លោក ឈាង វុន ចោទអាមេរិកថានៅពីក្រោយចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាល

អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន

មន្ដ្រីជាន់ខ្ពស់គណបក្សប្រជាជនលើកឡើងថា មានមនុស្ស និងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនកំពុងចូលរួមក្នុងចលនា «បដិវត្តន៍ពណ៌» ប្រឆាំងរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដោយថា ពួកគេមានការគាំទ្រដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក។

ក្នុងបទបង្ហាញមួយស្ដីអំពី «បដិវត្តន៍ពណ៌៖  វិនាសកម្មនៃសង្គ្រាម» នៅរដ្ឋសភា នាថ្ងៃទី២៣ឧសភាឆ្នាំ២០១៧ អ្នកនាំពាក្យរដ្ឋសភាមកពីគណបក្សប្រជាជនកម្ពុជា​ លោក​ ឈាង វុន ថ្លែងថា មានមនុស្សមួយចំនួនធំចូលរួមក្នុង «បដិវត្តន៍ពណ៌» ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា ដូចជា អ្នកវិភាគ និងបណ្ដាញសារព័ត៌មានដែលលោកថា គាំទ្រដោយបរទេស ប្រើពាក្យសម្ដីញុះញង់ និងអុចអាលរបស់គណបក្សប្រឆាំង ក្រុមអ្នកតវ៉ាជម្លោះដីធ្លី និងអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ រួមទាំងអ្នកឃ្លាំមើលការបោះឆ្នោតជាដើម។

លោក​ ឈាង វុន ចោទថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបានជួយគាំទ្រចលនាបដិវត្តន៍ទាំងនោះ តាមរយៈវិទ្យាស្ថានជាតិ​ដើម្បីលទ្ធិប្រជាធិបតេយ្យ (NDI) វិទ្យាស្ថានសាធារណរដ្ឋអន្ដរជាតិ (IRI) វិទ្យាស្ថាន Freedom House និងវិទ្យាស្ថាន Open Society Institute។ លោកថា វិទ្យាស្ថានទាំងនេះជាអ្នកផ្ដើមគំនិតនៃការរិះគន់ថា «ទឹកខ្មៅអាចលាងជ្រះ» និងថាកាលពីឆ្នាំ២០១៣ វិទ្យាស្ថានជាតិដើម្បីលទ្ធិប្រជាធិបតេយ្យបានប្រកាសថា «បញ្ជីបោះឆ្នោតមានការក្លែងបន្លំ»។

លោកមានប្រសាសន៍ថា៖ «បដិវត្តន៍ពណ៌គឺការផ្ដួលរំលំរដ្ឋាភិបាលមួយ ការដឹកនាំនៃប្រទេសមួយ ដែលមិនសុខចិត្តធ្វើជាខ្ញុំបម្រើ ខ្ញុំបម្រើ បានន័យថា បម្រើនយោបាយតំបន់របស់មហាអំណាច បដិវត្តន៍ថ្មីនេះហៅថា បដិវត្តន៍ពណ៌ គេចង់ធ្វើការផ្លាស់ប្ដូរពីប្រទេសមានស្ថិរភាព សន្ដិភាព សន្ដិសុខសង្គម និងអភិវឌ្ឍន៍ទៅជាប្រទេសអស្ថិរភាពនយោបាយ ដែលជាទម្រង់របស់ប្រទេសមហាអំណាចនោះចង់បាន […] តួនាទីនៃអង្គការក្រៅរដ្ឋាភិបាល វិទ្យុផ្សាយសំឡេងក្នុង និងក្រៅប្រទេស និងមូលនិធិរបស់សហរដ្ឋអាមេរិក ដែលមានឈ្មោះមួយចំនួន បានចូលរួមចំណែក​ ចូលរួមផ្គត់ផ្គង់ ចូលជាយោបល់ និងចាត់ចែងបដិវត្តន៍ពណ៌ អង្គការ National Endowment for Democracy  នេះជាអង្គការធំណាស់ គាត់ទទួលលុយពីរដ្ឋាភិបាលសហរដ្ឋអាមេរិក គេបង្កើតឡើងសម្រាប់ឲ្យគាត់ដើរតួនាទីជាប្រអប់សំបុត្រ។ អង្គការ NDI គាត់ហ្នឹងមិនមែនគ្រាន់តែយកលុយមកផ្គត់ផ្គត់ គាត់យកលុយហ្នឹង មកចាត់ចែងទៀត»។

អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jay Raman ថាលោកមិនទាន់អាចបកស្រាយចំពោះការចោទប្រកាន់នេះបានទេ។

លើសពីនេះ លោក ឈាង វុន បន្តចោទថា ក្រុមដែលចូលរួមក្នុងបដិវត្តន៍ពណ៌ផ្សេងទៀតនោះ រួមមាន​ សកម្មជនថ្ងៃចន្ទពណ៌ខ្មៅ អ្នកវិភាគ និងបណ្ដាញសារព័ត៌មានដែលអះអាងថាខ្លួនឯករាជ្យ ដូចជា វីអូអេ អាស៊ីសេរី ភ្នំពេញប៉ុស្ដិ៍ ខាំបូឌាដេលី និងវីអូឌី ដោយលោកថា ក្រុមសារព័ត៌មានទាំងនេះមានចេតនាបង្កចលាចល ផ្សព្វផ្សាយព័ត៌មានមិនពិត និងរិះគន់ឲ្យពលរដ្ឋស្អប់រដ្ឋាភិបាល។

តំណាងសហគមន៍បឹងកក់លោក ចាន់ ពុទ្ធិស័ក ចាត់ទុកការលើកឡើងរបស់មន្ដ្រីរដ្ឋាភិបាលនេះថា ជាការដោះសារ និងកំពុងភ័យខ្លាចពីទង្វើអាក្រក់របស់ខ្លួន ដោយថា ក្នុងលទ្ធិប្រជាធិបតេយ្យ គឺពលរដ្ឋអាចប្រមូលផ្ដុំ បញ្ចេញមតិដោយសេរី និងបោះឆ្នោតដកសេចក្ដីទុកចិត្តពីរដ្ឋាភិបាល។

លោកថា សកម្មភាពរបស់អ្នកតវ៉ាជម្លោះដីធ្លី គឺកើតចេញពីការឈឺចាប់ ដែលរដ្ឋាភិបាលមិនអាចដោះស្រាយបញ្ហាជូនពួកគាត់ ដូចជា ការរំលោភយកដីធ្លីពីសំណាក់អ្នកមានអំណាច ការចាក់ស្រេះដោយអំពើពុករលួយ គោលនយោបាយគ្មានប្រសិទ្ធិភាព និងការរំលោភសិទ្ធិពលរដ្ឋ។

ចំពោះសាស្ដ្រាចារ្យនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា ក្នុងលទ្ធិប្រជាធិបតេយ្យ ពលរដ្ឋអាចប្រមូលផ្ដុំ និងសំដែងការមិនពេញចិត្តលើការដឹកនាំរបស់រដ្ឋាភិបាលបានដោយសេរី។​ លោកលើកឡើងថា «បដិវត្តន៍ពណ៌» ជាយន្ដការសមស្របមួយក្នុងសង្គមប្រជាធិបតេយ្យ ដែលអនុញ្ញាតឲ្យពលរដ្ឋផ្លាស់ប្ដូរមេដឹកនាំដោយសន្ដិវិធី។

លោកថា៖ «ពាក្យបដិវត្តន៍ពណ៌ហ្នឹង គេហៅថា មិនមែនជាយន្ដការអីអាក្រក់ទេ នៅក្នុងសង្គមប្រជាធិបតេយ្យ ពលរដ្ឋមានសិទ្ធិ មានសេរីភាពនៅក្នុងការសំដែងមតិតាមគោលការណ៍ច្បាប់ រដ្ឋធម្មនុញ្ញ។​ ក៏ប៉ុន្ដែអ្វីជាការយល់ច្រលំរបស់អ្នកនយោបាយ​ គិតថាបដិវត្តន៍ពណ៌ហ្នឹងគឺជាការប្រើប្រាស់កម្លាំងប្រដាប់អាវុធ តាមពិតបដិវត្តន៍ពណ៌ហ្នឹង គឺជាការផ្លាស់ប្ដូរ ឬក៏អ្នកដឹកនាំដោយសន្ដិវិធី ដោយអហិង្សា»។

លោក​ ឈាង វុន ក៏បានចោទប្រកាន់គណបក្សប្រឆាំងថាបានចូលរួមក្នុងបដិវត្តន៍ពណ៌ដែរ តាមរយៈការថ្លែងសារនយោបាយ ដូចជា «ហ៊ុន សែន អើយ ចុះចេញទៅ» «ដូរឬមិនដូរ» និង «បើមិនចុះចេញទេ អង្រន់ទាល់តែធ្លាក់»។

អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិលោក យឹម សុវណ្ណ បានរិះគន់ការលើកឡើងនេះថា រដ្ឋាភិបាលហាក់កំពុងភ័យខ្លាចស្រមោលអាក្រក់ខ្លួនឯង និងមិនហ៊ានទទួលស្គាល់ការពិតថា ពលរដ្ឋអស់ជំនឿលើការដឹកនាំរបស់ខ្លួន។ លោកថា លោកមិនខ្វល់ពីពាក្យ «បដិវត្តន៍» នេះទេ ដោយថា មានតែការបោះឆ្នោតខាងមុខប៉ុណ្ណោះ ដែលជាអ្នកសម្រេចជោគវាសនារបស់ជាតិទាំងមូល។

លោកថា៖ «គឺថាពួកគាត់កំពុងខ្លាចស្រមោលខ្លួនឯង គាត់កំពុងតែខ្លាចឆន្ទៈប្រជារាស្ដ្រ ហើយគាត់មិនមានជំនឿទៅនឹងការបោះឆ្នោតនាពេលខាងមុខទេ ពីព្រោះគាត់ហាក់បីដូចជាដឹងថា​ប្រជាពលរដ្ឋឈប់គាំទ្រគណបក្សរបស់គាត់។ មានតែឈានទៅរកការបោះឆ្នោត ហើយមានតែការធ្វើអ្វីៗ គោរពតាមឆន្ទៈរបស់ប្រជារាស្ដ្រ»។

ក្រោមលេសទប់មិនឲ្យមានបដិវត្តន៍ពណ៌ រដ្ឋាភិបាលបានចាប់ឃុំខ្លួនមនុស្សមួយចំនួនដាក់ពន្ធនាគារ ដូចជា អ្នកតវ៉ាតំបន់បឹងកក់អ្នកស្រី ទេព វន្នី សកម្មជនការពារបរិស្ថានលោក គង់ រ៉ៃយ៉ា និងលោក គឹម សុខ អ្នកវិភាគនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ