រដ្ឋាភិបាលចាប់​ផ្តើម​​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 5:21 PM | កសិកម្ម | 0 | 12672

រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​គម្រោង​រក​ទី​ផ្សារ​កសិកម្ម​ដល់​ប្រជា​កសិករ​ បន្ទាប់​ពី​មាន​ការ​ត្អូញ​ត្អែរ​ពីការធ្លាក់ចុះ​​តម្លៃ​កសិផល​នៅ​​ទីផ្សារ។

គម្រោង​ជំរុញ​ទីផ្សារ​កសិកម្ម​ខ្នាត​តូច​នេះ​ត្រូវ​បាន​ជួយ​គាំ​ទ្រ​ដោយ​មូល​និធិ​អន្តរជាតិសម្រាប់​ការ​អភិ​វឌ្ឍន៍​​កសិកម្ម ជាមួ​យ​រដ្ឋាភិបាល​កម្ពុជាសម្រាប់​រយៈពេល​៦​ឆ្នាំ​ ក្នុង​ទឹកប្រមាណ​ជាង​៦២ លាន​ដុល្លា​អាមេរិក។

នៅព្រឹក​ថ្ងៃ​ទី​២៣ ឧសភា នេះក្រសួង​ពាណិជ្ជកម្ម​បាន​ប្រកាស​ពី​ការ​ដាក់​អនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​កសិកម្មខ្នាត​តូច ដែល​ជា​គម្រោងជំរុញការ​លើក​ស្ទួយ​ជីវភាពប្រជាពល​រដ្ឋ​តាម​រយៈការ​បង្កើត​ជា​មណ្ឌល​សម្រូល​រក​ទីផ្សារ ​កសិកម្ម ឲ្យប្រជា​កសិករ​ក្រី​ក្រ។

អគ្គ​នាយក​នៃអគ្គ​​នាយក​ដ្ឋានពាណិ​ជ្ជកម្ម​នៅ​ក្នុង​ប្រទេស​ និង​ជា​នាយក​គម្រោង​ លោក ប៉ែន សុវិជាតិ​ ថ្លែង​ថាគម្រោង​នេះ​នឹង​ជួយគាំទ្រ​ដល់​កសិផល និង​ទី​ផ្សារ​ ​លើផលិត​ផល​ចំនួន​ប្រាំ​ដែល​មាន​ដូច​ជា​ ស្រូវ បន្លែ មាន់ ដំឡូងមី និង​សសៃសូត្រ។ លោក​ថា ក្រសួង​បាន​បង្កើតទីស្នាក់​ការ​គម្រោង​នេះ​ ចំនួន​បី និង​មាន​ភ្នាក់​ងារ​​គ្រប់​គ្រង១៥​ខេត្ត​នៅ​ទូ​ទាំង​ប្រទេស​ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ងតម្រូវ​ការ​ទាំង​​ថវិកា បច្ចេក​ទេស និង​ទីផ្សារដល់​ប្រជា​កសិករ។

លោក​ថា៖ «អញ្ចឹងអារឿងមិនស្តាប់តម្រូវការទីផ្សារមិនបានដឹងអំពីឱវាទកសិកម្មច្បាស់លាស់វានឹងនាំឲ្យមានផលវិបាកដូច្នេះឯង ដូច្នេះដើម្បីកុំឲ្យមានហេតុការណ៍របៀបហ្នឹងកើតមានតទៅទៀតបាន័យថា ផលិតអីឲ្យវាត្រូវទីផ្សារផលិតអីអារបស់ដែលគេត្រូវការហើយលក់យ៉ាងមិច។ នេះជាការអភិវឌ្ឍន៍ សមត្ថិភាពរបស់កសិករ ផលិតករនិងភាគងារកសិកម្មយើង ក៏ដូចជាភ្នាក់ងារទីផ្សារ»

តំណាង​ឲ្យ​​​មូល​និធិ​អន្តរជាតិសម្រាប់​ការ​អភិ​វឌ្ឍន៍​​កសិកម្ម IFAD លោកម៉េង សក្តិភូសិត ​​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថាការ​សម្រេច​ជួយ​បង្កើត​គម្រោង​នេះ​ឡើង​ក៏​ព្រោះ​តែបញ្ហា​ដែល​ប្រជា​​កសិ​ករ​កម្ពុជា​កំពុង​ជួប​​ប្រទះ​បច្ចុប្បន្ន​នេះ​គឺ​បញ្ហា​ទីផ្សារដែល​ធ្វើ​ឲ្យ​កសិករ​​ពិ​បាក​​លក់​ផលិត​ផល​របស់​​​ខ្លូន​បន្ទាប់​ពី​​ផលិតបាន​។ លោក​បន្ថែម​ថា គម្រោង​នេះ​នឹង​ធ្វើ​ការ​ចង​ក្រង​សហ​គ​មន៍​​កសិកម្ម ដើម្បីងាយ​ស្រួល​រក​ទីផ្សារ​ និង​ស្តង់ដារ​កសិផល​មួយ​ដែល​មាន​គុណភាពល្អ។

លោក​ថា៖ «និយាយបែបនេះមិនមែនមានន័យថាកសិកររបស់យើងមិមានទីផ្សារលក់ទេ មានដូចគ្នា ប៉ុន្តែគ្រាន់ថាតែវាមាលក្ខខណៈទ្រង់ទ្រាយតូចពេលនេះគឺយើងចងក្រងគាត់ឲ្យគាត់ចូលរួមគ្នាជាក្រុមធ្វើការងារជាក្រុមហើយលក់ដូរជាក្រុម ដើម្បីពង្រឹងអំណាចក្នុងការលក់របស់គាត់ អញ្ចឹងយើងសង្ឃឹមថាការលក់នៃគម្រោងនេះគឺវាជួយកសិករយើងក្នុងការលក់លើទីផ្សារផង ថែមទាំងពង្រឹងគុណភាពផលិតផល ដែលគេហៅថាសុវត្ថិភាពនៃការលក់ដូរ ឲ្យអ្នកហូបបានល្អ ពង្រឹងអាហ្នឹងផងហើយនឹងកាត់បន្ថយការនាំចូលពីខាងក្រៅផង»

រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ ប៉ាន សូរស័ក្កិ មានជំនឿ​ថា​ប្រជាពល​រដ្ឋ​ខ្មែរ​ប្រមាណ​ជា ៧៥ ០០០ គ្រួសារ​នឹង​ទទួល​បាន​អត្ថប្រយោ​ជន៍​ ពី​គំរោង​នេះ។ លើសពី​នេះលោក​បញ្ជាក់​ថា តាម​រយៈការ​ដាក់​ឲ្យ​អនុវត្តន៍​គម្រោង​នេះនឹង​ជួយឲ្យ​ទីផ្សារ​កសិផល​កម្ពុជា​មាន​កាន់តែច្រើន ហើយ​លោកបាន​ធានា​ថានឹង​គ្មានបញ្ហា​តម្លៃ​កសិកម្ម​ទៀត​នោះ​ទេ។

គម្រោង​ទីផ្សារ​កសិកម្មរបស់រដ្ឋាភិបាលនេះគឺកើតឡើងប្រហែលមួយ​ឆ្នាំ ​បន្ទាប់ពីកសិករប្រមាណ​១ពាន់នាក់​នៅស្រុក​សង្កែ​ខេត្ត​បាត់​ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ​៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ដើម្បីតវ៉ា​ទាមទារឲ្យ​រដ្ឋា​ភិ​បាល​​ជួយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required