង​ក្រុមហ៊ុន​របស់​មហា​សេដ្ឋី​អចលន​ទ្រព្យ​រុស្ស៊ី​ លោក Sergei Polonsky ផង​ដែរ។

មហា​សេដ្ឋី​រុស្ស៊ី​រូប​នេះ ដែលបាន​ទទួល​សិទ្ធិ​អភិវឌ្ឍន៍​កោះ​ដែក​គោល​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​ម្ដង​នៅ​ឆ្នាំ​២០១២ ក្រោម​ការ​ចោទ​ថា បាន​ឃុំ​ឃាំង​ប្រជា​នេសាទ​កម្ពុជា ៧​នាក់។

មហា​សេដ្ឋី​ដ៏​ចម្រូង​ចម្រាស់​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់​ខ្លួន​​ម្ដង​ទៀត​នៅ​ឆ្នាំ​២០១៥ មុន​នឹង​ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​សម្រេច​បណ្ដេញ​ចេញ​ពី​កម្ពុជា ឲ្យ​ត្រឡប់​ទៅ​រុស្ស៊ី​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ