វិភាគ៖ តើកងម្លាំងប្រដាប់អាវុធត្រូវមានជំហរបែបណាចំពោះគណបក្សនយោបាយ?

ស្ថានការណ៍នយោបាយបច្ចុប្បន្ននេះត្រូវបានគេមើលឃើញថាកំពុងឡើងកម្តៅដោយសារតែសកម្មជនបក្សប្រឆាំងជិត២០ត្រូវចាប់ដាក់ពន្ធនាគាររួមទាំងតំណាងរាស្ត្រដែលមានអភ័យឯកសិទ្ធិផង។

ចំណែកមេបក្សប្រឆាំងវិញលោក សម រង្ស៊ី កំពុងនិរទេសខ្លួន លោក កឹម សុខា ត្រូវបានដកចេញពីតំណែងជាអនុប្រធានទី១នៃរដ្ឋសភាហើយពេលនេះលោកកំពុងប្រឈមនឹងតុលាការ រីឯមន្រី្តការពារសិទ្ធិមនុស្សអាដហុក៤រូបនិងមន្រ្តី គ.ជ.ប លោក នី ចរិយា ត្រូវបានរដ្ឋាភិបាលចាប់ឃុំខ្លួនដោយចោទទាក់ទងនឹងសំណុំរឿងឯកជនដែលគេថាពាក់ព័ន្ធស្នេហារបស់លោក កឹម សុខា។

បើទោះបីពេលនេះសកម្មជនឬអ្នកគាំទ្ររបស់បក្សប្រឆាំងមិនទាន់កម្រើកចេញតវ៉ាប្រឆាំងនឹងការឃុំខ្លួនដែលគេថាជារឿងអយុត្តិធម៌នេះក៏ដោយ ប៉ុន្តែគេសង្កេតឃើញមន្ត្រីអង្គការសង្គមស៊ីវិលនិងសហគមន៍ដែលមានជម្លោះដីធ្លីបានចេញធ្វើយុទ្ធនាការពាក់អាវពណ៌ខ្មៅជំរុញឲ្យរដ្ឋាភិបាលដោះលែងមន្ត្រីសិទ្ធិមនុស្សទាំងនោះឲ្យមានសេរីភាពវិញ បើទោះបីពួកគេត្រូវបាន អាជ្ញាធរបង្ក្រាបនិងខ្លះទៀតត្រូវឃាត់ខ្លួនក៏ដោយ។

ក្រសួងមហាផ្ទៃធ្លាប់ព្រមានចាត់វិធានការអ្នកធ្វើយុទ្ធនាការនេះទាំងការប្រមូលផ្តុំនៅតាមទីសាធារណៈនិងបំផុសនៅលើបណ្តាញសង្គម ដោយអះអាថាចលនានោះមានរូបភាពចង់ធ្វើបដិវត្តពណ៌ផ្តួលរលំរដ្ឋាភិបាលបើទោះបីអង្គការសង្គមស៊ីវិលអះអាងថាជាយុទ្ធនាការដោយសន្តិវិធី ទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សក៏ដោយ។

ជាងនេះទៅទៀតក្នុងពិធីសម្ពោធសាលប្រជុំថ្មីនៃសាកលវិទ្យាល័យការពារជាតិដែលជាជំនួយរបស់ក្រសួងការពារជាតិវៀតណាម រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងចំពោះមុខមន្ត្រីជាន់ខ្ពស់វៀតណាមដែលចូលរួមក្នុងកម្មវិធីនោះថាយុទ្ធនាការពាក់អាវខ្មៅនេះ លោកចោទថាជាដើមចមចង់ផ្តួលរំលំរដ្ឋាភិបាលនិងបានចាត់ទុកបក្សប្រឆាំងថាជាអមិត្តទៀតផង។

ទា បាញ់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ បាញ់

លោកថា៖ “គោលដៅដ៏ធំរបស់គេគឺធ្វើយ៉ាងណាផ្តួលរលំរដ្ឋាភិបាលស្របច្បាប់ឬនិយាយឲ្យមែនទែនគឺផ្តួលរំលំឲ្យបានរដ្ឋាភិបាលដែលមានគណបក្សប្រជាជនដឹកនាំ ”។

ជាងនេះទៅទៀតកាសែតរស្មីកម្ពុជាបានចុះផ្សាយកាលពីថ្ងៃទី១៩ខែឧសភាដែរថា នាយឧត្តមសេនីយ៍ ទៀ បាញ់ បានលើកឡើងក្នុងឱកាសនោះថាទាំងគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល គឺជាពួកអមិត្ត ហើយពួកនោះតែងតែញុះញង់ធ្វើឲ្យប្រទេសកម្ពុជាមានអស្ថេរភាពនិងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្តង។

តើការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះប៉ះពាល់អ្វីខ្លះដល់ជំហរឯករាជ្យរបស់កងកម្លាំងប្រដាប់អាវុធ? ហើយប៉ះពាល់អ្វីខ្លះដល់ការបោះឆ្នោតនាពេលខាងមុខ?

ប្រធានស្តីទីនៃសមាគមមន្ត្រីរាជការឯករាជ្យកម្ពុជា លោក ប៊ុត កុសល្យ យល់ថាការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះមិនត្រឹមតែប៉ះពាល់ដល់ឯករាជ្យរបស់កងកម្លាំងប្រដាប់អាវុធទេ លោកថាអាចជាសារបង្ហាញឲ្យប្រទេសជិតខាងមើលស្រាលដល់កម្ពុជាពីភាពផុយស្រួលនៃសាមគ្គីភាពផ្ទៃក្នុងទៀតផង។

លោក ប៊ុត កុសល្យ ឲ្យដឹងទៀតថាការលើកឡើងនេះក៏អាចធ្វើឲ្យពលរដ្ឋមួយចំនួនបាត់បង់ជំនឿលើជំហរឯករជ្យនិងអព្យាក្រឹតរបស់កងកម្លាំងប្រដាប់អាវុធដែលច្បាប់តម្រូវឲ្យធានាសុវត្ថិភាពនិងសន្តិសុខដល់គណបក្សនយោបាយទាំងអស់ដោយមិនរើសអើង។ លោកថា នោះក៏ជាសារគំរាមកំហែងដល់សេរីភាពបញ្ចេញមតិក្នុងរបបមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យផងដែរ។

លោកថា៖ “បើនិយាយការពារបក្សវាត្រូវហើយ ព្រោះគាត់ជាសមាជិករបស់បក្សមួយដែរ តែបើយើងនិយាយពីអព្យាក្រឹតនៅក្នុងការបំរើការងារ ដើម្បីបំរើផលប្រយោជន៍ជាតិ វាមិនឆ្លុះបញ្ចាំងពីឯករាជ្យភាពរបស់កងកម្លាំងប្រដាប់អាវុធទេ”។

មាត្រា៩នៃច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិននៃកងយោធពលខេមរភូមិន្ទចែងថា យោធិនត្រូវមានអព្យាក្រឹតភាពក្នុងមុខនាទីក្នុងសកម្មភាពការងារ និងហាមឃាត់ប្រើមុខងារនិងប្រើប្រាស់សម្ភាររបស់រដ្ឋ ដើម្បីបម្រើសកម្មភាពនយោបាយណាមួយ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោកបណ្ឌិត មាស នី យល់ថាអ្វីដែលរដ្ឋមន្ត្រីក្រសួងការពារជាតិលើកឡើងពេលនេះ លោកថាមិនមែនជារឿងថ្មីទេដោយលោកអះអាងថាកាលពីពេលមុនរដ្ឋមន្ត្រីរូបនោះធ្លាប់របូតមាត់ថារដ្ឋាភិបាលនឹងចំណាយលុយដ៏ច្រើនសម្រាប់ទិញអាវុធពីប្រទេសចិនសម្រាប់ទប់ស្កាត់ចលនាតវ៉ានៅកម្ពុជា។ លោក មាស នី យល់ថាភាសាគំរាមចាត់វិធានការម្តងហើយម្តងទៀតទៅលើអ្នកតវ៉ាដោយសន្តិវិធីលោកគិតថាអាចជាសញ្ញាណព្រួយបារម្ភរបស់អ្នកកាន់អំណាចខ្លាចបាត់បង់អំណាចតាមរយៈការបោះឆ្នោតច្រើនជាងប្រើយន្តការច្បាប់ដើម្បីបំរើប្រយោជន៍សាធារណៈ។

លោកថា៖ “ខ្ញុំគិតថានៅក្នុងនាមមន្ត្រីជាន់ខ្ពស់ក្នុងជួរកងទ័ពក៏មានការព្រួយបារម្ភដែរទៅលើការធ្លាក់ចុះប្រជាប្រិយភាពរបស់គណបក្សដែលខ្លួនកំពុងតែគាំទ្រ។ អញ្ចឹងបានជាយើងឃើញមន្ត្រីជាន់ខ្ពស់ហ្នឹងដែលចេះតែយកពាក្យប្លែកៗមកប្រើហ្នឹងគឺបង្ហាញពីការព្រួយបារម្ភហ្នឹងឯងទៅលើការបាត់បង់ប្រជាប្រិយភាព អញ្ចឹងហើយបានទាំងកងទ័ពទាំងកងកម្លាំងប្រដាប់អាវុធចេះតែបង្ហាញសាច់ដុំជាបន្តបន្ទាប់”។

ទោះជាយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់លើកឡើងថាកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវឯករាជ្យចំពោះអ្នកនយោបាយគ្រប់និន្ននាការ ប៉ុន្តែលោកថាច្បាប់តម្រូវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ការពាររដ្ឋាភិបាល។

បើតាមលោក មាស នី ការបង្ហាញជំហរថ្មីទៀតរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិនេះ លោកថាអាចជាជួងមួយដាស់អារម្មណ៍មតិជាតិនិងអន្តរជាតិឲ្យបានដឹងមុនថា បក្សកាន់អំណាចនឹងប្រើកម្លាំងប្រដាប់អាវុធរក្សាអំណាចខ្លួនប្រសិនបើខ្លួនចាញ់ឆ្នោតនៅពេលខាងមុខ។ លោកថា៖ “កាលណាសេចក្តីថ្លែងការណ៍ប៉ុណ្ណឹងបានន័យថា កងទ័ពហ្នឹងនឹងប្តេជ្ញាដើម្បីធ្វើការគាំទ្រដល់អំណាចគណបក្សសព្វថ្ងៃហ្នឹងបន្តទៅទៀត បើទោះបីនៅក្នុងលក្ខខណ្ឌដែលចាញ់ឆ្នោតក៏ដោយ(ប៉ុន្តែ)ពាក្យដែលត្រឹមត្រូវគឺឆ្លើយថាកងកម្លាំងប្រដាប់អាវុធទាំងអស់នឹងគាំទ្រដល់រដ្ឋាភិបាលណាក៏ដោយដែលបានឈ្នះឆ្នោតតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដនោះហើយជាភាសាកាទូតដ៏ត្រឹមត្រូវបំផុត”។

យ៉ាងណាក៏ដោយមជ្ឈដ្ឋាននានាយល់ថាការចាត់ទុកបក្សប្រឆាំងថាជាអមិត្តនោះអាចធ្វើឲ្យប៉ះពាល់ដល់ម្ចាស់ឆ្នោតជិត៣លាននាក់ដែលពួកគេបានទៅបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិកាលពីអាណត្តិមុន រហូតគណបក្សប្រឆាំងដ៏ធំមួយនោះទទួលបាន៥៥អាសនៈ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ