ទោះបីជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិថ្មីនេះនៅតែជាង ៣ខែទៀតក៏ដោយ ក៏គេនៅមិនទាន់ដឹងជាសាធារណៈថា តើបក្សប្រឆាំង ដែលតុលាការរំលាយទៅហើយនោះ បានចូលរួមការបោះឆ្នោតឡើងវិញ ឬក៏យ៉ាងណាទេ ក្រោមសម្ពាធនៃក្រុមប្រទេសលោកសេរីនោះ។
ប្រទេសលោកសេរីច្រើនលើសលប់ រួមទាំងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបផង បានថ្កោលទោសរដ្ឋាភិបាលកម្ពុជា ដែលបានចាប់ឃុំខ្លួនមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា និងរំលាយគណបក្សសង្គ្រោះជាតិជាដើម ព្រមទាំងគំរាមដាក់ទណ្ឌកម្មផងដែរ បើមិនធ្វើឲ្យស្ថានការណ៍នយោបាយវិលទៅរកស្ថានភាពដើមវិញ ដើម្បីស្តាលទ្ធិប្រជាធិបតេយ្យ ។
ជ្រុងមួយនៃសង្គមប្រជាធិបតេយ្យ គេតម្រូវឲ្យមានគណបក្សលើសពី ១ និងចាំបាច់ត្រូវមានគណបក្សប្រឆាំងដែលសកម្ម និងមានឥទ្ធិពល ជំរុញអភិបាលកិច្ច តាមឃ្លាំមើលការអនុវត្តច្បាប់ធានាដល់ប្រយោជន៍សង្គម។
បើគេពិនិត្យពីរបត់នយោបាយនៅកម្ពុជាវិញ គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ធំនោះ ត្រូវបានតុលាការកំពូលប្រកាសរំលាយតាំងពីចុងឆ្នាំ២០១៧ ពោលគឺមុនការបោះឆ្នោតមកដល់ តាមបណ្តឹងរបស់រដ្ឋាភិបាល ដោយចោទថា មេដឹកនាំគណបក្សនេះបានប្រព្រឹត្តទង្វើ«ក្បត់ជាតិ»។
ប៉ុន្តែ ចំណាត់ការនេះ ត្រូវបានសហគមន៍អន្តរជាតិ ចាត់ទុកថា ជាចេតនានយោបាយរបស់បក្សកាន់អំណាច ចង់ផាត់សំឡេងប្រឆាំងចេញពីឆាកនយោបាយ មុនការប្រកួតចូលមកដល់ បើទោះបីជាបក្សកាន់អំណាចវិញអះអាងថា ជាវិធានការច្បាប់ក៏ដោយ។
ភាពចម្រូងចម្រាសនៃការប្រែប្រួលផ្នែកនយោបាយនេះ ជំរុញឲ្យមានការចោទសួរថា បើការបោះឆ្នោតខាងមុខគ្មានវត្តមានបក្សប្រឆាំង តើលទ្ធផលនៃការបោះឆ្នោតនោះអាចឆ្លុះបញ្ចាំងពីឆន្ទះម្ចាស់ឆ្នោតបានដែរឬទេ ?
អ្នកសម្របសម្រួលផ្នែកអង្កេតនៅអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា ក្នុងសង្គមប្រជាធិបតេយ្យ គេតម្រូវឲ្យមានគណបក្សនយោបាយលើសពី១ ដើម្បីឲ្យគណបក្សទាំងនោះ បានប្រកួតប្រជែងតាមរយៈគោលនយោបាយរបស់ខ្លួន។
មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះ ពន្យល់ទៀតថា គោលនយោបាយគណបក្សណា ដែលពលរដ្ឋមើលឃើញថាល្អ ហើយពួកគេបោះឆ្នោតឲ្យបាននាំមុខគេក្នុងសភា គណបក្សនោះនឹងដឹកនាំរដ្ឋាភិបាល ហើយគណបក្ស ដែលមានសំឡេងបន្ទាប់ នឹងធ្វើជាគណបក្សឃ្លាំមើលការអនុវត្តច្បាប់ ឬហៅថាគណបក្សប្រឆាំង។
មន្ត្រីឃ្លាំមើលការបោះឆ្នោតរូបនេះពន្យល់ទៀតថា សង្គមប្រជាធិបតេយ្យ បក្សប្រឆាំងបានដើរតួនាទីសំខាន់ ក្នុងការជំរុញអភិបាលកិច្ចផង ជំរុញការអនុវត្តផង ដើម្បីតម្រង់ទិសក្បាលម៉ាស៊ីនដឹកនាំរដ្ឋ ជំរុញឲ្យបម្រើប្រយោជន៍ពលរដ្ឋគ្រប់និន្នាការ ដែលរស់ក្រោមដំបូលរដ្ឋាភិបាល។
លោក កន សាវាង្ស វិភាគថា បើការបោះឆ្នោតខាងមុខគ្មានវត្តមានបក្សប្រឆាំងចូលរួមដូចស្ថានការណ៍នយោបាយបច្ចុប្បន្ន លោកថា ពិតជាធ្វើឲ្យប៉ះអារម្មណ៍ ម្ចាស់ឆ្នោត ៣លាននាក់ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រឆាំង។
លោក កន សាវាង្ស ជំរុញឲ្យអ្នកនយោបាយខ្មែរ គួរគិតពីប្រយោជន៍ជាតិ ហើយវិលទៅរកតុចរចា ស្វែងរកដំណោះស្រាយនយោបាយ ដើម្បីឈានទៅរៀបចំការបោះឆ្នោតអាណត្តិទីថ្មីនេះ ឲ្យមានលក្ខណៈសេរីត្រឹមត្រូវ និងយុត្តិធម៌ ទទួលស្គាល់ពីអន្តរជាតិ។
លោកថា៖ «យើងក៏ចង់ឃើញដំណើរការហ្នឹង មានការប្រកួតប្រជែងគ្នាមួយដោយស្មើភាពគ្នា ហើយក៏ចង់ឃើញស្ថានភាពរបស់អ្នកនយោបាយខ្មែរហ្នឹងចេះជជែកគ្នា ចេះដោះស្រាយគ្នា។ ជាពិសេស ចេះចូលអង្គុយចូលរួមតុចរចា ដើម្បីស្វែងរកដោះស្រាយបញ្ហា ឲ្យបានល្អប្រសើរឡើងវិញ»។
ការបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣ កន្លងទៅនេះ គណបក្សប្រជាជនកម្ពុជាទទួលបាន ៦៨អាសនៈ ខណៈដែលគណបក្សសង្គ្រោះជាតិបាន ៥៥អាសនៈ ក្នុងចំណោមអាសនៈសរុប ១២៣ នៅក្នុងសភា ពោលគឺបក្សប្រឆាំងបានកើនអាសនៈ ចំណែកគណបក្សកាន់អំណាចបានថយអស់ចំនួន ២២អាសនៈ។
អ្នកវិភាគនយោបាយ លោក បណ្ឌិត មាស នី វិភាគថា ក្នុងវិស័យនយោបាយ គណបក្សប្រឆាំងបានដើរតួនាទីសំខាន់ ជាអ្នកដុសក្អែលរដ្ឋាភិបាល ឬជាអ្នកជួយតម្រង់ទិសមន្ត្រីខិលខូចក្នុងជួយរដ្ឋាភិបាល។ លោកថា ដូចនេះក្នុងសង្គមប្រជាធិបតេយ្យ បក្សប្រឆាំងបានជួយជំរុញនីតិរដ្ឋ។
ប៉ុន្តែ លោក មាស នី វិភាគថា បើការបោះឆ្នោតខាងមុខ ត្រូវបានគេផាត់គណបក្សប្រឆាំងចេញពីទីលានប្រកួតមែន លោកថា នឹងធ្វើឲ្យប៉ះពាល់ដល់ឆន្ទៈពលរដ្ឋប្រមាណជា ៣លាននាក់ និងបង្ហាញថា មេដឹកនាំកំពុងនាំកម្ពុជាទៅរករបបផ្តាច់ការ។
លោកថា៖ «យើងដឹងស្រាប់ហើយថាឆន្ទៈរបស់ប្រជាពលរដ្ឋយើងប្រមាណជា៣លាននាក់ហ្នឹង ត្រូវបានគេរំលាយរួចស្រេចទៅហើយ ។ អញ្ចឹងនៅក្នុងលក្ខខណ្ឌបែបនឹង វាអាចធ្វើឲ្យ [ម្ចាស់ឆ្នោត៣លាននាក់ហ្នឹង] មិនសប្បាយចិត្តរួចទៅហើយ។ បើសិនជាមិនមានការចូលរួមពីគណបក្សប្រឆាំងទេនោះ វានឹងមានអំណាចកាន់កាប់ដោយបក្សតែមួយ។ អញ្ចឹងយើងអាចនិយាយបានថា ជារបបផ្តាច់ការ»។
នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិអេង យល់ថា បើការបោះឆ្នោតខាងមុខ បក្សប្រឆាំងដ៏ធំនេះត្រូវបានគេផាត់ចេញពីឆាកនយោបាយមែន លោកវិភាគថា ម្ចាស់ឆ្នោតមួយចំនួន នឹងបាត់ជម្រើស។ លោកថា បើពលរដ្ឋបាត់ជម្រើស ស្ថានការណ៍នយោបាយទៅថ្ងៃអនាគតជំរុញឲ្យជាតិបែកបាក់។ ប៉ុន្តែ លោក យង់ គិមអេង វិភាគថា បើអ្នកនយោបាយខ្មែរគិតពីប្រយោជន៍ជាតិ ការផ្សះផ្សាជាតិនឹងរកច្រកចេញរួច។
លោកថា៖ «កាលណាកម្រិតនៃការមិនទុកចិត្តគ្នាកាន់តែឡើងខ្ពស់ គឺធ្វើឲ្យលទ្ធភាពនៃការរួបរួមវាកាន់តែតិច។បើសិនជាយើងបង្រួមអាកម្រិតនៃការមិនទុកចិត្តគ្នាឲ្យវានៅកាន់តែតូចដូច្នេះហើយលំហនៃការរួបរួមជាតិហ្នឹងវាកាន់តែធំទៅវិញ»។
របត់នយោបាយនៅកម្ពុជា ជំរុញឲ្យសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិចំនួន ៤៥ប្រទេស ក្នុងចំណោម ៤៧ កាលពីថ្ងៃទី២១ ខែមិនា បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ប្រញាប់ចាត់វិធានការ ធានាបញ្ឈប់ធ្វើទុក្ខបុកម្នេញដល់គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្រោយពីគណបក្សប្រឆាំងដ៏ធំមួយត្រូវបានរំលាយ។
ក្រោយមកទៀត ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយធំជាងគេបន្ទាប់ពីប្រទេសចិន បានជំរុញមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ថា ការបោះឆ្នោតនាពេលខាងមុខ គួរតែឆ្លុះបញ្ចាំងឲ្យត្រឹមត្រូវពីឆន្ទៈរបស់ប្រជាពលរដ្ឋ និងបានរំឭកថា ជប៉ុនជាមិត្តយូរអង្វែងជាមួយកម្ពុជា មិនចង់ឃើញប្រទេសមួយនេះ ប្រឈមមុខនឹងការរិះគន់នោះឡើយ។
នេះមិនទាន់គិតពីប្រតិកម្មរបស់សហរដ្ឋអាមេរិក និងសហភាពរ៉ុប ដែលធ្លាប់គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់កម្ពុជាបើមិនស្តារប្រជាធិបតេយ្យឡើងវិញនោះ។
សរុបជារួម បើការបោះឆ្នោតខាងមុខ គណបក្សប្រឆាំងត្រូវបានផាត់ចោលពីទីលានប្រកួតមែន ក្រុមអ្នកវិភាគយល់ថា ស្ថាប័នរដ្ឋសភានឹងត្រូវគ្រប់គ្រងដោយបក្សតែមួយ ដូចស្ថាប័នព្រឹទ្ធសភាដែរ ពេលនោះ រដ្ឋាភិបាលថ្មីនឹងដឹកនាំបែបឯកបក្ស ចំណែកក្បាលម៉ាស៊ីនដឹកនាំ ប្រឈមនឹងបញ្ហាផ្ទៃក្នុង និងប្រឈមនឹងការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីក្រុមប្រទេសលោកសេរី៕