លិខិតមិត្តអ្នកអាន៖ លោក កឹម សុខា ជាបន្លាក្នុងកែវភ្នែកលោក ហ៊ុន សែន? (ភាគ៣)

សម្តេចហ៊ុន សែន ថតសែលហ្វីជាមួយ​ខ្មែរ​ឥស្លាមកាលពីថ្ងៃទី​៣ ខែកក្កដា និង​លោក កឹម សុខា ជួប​ខ្មែរ​ឥស្លាមនៅទីស្នាក់ការគណបក្ស​សង្រ្គោះជាតិ ​(រូបថតពីហ្វេសប៊ុក​)

(តពីភាគទី២)

ញ. ចង់​ចាប់ ​ឬ​ មិន​ចង់​

មាន​ភាព​ចម្រូង​ចម្រាស់​អំពី​ចេតនា​របស់​លោក​ ហ៊ុន​ សែន​ ថា​តើ​ពិត​ជា​ចង់​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ មែន​ឬ​ទេ​? លោក​ ហ៊ុន​ សែន​ បាន​ព្យយាម​ធ្វើ​ឱ្យ​លោក​ កឹម​ សុខា​ ជឿ​ថា​លោក​គ្មាន​ចេតនា​ចង់​ចាប់​លោក​ កឹម​ សុខា​ ឡើយ​៖ «បើ​សិន​ជា​ត្រូវ​ការ​ចាប់​ ខា​ ឯង​គឺ​តាំង​ពី​ថ្ងៃ​ដែល​គេ​បញ្ចូន​កម្លាំង​ចូល​ឯណោះ​! ស្មាន​តែ​គេ​ធ្វើ​មិន​បាន​ឬ​អី​? ចង់​អស់​ប៉ុន្មាន​ ក៏​អស់​ទៅ​! អញ្ចឹង​បាន​ជា​សុខៗ​ ពួក​នោះ​ ចលនា​ឱ្យ​ ខា​ ឯង​ចេញ​មក​ ក្នុង​ពេល​ដែល​សភាព​ការណ៍​ កំពុង​តែ​ស្ងប់​ស្ងាត់​។»​ ការ​កំណត់​ចេតនា​របស់​អ្នក​មាន​អំណាចដូច​លោក​នាយករដ្ឋមន្ត្រី​ មាន​សារៈ​សំខាន់​ មិន​មែន​អត់​ប្រយោជន៍​ទេ​ ព្រោះ​វា​អាច​ជួយ​ពន្យល់​​ពី​​សកម្មភាព​នា​នា​របស់​លោក​ ដែល​​ជះ​ឥទ្ធិពល​ទៅ​លើ​តួ​អង្គ​ដទៃ​ទៀត​ រហូត​ដល់​ជាប់គុក​ច្រវាក់​​ ​ថែម​អាច​ពន្យល់​ជំហាន​ជា​បន្តរបស់​លោក​ទៀត​ផង​។ បន្ត​ទៅ​នេះ​ យើង​នឹងបញ្ជាក់​ថា​ ​​គេពិបាក​អះ​អាង​ថា​ រដ្ឋាភិបាល​គ្មាន​ចេតនា​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ ណាស់​ ទោះ​បីពួក​គេ​ពិត​ជា​គ្មាន​ចេតនា​ចង់​ចាប់​ខ្លួន​លោក​ សម​ រង្ស៊ី​ ក៏​ដោយ​ នេះ​ក៏​​ព្រោះ​លោក​ ហ៊ុន​ សែន​ មើល​ទៅ​កាន់​លោក​ កឹម​ សុខា​ ជា​បន្លា​ក្នុង​កែ​វ​ភ្នែក​ រី​ឯ​លោក​ សម​ រង្ស៊ី ​វិញ​ ត្រឹម​តែ​ជា​គូ​ប្រជែង​ងាយ​ទប់​ទល់​តែ​ប៉ុណ្ណោះ​។

មាន​ការ​​ប្រើ​កង​កម្លាំង​ឆែក​ឆេរ​ដល់​ឡាន​លោក​ កឹម​ សុខា ​ដែល​ទំនង​ជា​បញ្ជា​លោក​នាយករដ្ឋមន្ត្រី​ជា​ជាង​តុលាការ​ ​ប៉ុន្តែ​ប្រទះ​ឃើញ​តែ​ភរិយាលោក​​ក្នុង​ឡាន បន្ទាប់​មក​​​ក៏​តាម​ទៅ​រក​និង​ឡោម​ព័ទ្ធទី​ស្នាក់​ការ​គណបក្ស​សង្គ្រោះ​ជាតិនៅចាក់អង្រែទៀត​​​ ដែល​សកម្មភាព​នេះ​មិន​ទំនង​ជា​បញ្ជាក់់់​ថា ​គ្មាន​បំណង​ចាប់​ខ្លួន​នោះ​ទេ​ ទោះ​បី​ពិត​ជា​គ្មាន​ការ​ចាប់ខ្លួន​កើត​ឡើង​ដូច​សម្តី​របស់​លោក​ ហ៊ុន​ សែន​ ប្រាប់​លោក ​កឹម​ សុខា មែន​​ក៏​ដោយ​។​ មានការ​​ស្វែង​រក​ទីតាំង​​ពិត​ប្រាកដ​ដែល​លោក​ កឹម​ សុខា​ ស្នាក់​នៅ ​តាំង​ពី​ក្នុង​ឡាន​រហូត​ដល់​តាម​ទី​ស្នាក់​ការ​បក្ស​ មន្ត្រី​បក្ស​ប្រឆាំងបាន​ត្រឹម​តែ​បង្ហើប​ថា​ នៅ​កន្លែង​ដែល​មាន​សុវត្ថិភាព​តែ​ប៉ុណ្ណោះ​ រួច​​​ក្រោយ​ពី​លាក់​កំបាំង​មួយ​រយៈ​ខ្លី​មក ​ក៏​មានការ​​ប្រកាស​ជាសាធារណៈ ដោយ​សមាជិក​បក្ស​ប្រឆាំង​​ថា​ លោក​ កឹម​ សុខា​ កំពុង​ស្នាក់​នៅ​ទី​ស្នាក់​ការ​បក្ស​ មិន​បាន​ចាក​ពី​ទៅ​បរទេស​ដូច​ពាក្យ​ចចាមអារាម​​ឡើយ​, ជា​អ្វី​ដែល​សាធារណមតិ​មួយ​ចំនួន​​រំពឹងទុក​​ យោល​​តាម​​​បទ​ពិសោធ​និរទេស​ខ្លួន​ច្រើន​លើក​របស់​​លោក​ សម​ រង្សី​។

គេអាច​​ពន្យល់​ថា តាក់ទិច​នយោបាយ​​ត្រូវ​លាក់​កំបាំង​ពី​ចេតនា​ពិត​របស់​ខ្លួន​ បើមិន​ចង់​ចាប់​ ​ត្រូវ​ធ្វើ​ឱ្យ​ដូច​ចង់​ចាប់​មែនទែន​ ប៉ុន្តែទោះ​បី​យ៉ាង​ណា​ ​ពួក​គេ​មិន​បាច់​ធ្វើ​ច្រើន​ដល់​ម្លឹងទេ​​ បើ​គ្រាន់​តែ​ចង់​បំភ័យ​លោក​ កឹម​ សុខា​ ឱ្យ​រត់​ចោល​ស្រុក​ ដូច​លោក​ សម ​​រង្ស៊ី​។ ឧបមាថា​​លោក​ កឹម​ សុខា​ ពិត​ជា​នៅ​ក្នុង​ឡាន​ជា​មួយ​ភរិយា​ តើ​គេ​អាច​ជឿ​បាន​កម្រិត​ណា​ថា​នឹង​មិន​​​ចាប់ខ្លួន​បើ​ប្រទះ​ឃើញ​តាម​ការ​រំពឹង​ទុក​​? គេ​ពិបាក​ជឿ​ណាស់​ថា​ ​កង​កម្លាំង​នឹង​​ជា​គ្រាន់​តែ​ពិនិត្យមើល​​វត្តមាន​លោក​ កឹម​ សុខា​ ហើយ​ចាក​ចេញ​ដោយ​ដៃ​ទទេក្នុង​ករណី​ប្រទះ​ឃើញ​លោក​​​ ស្រប​ពេល​ដែល​មាន​ការ​​កោះ​ហៅ​ពី​តុលាការ​ជា​ច្រើន​ដង​ ព្រម​ទាំង​មាន​​ការ​គំរាម​ពី​លោក​នាយករដ្ឋមន្ត្រី​ផង​ ហើយ​សភា​បក្ស​កាន់​អំណាច​បាន​បក​ប្រែតាម​អំពើ​ចិត្ត​ថា​ ការ​បដិសេធ​មិន​ចូល​ខ្លួន​ទៅ​បំភ្លឺ​នៅ​តុលាការ​​ថាជា​បទ​ល្មើស​ជាក់​ស្តែង​ទៅ​ទៀត​ ដើម្បី​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ការប៉ុន​ប៉ង​​ចាប់​ខ្លួនលោក​ កឹម​ សុខា​ ដែល​នៅ​មាន​អភ័យឯកសិទ្ធិ​តំណាងរាស្ត្រ​ មិនទាន់​​ត្រូវ​បាន​ដក​ ព្រោះ​គណបក្ស​ប្រជាជន​មាន​សំឡេង​មិន​គ្រប់​ ២/៣​ ដើម្បី​ដក​​។ បក្ស​កាន់​អំណាច​បាន​ប្រឹង​ប្រែង​ពង្រីក​សាច់​រឿង​ រហូត​រាល​ដាល​ដល់​តួ​អង្គ​បន្ទាប់​បន្សំ​ដែល​ជា​សង្គម​ស៊ីវិល​និង​អគ្គលេខាធិការ​រង​គ.ជ.ប. ត្រូវ​បាន​ចាប់​ខ្លួននិង​​ជាប់​ពន្ធនាគារ​ និងថ្មីៗ​ពន្យារ​រយៈ​ពេល​ជាប់​ពន្ធានាគារ​​ទៅទៀត​ ​ពី​បទ​សូក​ប៉ាន់​សាក្សី​,​ ​លោក​ កឹម​ សុខា​ ដែល​ជា​តួ​ឯក ​មិន​ទំនង​ជា​អាច​នៅ​ក្រៅ​សាច់​រឿង​នោះ​ទេ​

​របាយការណ៍របស់គណ​បក្ស​ប្រជាជន​​​​ស្ដី​ពី​សកម្មភាព​ទូទៅ​ឆមាស​ទី​១​ និង​ទិស​ដៅ​ភារកិច្ច​របស់​គណបក្ស​ឆមាស​ទី​២​ នៃ​ឆ្នាំ​២០១៦​ បាន​សរសេរ​​ថា​ នឹងធ្វើឲ្យដៃគូប្រកួតមួយនេះចុះខ្សោយតាមរយៈតុលាការ៖​ «​ក្នុង​ស្ថានភាព​ដែល​គណបក្សប្រឆាំង​កំពុង​មាន​វិបត្តិ​ក្បាលម៉ាស៊ីន​ដឹកនាំ​ និង​ប្រឈម​ជាមួយ​បញ្ហា​ផ្ទៃក្នុង​ជា​ច្រើន​ [យើង​]ត្រូវ​បន្ត​ធ្វើ​ឲ្យ​ពួក​គេ​កាន់តែ​ចុះ​ខ្សោយ​ តាម​រយៈ​[ការ​]បន្ត​នូវ​យុទ្ធសាស្ត្រ​របស់​យើង​…​មុន​និង​ក្រោយ​បោះ​ឆ្នោត​ គណបក្ស​យើង​ត្រូវ​ប្រឈម​នឹង​ការ​វាយលុក​ខ្លាំង​ពី​ពួក​ប្រឆាំង ​តែ​មក​ដល់​ពេល​នេះ​ ប្រៀប​បាន​ផ្លាស់​ប្ដូរ​ហើយ ​យើង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​វាយលុក​ ឯ​គណបក្សប្រឆាំង​គ្រាន់តែ​ស្ថិត​ក្នុង​ស្ថានភាព​ទប់ទល់​ប៉ុណ្ណោះ​។ ទោះបី​ដូច្នេះ​ក៏​មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​ ត្រូវ​ចេះ​ក្ដាប់​យក​ឱកាស​និង​ចេះ​វាយលុក​ឲ្យ​បាន​ខ្លាំង​និង​ស្រុះដៃ​គ្នា​»​។ បាន​សេចក្តី​ថា​ គណបក្ស​ប្រជាជន​បាន​ព្យាយាម​វាយ​ប្រហារ​គណបក្ស​ប្រឆាំង​យ៉ាង​ខ្លាំង ហេតុ​នេះ​ហើយ ​ទើប​​មាន​ការ​ចាប់​សមាជិក​សកម្មជន​គណបក្ស​ប្រឆាំង​មួយ​ចំនួន​ដាក់​ពន្ធនាគារ​, បន្ទាប់​ពី​ជោគ​ជ័យ​ដដែល​លើ​ការ​បណ្តេញ​លោក​ សម​ រង្ស៊ី និងឃាត់​ប្រធាន​បក្ស​នេះ​មិន​ឱ្យ​ចូល​ស្រុក​ ទិស​ដៅ​នៅ​សល់​គឺ​មាន​តែ​លោក​ កឹម​ សុខា​ តែ​ប៉ុណ្ណោះ​ ឯ​អវត្តមាន​ប្រធាន​ស្តី​ទី​នេះ​ មិន​ថា​ជា​ការ​និរទេស​ឬ​ជាប់​គុក​នោះ​ឡើយ​ នឹង​ធ្វើ​បក្ស​ប្រឆាំង​គ្មាន​មេ​កើយ​ដឹក​នាំ​ ធ្វើ​ឱ្យ​បក្ស​នេះ​ចុះ​ខ្សោយ​យ៉ាង​​ខ្លាំង,​​ ដោយ​ផ្អែក​លើ​ការ​ថ្លឹង​ថ្លែង​ហេតុផល​​នេះ​នៅ​តែ​បញ្ជាក់​ថា​ លោក​ ហ៊ុន​ សែន​ ចង់​ដក​បន្លា​ចេញពី​​កែវ​ភ្នែក​។

តាំង​ពី​ដើម​មក​ លោក​ ហ៊ុន​ សែន​ ពុំ​បាន​មើល​ទៅ​កាន់​លោក​ កឹម​ សុខា​ ថា​ដូច​នឹង​លោក​ សម​ រង្ស៊ី​ នោះ​ទេ នេះ​មិន​មែន​ជា​ការ​ចេះ​តែ​បក​ស្រាយ​ទេ​ ដែល​ការ​ពិត​ក្នុង​គំនិត​លោក​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង ស្តែង​ពី​សកម្មភាព​និង​សម្តី​របស់​លោក​​។ លោក​ ហ៊ុន​ សែន​ ចាត់​ទុក​លោក​ កឹម​ សុខា​ ជា​មនុស្ស​ក្បាល​រឹង​ ពិបាក​និយាយ​គ្នា​ ជា​ឆ្អឹង​ទទឹង​ក​ ជា​អ្នក​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ការ​ចរចា​ អ៊ីចឹង​ហើយ​ទើប​លោក​​សន្ទនា​ជា​មួយ​លោក​ សម​ រង្ស៊ី​ បង្កើត​វប្បធម៌​សន្ទនា​ ដោយ​គ្មាន​លោក​ កឹម សុខា​។ បន្ទាប់​បរាជ័យ​នៃ​វប្បធម៌​សន្ទនា​ដែល​មិន​អាច​សន្ទនា​បំបែកមេបក្ស​ទាំង​ពីរបាន​​ ក៏​បណ្តេញ​លោក សម​ រង្ស៊ី​, សន្ទនា​ជា​មួយ​លោក​ កឹម​ សុខា​ វិញ​ម្តង​។​ សំអាង​លើ​របៀបដែល​លោក​មើល​ទៅ​កាន់​លោក​ កឹម​ សុខា​​ ​មិន​ទំនង​ជា​បង្ហាញ​លោក​គ្មានចេតនា​ចង់​​ចាប់ខ្លួន​​លោក​ កឹម​ សុខា​​ នោះ​ឡើយ​។

ការ​គំរាម​ធ្វើ​មហាបាតុកម្ម​ដោយ​បក្ស​ប្រឆាំង​ ព្រម​ទាំង​សម្ពន្ធមិត្ត​ ដូច​ជា​ សហជីព​លោក​ ជា​ មុន្នី​ និង​សមាគម​គ្រូ​បង្រៀន​ឯករាជ្យលោក​ រ៉ុង​ ឈុន​​ ជា​បន្ត​បន្ទាប់​ ស្រប​ពេល​នឹង​ការ​ធ្វើ​ដំណើរ​ចូល​ទី​ក្រុង​របស់​អ្នក​គាំទ្រ​បក្ស​ប្រឆាំង​តាម​បណ្តា​ខេត្ត​នា​នា​, ​​រដ្ឋាភិបាល​ក៏​បញ្ឈប់​សកម្មភាព​ប៉ុនប៉ង​ចាប់​ខ្លួន​លោក​ កឹម​ សុខា។​ នេះ​បញ្ជាក់​​ថា​​ តាក់ទិច​ទម្លាយ​រឿង​អាស្រូវ​អប្រសិទ្ធភាព​ដោយ​ពុំ​អាច​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឈប់​គាំទ្រ​លោក​ កឹម​ សុខា​ បែរ​ជាជំរុញ​ឱ្យ​ពួក​គេ​​ធ្វើ​ដំណើរ​ចូល​ក្រុង​មក​រារាំង​ការ​ចាប់​ខ្លួន​លោក​ទៅ​វិញ​។ សម្តី​របស់​លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ កាលពីដើមខែកញ្ញា​ ឆ្នាំ​២០១៦ ថា នគរបាលប្រហែលជាមិនអនុវត្តតាមដីកាចាប់ខ្លួនលោក កឹម សុខា ឡើយបើការអនុវត្តនេះ​អាច​ធ្វើឲ្យមានចលាចល, គាំទ្រ​ទស្សៈ​ដែល​ថា​ មក​ពី​មាន​ប្រតិកម្ម​ពី​សកម្មភាព​ខាង​លើ​ទាំង​នេះ​ទើបមាន​បញ្ជា​ឱ្យ​កង​កម្លាំង​បញ្ឈប់​ការ​តាម​ចាប់​ខ្លួន​​។ ទំនង​មិន​មែន​ជា​ការ​គាប់​ចួន​ឡើយ​ ដែល​រដ្ឋាភិបាល​ព្រួយ​ខ្លាច​ពី​ចលាចល​ ចេញ​ពី​ការ​អនុវត្ត​ដីកា​ចាប់​ខ្លួន​នេះ​ ត្បិត​អីពួក​គេ​ដឹង​ថា​ ជាការ​​រំលោភ​ច្បាប់​ រំលោភ​អភ័យឯកសិទ្ធិ​តំណាង​រាស្ត្រ​, ​រដ្ឋាភិបាល​តែង​ចោទ​បាតុកម្ម​ជា​គ្រឿង​បង្ក​ចលាចល​ ករណី​នេះ​​បែរ​ជា​ថា​ការ​អនុវត្ត​ដីកា​តុលាការនាំ​ឱ្យ​កើត​ចលាចល​​ទៅ​វិញ​ អ្វី​កំណត់​ថា​បង្ក​ចលាចល​ស្រេច​តែ​នឹង​មាត់​អ្នក​មាន​អំណាច​។ មេ​រៀន​ពី​បាតុកម្ម​ឆ្នាំ​២០១៣ បាន​ធ្វើ​ឱ្យ​គណបក្ស​ប្រជាជន​​ភ័យ​ខ្លាច​ពី​ចលនា​ប្រជាជន​ឬ​បដិវត្តន៍​ពណ៌​ខ្លាំង​ណាស់​ ទើប​ទាម​ទារ​ឱ្យ​មាន​ការ​សុំ​ច្បាប់​មុន​នឹង​ប្រមូល​ផ្តុំ​គ្នា​ពី​អាជ្ញាធរ​ ទោះ​វា​ជា​អ្វី​ដែល​ច្បាប់​បាតុកម្ម​ចែង​​ ប៉ុន្តែ​​​​ទោះ​សុំ​ឬ​មិន​សុំ​ ក៏​ពួក​គេ​មិន​ដែល​អនុញ្ញាត​ ដោយមិន​សំអាង​លើ​ច្បាប់​ដែល​មិន​បាន​ហាម​មិន​ឱ្យ​ធ្វើ​បាតុកម្ម​ ហាក់​ដូច​មាត់​អាជ្ញាធរ​គឺ​ជា​ច្បាប់​តែ​ម្តង​ ​ច្បាប់រដ្ឋ​ធម្មនុញ្ញ​​និង​ច្បាប់​កូដកម្ម​​បាតុកម្ម​​មាន​ទាំង​ចែង​ធានាសិទ្ធិ​សេរីភាព​​​ជួប​ជុំ​គ្នា​ទៅ​ទៀត​។ ដូច្នេះ​ គេ​ពិបាក​ជឿ​ណាស់​ថា​ បក្ស​ប្រជាជន​មិន​បារម្ភ​ពី​ការ​គំរាម​ធ្វើ​មហាបាតុកម្ម​ក្នុង​ករណី​មាន​​ការ​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ បើពួក​គេ​ខ្លាច​សូម្បី​​ប្រជាជន​ប៉ុន្មាន​នាក់​ជួប​ជុំ​គ្នា​ មិន​អនុញ្ញាត​​ផងនោះ​​។ យោល​តាម​នេះ​ សម្តី​​របស់​លោក​ ហ៊ុន​ សែន អស់​ប៉ុន្មាន​អស់​ទៅ​ គឺ​មិន​គួរ​ឱ្យ​ជឿទេ​​ បើ​ការ​ចាប់​លោក​ កឹម​ សុខា​ អាច​បំផ្ទុះ​ជា​ចលនា​ប្រជាជន​ គឺ​ពិត​ជា​អាច​ធ្វើ​ឱ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ព្រួយ​បារម្ភ​​មិន​ហ៊ាន​ប្រថុយ​។

ប្រតិកម្ម​​នឹង​ការ​គំរាម​ធ្វើ​បាតុកម្ម​របស់​បក្ស​ប្រឆាំង​​, ​ក្នុងពិធីខួបលើកទី៦៥ឆ្នាំ​នៃការបង្កើត​អគ្គនាយកដ្ឋាន​គយ​​​និងរដ្ឋាករនៅ​រាជធានីភ្នំពេញ Top of FormBottom of Formថ្ងៃ​ទី​២៩ មិថុនា​ ២០១៦ លោក ហ៊ុន សែន បានបោះ​សម្តី​ធ្ងន់ៗ​ទៅ​កាន់​លោក កឹម សុខា ថា​៖ «នែ អាអ្នកនៅក្នុងកន្លែងអាបួនជ្រុង, ចេញមុខ! ចេញ​មក! មិន​ទាន់​ដល់​ម៉ោងទេ​ លោក​ឯង​ថា​ លោក​ ហ៊ុន​ សែន​ ភ័យ​, ភ័យ​ខ្លាច​ចាញ់​ឆ្នោត [តាម​សារព័ត៌មាន​បរទេស​ រ៉យ​ទ័រ ដែល​លោក​ កឹម​ សុខា​ ថា​ ហ៊ុន​ សែន​ ខ្លាច​ចាញ់​ឆ្នោត​​]​, ​ តែ​ខ្ញុំសូម​ផ្តាំទៅលោកឯង ជាប់គុក…​ចេញអត់រួចទេ ប្រាប់ឱ្យហើយ អាគុក! កុំព្រហើនអ្ហា​។…សូម​អស់​លោក​ទូត​នា​នា​ ប្រាប់​ឱ្យ​ហើយ​ណា​ រឿង​បុគ្គល​ជា​មួយនឹង​​ច្បាប់​ អត់​មាន​មក​ញ៉េម​ញ៉ុម​នោះ​ ខ្ញុំ​អត់​មាន​ទៅ​បក្ស​នយោបាយ​ទេ​។ ហើយ​រឿង​នេះ​កំពុង​ដំណើរ​ការ​តុលាការ​  នៅ​ពេល​ក្រោយ​ បើសិន​ជា​​តុលាការ​បញ្ជា​ គឺ​ប្រហែល​ជា…​កម្លាំង​គឺសុំ​​ប៉ុន្មាន​ក៏​​ទប់​វា​​មិន​ជាប់​ដែរ​ បើ​គេ​ចង់ចាប់​​នោះ​។…គេមិនទាន់ដល់ម៉ោងធ្វើទេ បើ​គេ​​ដល់ម៉ោងធ្វើ គេធ្វើ​ហើយ។​…ខ្លួន​ឯង​​កំពុង​ឃុំ​ខ្លួន​ឯង​សោះ​ហ្នឹង​!…ក៏​ប៉ុន្តែ​បើលោកមិនទៅ​រកគុកក៏គុកទៅរក​លោកដែរ។​…អាម្សៀ​នេះ​កំពុងតែភ័យ មិនទាំងហ៊ានចេញ​ចុះមកក្រោម ខ្លាចគេទៅចាប់ទៀតហើយមកថាលោក ហ៊ុន សែន ភ័យ។ ហើយ​សូម្បី​តែ​ខ្ញុំក៏​​អត់​មាន​សិទ្ធិ​លូក​លាន់ទៅ​​ក្នុង​បញ្ហាការ​ងារ​​តុលាការ​ទេ​…ប៉ុន្តែ​បើ​លោកឯង​​មិន​ចេញ​ ក៏​គង់តែ​​ថ្ងៃ​ណា​មួយ​ គេ​យក​ចេញ​ដែរ​ ហើយកុំគំរាមធ្វើបាតុកម្ម…បន្លាជួសបន្លានឹងអាច​កើតមាន។…ប្រយត្ន​ដល់​ម៉ោង​ ស្រាប់​តែ​តុលាការ​ចេញ​បញ្ជា​ ដល់​ម៉ោង​ទៅ ​​​ហ៊ុន​ សែន​ បញ្ជាខ្លួន​ឯងអ្ហាស​​​ ព្រោះ​អាហ្នឹង​តុលាការ​បញ្ជា​ ដូច្នេះ​កម្លាំង​ចល័តរហ័ស​​ចូល​ផ្លុក​ អត់​មាន​លោក​ឯង​​អី​ទាន់​ទេ​។ អាហ្នឹង​គេ​វៃ​ខ្នោះ​អ្ហាស​!…បើ​គង់​តែ​គេ​ឃុំ​ខ្លួន​ឯង​ដដែល​ ឱ្យ​នៅ​ហ្នឹង​សិន​ទៅ​ ព្រោះ​អា​បទ​ល្មើស​ហ្នឹង​…​ក្នុង​ក្រម​ព្រហ្មទណ្ឌ​…គេ​ចែង​ច្បាស់​ណាស់​ បទ​ល្មើស​…ពី​១ខែ​ទៅ​៦ខែ​ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​ទេ​ ក៏​ប៉ុន្តែ​ខ្លួន​ឯង​ទៅ​ស្តាប់​អាណា​នោះ ទៅ​ឃុំ​ខ្លួន​ឯង​លេង​ទៅ​​។» មិន​មែន​តែ​លោក​ កឹម​ សុខា​ ទេ​ ដែល​រង​ការ​គំរាមនា​កាល​ណោះ​​, ​បណ្ដាអង្គទូតបរទេសនា​នា ដែល​បាន​ចុះ​សួរ​សុខ​ទុក្ខ​លោក​ កឹម​ សុខា​​ ដូច​ជា​ សហរដ្ឋ​អាមេរិក​ សហភាពអឺរ៉ុប បារាំង និងកាណាដា, ក៏​ដោយទៅ​ជា​មួយ​ដែរ ដោយ​លោក​នាយករដ្ឋមន្ត្រី​ចាត់​ទុក​ទង្វើ​នេះ​​ថា​ជា​ការ​ស្តាប់​តែ​ម្ខាង​ និង​អាច​នាំ​ឱ្យ​ប៉ះ​ពាល់​ដល់​ទំនាក់​ទំនង​កម្ពុជា​នឹង​ប្រទេស​ទាំង​នោះ​។

សម្តី​គ្រោត​គ្រាតនៅ​កំលុង​ព្រឹត្តិការណ៍​ប៉ុន​ប៉ង​ចាប់​ខ្លួន​នេះ​ ពិត​ជា​ខុស​ស្រឡះ​ពី​សម្តី​ក្នុង​ខ្សែ​អាត់​ដែល​លោក ហ៊ុន​ សែន​ ត្រូវ​ការ​​លួង​លោម​ប្រើ​សម្តី​ល្អដាក់​​លោក​ កឹម​ សុខា​ ថា​រាប់​ជា​ដៃ​គូនិង​អាច​ធ្វើ​ការ​ជា​មួយគ្នា​​បាន​​។ អះ​អាង​ថា​មិន​អាច​លូក​លាន់​ក្នុង​កិច្ច​ការ​តុលាការ​ ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី​ខ្លួន​ឯងបាន​​គំរាម​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ ទាំង​តុលាការ​មិន​ទាន់​ចេញ​បញ្ជា​ឱ្យ​ចាប់​ផង ទាំង​លោក​ខ្លួន​ឯង​លើក​ឡើង​ពី​ក្រម​ព្រហ្មទណ្ឌ​ថា​បទ​ល្មើស​របស់​លោក​ កឹម​ សុខា​ មិន​ត្រូវ​បាន​ឃុំ​ខ្លួន​​ តែ​​លោក​ខ្លួន​ឯង​ទើប​តែ​គំរាម​ដាក់​ខ្នោះ​លោក​ កឹម​ សុខា​ ផ្ទុយ​ពី​ច្បាប់​ដែល​ខ្លួន​បាន​លើក​ឡើង​ នៅ​ក្នុង​សន្ទរកថា​ដដែល​នេះ, ហើយ​មែន​ទែន​ទៅ​ការ​ថ្លែង​របស់​លោក​គឺ​ជា​ការ​លូក​ដៃ​ក្នុង​ដំណើរ​ការ​រួច​ស្រេច​ទៅ​ហើយ​, ឌឺ​លោក​ កឹម​ សុខា​ ថា​ឃុំ​ខ្លួន​ឯងឥត​អំពើ​​ ប៉ុន្តែ​គឺ​លោក ហ៊ុន​ សែន​ ដែល​ជា​អ្នក​​ញ៉ាំង​ឱ្យ​លោក​ កឹម​ សុខា​ ទាល់​ច្រក​រហូត​ដល់​ឃុំ​ខ្លួន​ឯងដូច្នេះ​ ​ដើម្បី​ចៀស​វាង​ការ​ចាប់​ខ្លួន​, ទាំង​អស់​នេះ​បញ្ជាក់​ដដែល​ជា​ដដែល​ថា​​ បញ្ជា​របស់​លោក​នាយករដ្ឋមន្ត្រី​ធំ​ជាង​ច្បាប់​និង​តុលាការ​ទៅ​ទៀត​​, លោក​ជា​ដើម​ចម​នៃ​អ្វី​ដែល​កើត​ឡើង​ទៅ​លើ​ខ្លួន​លោក​ កឹម​ សុខា​។

ចំណែក​ឯ​ហេតុ​ផល​ពន្យល់​ពី​ការ​កែ​ប្រែ​របៀប​និយាយ​​របស់​សម្តេចពី​ការ​គំរាម​ចាប់​ខ្លួន​និង​ការ​លួង​លោម​ថា ​មិន​ចង់​ចាប់​ ​គឺថា​​ ពី​មុន​ លោកបាន​​ប្រើ​មធ្យោបាយ​ក្តៅ​ ចង់​ចាប់​ខ្លួន​លោក​ កឹម​ សុខា,​ ក្រោយ​ពើប​ប្រទះ​នឹង​ឧបសគ្គ​ លោក​បែរ​មករក​​មធ្យោបាយ​ត្រជាក់វិញ​​ សន្ទនា​បញ្ឆោត​ ដើម្បី​ដោះ​ដូរ​លក្ខខណ្ឌ​គ្នា​ ដូច្នេះ​ហើយ​ទើប​សម្តេច​ព្យាយាម​​ធ្វើ​ឱ្យ​លោក​ កឹម​ សុខា​ ជឿ​ថា ​លោក​គ្មាន​បំណង​ចង់​ចាប់​លោក​ កឹម​ សុខា​, ព្យាយាម​ពន្យល់​ ក៏​ព្រោះ​តែ​លោក​ដឹង​ថា​ កឹម​ សុខា​ នៅ​តែ​ជឿ​ថា​ លោក​ ហ៊ុន​ សែន​ នៅ​តែ​ចង់​ចាប់ខ្លួន​លោក​​។

អំណះ​អំណាង​ថា​ រដ្ឋាភិបាល​មិន​ចង់​ចាប់​ទេ​ ព្រោះ​បើ​ចង់​មែន,​ ​កម្លាំង​ប្រជាជន​នៅទី​​ស្នាក់​ការ​បក្ស​ប៉ុណ្ណឹង​មិន​អាច​ទប់​ជាប់​ទេ​, ជា​ការ​ពិត​ ប្រជាជន​ប៉ុណ្ណឹង​មិន​អាចការ​ពារ​លោក​ កឹម​ សុខា​ បាន​ឡើយ​ ប៉ុន្តែ​ថា​តើ​មាន​អ្វី​កើត​ឡើង​ក្រោយ​ពី​ចាប់​លោក​ កឹម​​ សុខា​។ ប្រាកដទេ​ថា​​ចំនួន​អ្នកធ្វើ​បាតុកម្ម​ទាម​ទារ​ឱ្យ​ដោះលែង​លោក​ កឹម​ សុខា​ មាន​ចំនួនតែ​ប៉ុណ្ណឹង​ មិន​កើន​ឡើង​​? ​អ្នក​​ដែល​គាំទ្រ​បក្ស​ប្រឆាំង​មិន​មែន​តិច​តួច​ដូច​​អាណត្តិ​មុនៗ​ទេ​ ចំនួនអ្នក​ចូល​រួម​អតិបរមាក្នុង​បាតុកម្មកាល​ពី​​ឆ្នាំ​២០១៣ មាន​រហូត​ដល់​ប្រមាណ​ ១សែន​នាក់​។ រដ្ឋាភិបាល​បាន​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​និង​ដាក់គោល​​នយោបាយ​គាំពា​ជា​ច្រើន​ ក្រោយ​បាតុកម្មឆ្នាំ​​២០១៣ ដើម្បី​សម្រន់​កំហឹង​មហាជន​ក្រោយ​បាតុកម្ម​ ការ​ចម្លង​គោល​នយោបាយ​បក្ស​ប្រឆាំង​ដែល​ទទួល​គាំទ្រមួយ​ផ្នែក​​ព្រោះ​គោល​នយោបាយ​នេះ​។ វា​មិន​ទំនង​ទេ​ បើ​ពួក​គេ​ហ៊ាន​ប្រថុយ​ប្រឈម​នឹង​កម្លាំង​មហាជនម្តង​ទៀត​​ ដើម្បី​​ចាប់​ខ្លួន​លោក​ កឹម​ សុខា​ ស្រប​ពេល​ដែល​ពួក​គេ​ប្រឹង​ប្រែង​បញ្ចៀស​លទ្ធភាព​នេះ​ មិន​ចង់​ឱ្យ​​កំហឹង​ប្រជាជន​​​ផ្ទុះ​ជាកម្លាំង​​បាតុកម្ម​។

ជា​រួម​ ហេតុ​ផល​​និង​ភស្តុតាង​ទាំង​នេះ​បញ្ជាក់​ថា​ ​ មាន​លទ្ធភាពចង់​ចាប់​​ខ្ពស់​ជាង​មិន​ចង់​ចាប់​ យ៉ាង​ហោច​ណាស់ យើង​អាច​សន្និដ្ឋាន​ថា​ ​ព្រឹត្តិការណ៍​នៅ​ថ្ងៃ​ទី​២៦ ឧសភា ពិត​ជា​បំណង​ចង់​ចាប់​ ទោះ​​​មិន​អាច​ប្រាកដ​​ ១០០% ​​ក៏​ដោយ ឬ​មាន​ការ​កែ​ប្រែ​ការ​សម្រេច​ចិត្ត​នៅ​ក្រោយ​មក​ក៏​ដោយ​​។

ការ​សន្និដ្ឋាន​ទៅ​លើខ្លឹម​សារ​​ខ្សែ​អាត់​វិញ​ គេ​ពិបាក​ជឿ​សម្តី​ទាំង​អស់​របស់​លោក​ ហ៊ុន​ សែន​ ណាស់​ ​ ទោះ​បី​លោក​ខ្លួន​ឯង​ទទួល​ស្គាល់ថា​​ជា​សំឡេង​របស់​លោក​ ១០០% ហើយ​សន្ទនា​តាម​ទូរសព្ទ​នេះ​​អាច​ជា​ការ​ពិតកើត​ឡើង​មែន​ទែន​​ក៏​ដោយ​ ក៏​ពុំ​មែន​មាន​ន័យ​ថា​ គ្មាន​ពាក្យ​កុហក​នៅ​ក្នុង​សំឡេង​ពិត​ទាំង​អស់​នោះ​ដែរ​ ត្បិត​អី​មានពាក្យ​សម្តី​ជា​ច្រើន​មាន​​ខ្លឹម​សារ​ផ្ទុយពី​​សកម្មភាព​របស់​លោក​ ផ្ទុយ​សូម្បី​តែនឹង​សម្តី​របស់​លោក​ខ្លួន​ឯង​​​នៅ​ក្នុង​ខ្សែ​អាត់​ដដែល​នេះ​​។ លោក​នាយករដ្ឋមន្ត្រី​កុហក​លោក​ កឹម​ សុខា​ មិន​ចម្លែក​ទេ​, សំខាន់​ត្រង់​ថា​តើ​លោក​ កឹម​ សុខា​ ជឿ​ប៉ុន្មាន​ភាគ​រយ​។​

ការលួច​ស្តាប់​ថត​ទុក​និង​​ទម្លាយ​ខ្សែ​អាត់​ជា​តាក់​ទិច​យក​ប្រៀប​គូ​ប្រជែង​ដោយ​ដឹង​ពី​សត្រូវ​ដោយ​មិនឱ្យ​សត្រូវ​ដឹង​ថា​ខ្លួន​ដឹង​ ដែល​គណបក្ស​ប្រជាជនមិន​ដែល​មិន​ឱ្យ​តម្លៃ​។ ​​ ការ​បង្កប់​រនុក​ក្នុង​ដើម្បី​លួច​ថត​សំឡេង​​ ​ធ្លាប់​បានជួយ​​វែក​មុខ​អ្នក​នៅ​ពី​ក្រោយ​ការ​ប៉ុន​ប៉ង​ធ្វើ​ឃាត​បរាជ័យ​ទៅ​លើ​​​លោក​ ហ៊ុន​ សែន​ ​នៅ​ថ្ងៃ​ទី​២៤ កញ្ញា​ ១៩៩៨ ដោយ​គ្រាប់​រ៉ុក្កែត​ បេ​-៤០។ ​ក្នុង​ស្នាដៃ​ សាក្សី​ប្រវត្តិសាស្ត្រ​ លោក​ Benny Vidyono បាន​រៀប​រាប់​៖ លោក​ អ៊ុង​ ផន​ រដ្ឋមន្ត្រី​ក្នុង​ជួរ​គណរដ្ឋមន្ត្រី​មក​ពី​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ ដែល​ជា​ជន​បង្កប់​និង​ជា​អ្នក​បង្ក​ជម្លោះ​ បាន​ថត​ជា​សំឡេង​នូវ​ការ​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​នឹង​ទ្រង់​ សិរីវុឌ្ឍ​ ទៅ​លើ​​រឿង​​ចោទ​ប្រកាន់អំពី​រឿង​ពុក​រលួយ​ក្នុង​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​ ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ទ្រង់​ សិរី​វុឌ្ឍ​ ​និង​លោក​ សម​ រង្ស៊ី​។ និយាយ​ឱ្យ​ងាយយល់​ទៅ​គឺ​ថា​ ទ្រង់​សិរី​វុឌ្ឃ​និង​លោក​ សម​ រង្ស៊ី​ បាន​ទទួល​លុយ​ពី​លោក​ ថូម៉ាស់​ ដឺឡារុយ​ នៅ​ក្នុង​ទី​ក្រុង​ឡុន​ដុន​ សម្រាប់​កម្រៃ​នៃ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន​សញ្ញាតិ​កម្ពុជា​។ ទ្រង់​ សិរីវុឌ្ឍ​ បាន​បដិសេធ​តាម​រយៈ​ការ​និយាយ​ទូរសព្ទ​ថា​ មិន​បាន​ធ្វើ​រឿង​នេះ​ទេ​ ហើយ​នេះ​ជា​ការ​ចោទ​ប្រកាន់​របស់​លោក​ ហ៊ុន​ សែន ហើយ​ចំ​ពេល​ខឹង​ផង ​ក៏​បាន​ធ្លោយ​មាត់​ថា​ គំរាម​ចង់​សម្លាប់​លោក​ ហ៊ុន​ សែន​ តែ​ម្តង​ទៅ​។ បុគ្គល​ក្នុង​ជួរ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ដែល​ស្និទ្ធ​នឹង​លោក​ អ៊ុង​ ផន​ បាន​ផ្តល់​កាសែត​ថត​ចម្លង​សំឡេង​នៃ​ការ​សន្ទនា​តាម​ទូរសព្ទ​នោះ​ឱ្យ​ទៅ​លោក​ ស​ ខេង​។ នៅ​ទី​បំផុត​ លោក​ ហ៊ុន​ សែន​ បាន​ទទួល​កាសែត​នេះ​…។ […] នៅ​ថ្ងៃ​សៅរ៍​ ទី​១៨ ខែ​វិច្ឆិកា​ ទ្រង់​រណឫទ្ធិ​ បាន​កោះ​អញ្ចើញ​អង្គ​ទូត​យ៉ាង​ប្រញាប់​នៅ​ក្នុង​រាជ​ដំណាក់​របស់​ទ្រង់​ ដើម្បី​ផ្តល់​ព័ត៌មាន​សម្ងាត់​ត្រួសៗ​ទៅ​លើ​ព្រឹត្តិការណ៍ដែល​បណ្តាល​​ឱ្យ​មាន​ការ​​ចាប់​ខ្លួន​ទ្រង់​ សិរីវុឌ្ឍ​ ដល់​ផ្ទះ​បែប​នេះ​។…បន្ទាប់​មក ទ្រង់​ រណឫទ្ធិ​ បាន​ចាក់នូវ​​ខ្សែ​អាត់​ថត​សំឡេង​ដែល​មាន​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​កន្លះ​ ដែល​បាន​ចោទ​ប្រកាន់​ថា​ជា​សំឡេង​របស់​ព្រះ​អម្ចាស់​ សិរីវុ​ឌ្ឍ​។ នៅ​ក្នុង​ខ្សែ​អាត់​ថត​សំឡេង​នោះ​បាន​និយាយ​ថា​ «ដូច​ដែល​ខ្ញុំ​បាន​ប្រាប់​ឯកឧត្តម​រួច​ហើយ​ថា​ ប្រសិន​បើ​គាត់​នៅ​តែ​បន្ត​ជា​មួយ​នឹង​រឿង​ទាំង​នេះ​ទៀត​ ខ្ញុំ​នឹង​បាញ់​គាត់​ចោល​។ ខ្ញុំ​សូម​​រំឭកលោក​​ឱ្យ​ហើយ​ សូម​​ផ្តាំ​ទៅ​ប្រាប់​លោក​ ហ៊ុន​ សែន​ ឱ្យ​ច្បាស់​ថា​ ខ្ញុំ​មិន​ខ្លាច​គាត់នោះ​​ទេ​​ ប្រសិន​បើ​គាត់​​ចង់​ប្រើ​ហិង្សា​ គាត់​​នឹងប្រាកដ​ជា​​ទទួល​បាន​វា​។ ខ្ញុំ​និយាយ​យ៉ាង​ណា​មុខ​ជា​ធ្វើ​នោះ​មិន​ខាន។​​» […] ខ្សែ​អាត់​ថត​សំឡេង​គ្រាន់​តែ​ចាក់​ផ្សាយ​សំឡេង​មនុស្ស​ម្នាក់​ប៉ុណ្ណោះ​ ឯ​សំឡេង​ដៃ​គូ​សន្ទនា​ម្ខាង​ទៀត​ត្រូវ​បាន​គេ​លុប​ចោល​។…បន្ទាប់​មក​ យើងបាន​​ដឹង​ថា​ សំឡេង​ម្ខាង​ទៀត​នោះ​ជា​សំឡេង​របស់​លោក​ អ៊ុង​ ផន​។

 ការ​លួច​ស្តាប់​ថត​ទុក​សំឡេង​សន្ទនា​របស់​អ្នក​នយោបាយ​មាន​តាំង​ពី​កាល​ណោះ​ម្ល៉េះ​ មិន​មែនទើប​តែ​​ថ្មី​ៗទេ ហើយ​ក៏​ពុំ​មែន​កើត​ឡើង​តែ​ទៅ​លើ​លោក​ កឹម​ សុខា​ និង​ សម​ រង្ស៊ី​ ដែរ​​ ពិត​មែន​តែ​ជា​តាក់ទិច​នយោបាយ​កខ្វក់​ បើ​គេ​សម្លឹង​មើល​ពី​ជ្រុង​​​នយោបាយ, ប៉ុន្តែសម្រាប់​​ការ​សិក្សា​ វា​មាន​តម្លៃ​ជា​ភស្តុតាង​ដ៏​កម្រ​ សំខាន់​ដល់​ថ្នាក់​ត្រូវ​ដក​ស្រង់ត្រង់ៗ​​វែងៗ​ និង​វិភាគលម្អិតច្រើន​ចំណុច​ ព្រោះ​​តម្រុយគួរ​ឱ្យ​កត់​សម្គាល់ក្នុង​ខ្សែ​អាត់​នេះ​​​ បាន​ជួយ​ពង្រីក​ការ​វិភាគ​អ្នក​នយោបាយ​ពី​ឆាក​ខាង​ក្រោយ​ ដែល​ពួកគេ​ចង់​ឱ្យ​យើង​បាន​ទស្សនាតែ​​នៅ​លើ​ឆាកខាង​មុខ​​ដែល​ពួក​គេ​សម្តែង​ឱ្យ​យើង​ឃើញ​ប៉ុណ្ណោះ​។​ គេ​មិន​គួរ​យកការ​សិក្សា​អំពី​អ្នក​នយោបាយ ​មក​លាយ​ឡំ​នឹង​ជំហរ​នយោបាយនោះ​ទេ​ បាន​សេចក្តី​ថា​​ ប្រាកដ​ណាស់ អ្នក​នយោបាយ​អាច​ថ្កោល​ទោស​អំពី​ការ​លួច​ថត​ការ​សន្ទនា​ដោយ​ខុស​ច្បាប់​បាន,​ តែ​អ្នក​សិក្សាវិញ​​ ដោយ​ជំហរ​អព្យាក្រឹត​ គួរ​តែ​អរគុណទំព័រ​​ សីហា​ ទៅ​វិញ​ ដែល​ទម្លាយ​វា​សាធារណៈ​ ផ្តល់ជា​​សាក្ខីភាព​ ដែល​អ្នក​ត្រូវ​បាន​គេ​ថត​សំឡេង​មិន​ចង់​ឱ្យ​សាធារណជន​ដឹង​​។

ដោយ​ ទេព​ រ៉ានិត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ