សមត្ថកិច្ចខេត្ដសៀមរាបកោះហៅពលរដ្ឋ៤នាក់សាកសួររឿងស្នើសុំភ្លើងរដ្ឋប្រើប្រាស់

អ្នកភូមិ៣នាក់ក្នុងចំណោម៤នាក់ ត្រូវសមត្ថកិច្ចកោះហៅសាកសួរ (ដោយ បូ សាវី)

សមត្ថកិច្ចនៅសង្កាត់ជ្រាវ ក្រុងសៀមរាប កោះហៅពលរដ្ឋ៤នាក់ទៅសាកសួរនៅរសៀលថ្ងៃចន្ទនេះ ក្រោយពេលពួកគាត់ផ្ដិតមេដៃស្នើសុំអគ្គិសនីរដ្ឋប្រើប្រាស់ ខណៈដែលភ្លើងឯកជនថ្លៃជាងអគ្គិសនីរដ្ឋជិតពាក់កណ្ដាល។

អ្នកភូមិដែលត្រូវសមត្ថកិច្ចកោះហៅសាកសួរនៅម៉ោង២រសៀលថ្ងៃទី២៣ខែឧសភានេះមានស្ដ្រីម្នាក់ក្នុងចំណោម៤នាក់រួមមានឈ្មោះ ញ៉ែប ចក់ ឈ្មោះ គង់ ប៉ី ឈ្មោះ សុត ពៅ និងស្រ្ដីឈ្មោះ វ៉ាន សាវី។ ពួកគេរស់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប។

ពលរដ្ឋម្នាក់ក្នុងចំណោម៤នាក់នៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប លោក ញ៉ែប ចក់ ប្រាប់វីអូឌីថា នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់ជ្រាវ លោក ស៊ត់ សៃ បានចេញលិខិតកោះហៅពួកគាត់សាកសួររឿងផ្ដិតមេដៃស្នើសុំអគ្គិរដ្ឋប្រើប្រាស់នៅក្នុងភូមិ។ លោកបន្ដថា មុនពេលសមត្ថកិច្ចកោះហៅអនុភូមិបានស្ដីបន្ទោសលោកថា ផ្ដិតមេដៃគាំទ្របក្សប្រឆាំង។ ប៉ុន្តែលោកបញ្ជាក់ថាពួកគាត់ផ្ដិតមេដៃនេះដោយគ្រាន់តែចង់បានភ្លើងរដ្ឋប្រើប្រាស់ ដើម្បីជួយកាត់បន្ថយការចំណាយក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្នោះ មិនបានផ្ដិតមេដៃឲ្យគណបក្សនយោបាយណាមួយឡើយ។ លោកបន្ដថា៖ “គេបង្ហោះតាមហ្វេសប៊ុក ប្រធានភូមិគេមើលបាទមើលទៅឃើញឈ្មោះខ្ញុំ ញ៉ែប ចក នេះទៅគេមកស្ដីឲ្យខ្ញុំតាពាសគេថាណាខ្ញុំផ្ដិតមេដៃឲ្យបក្សសង្គ្រោះជាតិ មិនមែនទេផ្ដិតនេះផ្ដិតភ្លើងទេគេថានេះខាងគណបក្សសង្គ្រោះជាតិ ខ្ញុំថាអត់ដឹងទេខាងណាខ្ញុំអត់ខ្ញុំផ្ដិតយកភ្លើងរដ្ឋ

ពលរដ្ឋពីររូបទៀតលោក គង់ ប៉ី និងអ្នកស្រី វ៉ាន វី ឲ្យដឹងស្រដៀងគ្នាថា ពួកគាត់នឹងទៅតាមការអញ្ជើញរបស់សមត្ថកិច្ច ប៉ុន្ដែពួកគាត់ដាក់ចម្ងល់ថា ហេតុអីពលរដ្ឋរាប់រយនាក់ទៀតដែលផ្ដិតមេដៃដែរនោះ សមត្ថកិច្ចមិនកោះហៅផង? ពួកគាត់សម្ដែងការខកចិត្ដចំពោះអាជ្ញាធរដែលពួកគាត់ថាគ្រាន់តែផ្ដិតមេដៃសុំភ្លើងរដ្ឋប្រើប្រាស់ប៉ុណ្ណោះ ខណៈអគ្គិសនីឯកជនថ្លៃជាងភ្លើងរដ្ឋជិតពាក់កណ្ដាលក្នុងមួយគីឡូវ៉ាត់ម៉ោង។ ពួកគាត់ស្នើឲ្យអាជ្ញាធរផ្ដល់យុត្ដិធម៌ដល់ពួកគេ។ ពួកគាតបន្ដថា៖ “ឆ្ងល់ថាគ្នាឡើងសន្ធឹកម៉េចក៏ហៅខ្ញុំតែ៤នាក់គិតទៅភ័យមិនដឹងគេហៅយកធ្វើអីទេគ្មានព្រួយបារម្ភទេយើងឆ្លើងត្រង់ៗរឿងផ្ដិតមេដៃយកភ្លើងរដ្ឋបើឃើញគណបក្សផ្ដិតធ្វើអីនាំសៅហ្មង

VODព្យាយាមសុំការសាកសួរភ្លាមៗពីនាយប៉ុស្ដិ៍រដ្ឋសង្កាត់ជ្រាវ ក្រុងសៀមរាបលោក ស៊ត់ សៃ ខណៈដែលលោកចុះទៅដល់ផ្ទះអ្នកភូមិ ប៉ុន្ដែលោកបដិសេធដោយប្រាប់ថា ចៅសង្កាត់ក្អោប រ៉ន ជាអ្នកបញ្ជានិងជំរុញឲ្យសាកសួរចៅសង្កាត់រូបនោះ។ ចំណែកចៅសង្កាត់ជ្រាវ លោក ក្អោប រ៉ន មកពីគណបក្សប្រជាជនកម្ពុជាក៏បដិសេធមិនឆ្លើយសំណួរ ដោយឲ្យរងចាំការសាកសួរពលរដ្ឋចប់សិន។

ចៅសង្កាត់រងទី២ នៃសង្កាត់ជ្រាវ មកពីគណបក្ស សម រង្ស៊ី លោក ពេជ្រ រិទ្ធិ មានប្រសាសន៍ថាការហៅពលរដ្ឋសាកសួរនេះ ដោយសារពួកគាត់ផ្ដិតមេដៃសុំស្នើអគ្គិសនីរដ្ឋប្រើប្រាស់ក្នុងភូមិដែលលោកថាមិនបានឯកភាពពីចៅសង្កាត់លោក ក្អោប រ៉ន។ លោកបញ្ជាក់ថា ពលរដ្ឋទាំងនោះមិនបានធ្វើអ្វីខុសច្បាប់នោះទេ។ លោកបន្ដថា៖យើងជាអាជ្ញាធររឿងតិចតួចមិនគួរហៅពលរដ្ឋចូលប៉ុស្ដិ៍ទេ ប្រជាពលរដ្ឋច្រើនដែរ ប៉ុន្ដែពលរដ្ឋដែលគេចាប់បានមានតែ៤នាក់ទេក្រៅពីនោះអត់មានដល់ដៃអាជ្ញាធរសង្កាត់ទេព្រោះគេបញ្ជូនទៅដល់អគ្គិសនីខេត្ដរួចហើយ

អ្នកសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាបលោក នូ ពុទ្ធិ យល់ថាការផ្ដិតមេដៃដែលមិននាំឲ្យអន្ដរាយដល់សង្គម លោកចាត់ទុកថាមិនខុសច្បាប់នោះឡើយ លើកលែងតែពលរដ្ឋប្រព្រឹត្ដបទល្មើស។លោកយល់ថាការហៅពលរដ្ឋសាកសួរដោយគ្រាន់តែពួកគេស្នើសុំភ្លើងរដ្ឋមកប្រើប្រាស់នោះជាការដាក់សម្ពាធទៅលើពលរដ្ឋ ។

កាលពីថ្ងៃទី១៨ខែឧសភានេះពលរដ្ឋចំនួន២៣៤គ្រួសារក្នុងចំណោមបីភូមិ រួមមានភូមិក្រសាំង ភូមិវាល និងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ពួកគេបានផ្ដិតមេដៃស្នើសុំតភ្ជាប់បណ្ដាញអគ្គិសនីរដ្ឋដែលមានថ្លៃទាបជាងភ្លើងឯកជនដែលធ្លាប់ប្រើនោះជិតពាក់កណ្តាល ប៉ុន្ដែអាជ្ញាធរមូលដ្ឋានមិនយល់ស្របដោយអះអាងថាគ្មានការអនុញ្ញាតពីចៅសង្កាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ