កសិករខេត្តកំពង់ឆ្នាំងត្អូញត្អែខ្វះទីផ្សារលក់កសិផល

ប្រជាកសិករមួយចំនួននៅក្នុងស្រុកបរិបូណ៍ និងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងត្អូញត្អែខ្វះទី ផ្សារលក់កសិផល ដោយថា ពួកគេខិតខំដាំកសិផលបានហើយតែតម្លៃថោក។

កសិករម្នាក់នៅឃុំផ្លូវទូកស្រុកកំពង់លែងលោក តា វន្នី ប្រាប់វីអូឌីថា នៅឆ្នាំនេះការបង្ករបង្កើន ផលដាំល្ងរ សណ្តែក របស់សកិករក្នុងឃុំរបស់គាត់គឺទទួលបានផលល្អជាងឆ្នាំមុនៗ ប៉ុន្តែខ្វះទីផ្សារដោយឈ្មួញឲ្យតម្លៃថោក។

លោកបន្តថា កាលឆ្នាំមុនល្ងរ១គីឡូ តម្លៃចន្លោះពី៧០០០រៀលទៅ៨០០០រៀល ប៉ុន្តែឆ្នាំនេះ ឈ្មួញឲ្យតម្លៃត្រឹមតែ៣០០០រៀលទៅ៤០០០រៀល។ ចំណែកសណ្តែក១គីឡូ តម្លៃចន្លោះពី៥០០០រៀលទៅ៦០០០រៀលប៉ុណ្ណោះ។

លោកបន្ថែមថា «ដល់តែថោកអញ្ចឹងវាជួបផលបាកដូចថា ការចំណាយវាអស់ច្រើនហើយវា បានចំនូលមកវិញតិចធ្វើឲ្យកសិករយើងខាត។ បើកសិករខ្លះគ្នាខ្ចីលុយគេ ខ្ចីលុយថៅកែមកធ្វើដាំដុះដល់បានផលហើយលក់មិនដាច់ ហើយអញ្ចឹងបានអីសងគេ គ្នារឹតជំពាក់បំណុលគេថែមទៀត។ ខ្ញុំសូមអំពាវនាវសុំឲ្យអ្នកពាក់ព័ន្ធជួយធ្វើយ៉ាងណាឲ្យផលិតផលរបស់ខ្មែរយើងដូចជាល្ងរ សណ្តែកហ្នឹងឲ្យមានហាងឆេង មានតម្លៃផង ដើម្បីជួយលើកចិត្តប្រជាពលរដ្ឋឲ្យគាត់មាន កំលាំងចិត្តបន្តទៀត បើនៅតែថោកអញ្ចឹងប្រជាពលរដ្ឋប្រហែលលេងដាំហើយ»។

លោកបន្តថា ប្រជាពលរដ្ឋនៅក្នុងឃុំផ្លូវទូកស្រុកកំពង់លែងភាគច្រើនប្រកបមុខរបរដាំតែ ដំណាំសណ្តែក និងល្ងរប៉ុណ្ណោះ ដោយមិនមានមុខរបអ្វីផ្សេងពីនេះឡើយ ហើយថាប្រសិនបើ កសិផលទាំងនោះមានតម្លៃថោកពួកគាត់នឹងជួបការលំបាកខ្វះខាតជីវភាព។

កសិករម្នាក់ទៀតនៅក្នុងឃុំត្រពាំងចាន់ស្រុកបរិបូណ៍លោក លន់ ដារ៉ូ ឲ្យដឹងថា នៅឆ្នាំនេះ តម្លៃស្រូវប្រាំងក៏ធ្លាក់ចុះតម្លៃខ្លាំងដែរ ដោយលោកថា កាលឆ្នាំ២០១៦មានតម្លៃស្រូវប្រាំង១គីឡូ ចន្លោះពី៧០០រៀលទៅ៨០០រៀល ប៉ុន្តែនៅឆ្នាំនេះបានធ្លាក់ចុះមកដល់៥០០រៀលទៅ ៦០០រៀល។

លោកបន្តថា ការធ្លាក់ចុះតម្លៃស្រូវនៅឆ្នាំនេះបានធ្វើឲ្យគ្រួសារលោក និងកសិករផ្សេងទៀត ខាតថ្ងៃដើម ហើយអាចប្រឈមនឹកការជំពាក់បំណុលគេទៀតផង។

លោកបន្ថែមថា «រាល់ឆ្នាំបាន១គីឡូ៨០០ទៅ៨៥០រៀល អត់កើតទេឆ្នាំនេះនោះស្រូវថោក ណាស់ បើស្រូវលក់អត់ដាច់ផង ស្រូវលក់បាន១គីឡូ៦៦០រៀល ទៅ៦៥០រៀលអាហ្នឹងស្ងួតផង បើសើមវិញ៦០០រៀលគាត់ ផាត់លិចបាត់កើតអត់រួចថ្លៃប្រេង និងថ្លៃថ្នាំផង ឆ្នាំនេះប្រជា ជនធ្លាក់ខ្លួនក្រហើយ»។

ក្រុមកសិករទាំងនោះបានអំពាវនាវសុំឲ្យរដ្ឋាភិបាលជួយរកទីផ្សារ និងត្រូវជួយទប់ស្កាត់កុំឲ្យ មានការធ្លាក់ថ្លៃកសិផលនៅរដូវដែលកសិករប្រមូលផល។

ប្រធានមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងលោក ងិត ហ៊ុន បានទទួលស្គាល់ពីការធ្លាក់តម្លៃកសិផល របស់កសិករទាំងនោះ ប៉ុន្តែលោកថា មន្ទីកសិកម្មខេត្តកំពង់ឆ្នាំងកំពុងសហការជាមួយ ក្រសួងធ្វើការដោះស្រាយលើបញ្ហានេះហើយ គ្រាន់តែថា មិនអាចឆ្លើយតបបានភ្លាមៗតាម តម្រូវការរបស់កសិករ។

លោកបន្ថែមថា «យើងទទួលស្គាល់ថាតម្លៃទីផ្សារវាអាចទាបបន្តិចមែន ប៉ុន្តែវាជាទីផ្សារសកល លោកយើងអត់អាចកំណាត់អីបានទេ ប៉ុន្តែសំខាន់យើងបានសហការណ៍ជាមួយក្រសួងកសិកម្មកំពុងតែពិនិត្យមើលលើការងារទីផ្សារហ្នឹងហើយ យើងដោះស្រាយតាមតម្រូវការគាត់ភ្លាមៗអត់បានទេ។​ ជាលទ្ធិផលការងារកន្លងមកពាក់ព័ន្ធនឹងស្រូវយើងបានទាក់ទងម៉ាស៊ីកិនស្រូវ ពាក់ព័ន្ធនឹងកសិកផលផ្សេងៗយើងបានទាក់ទងឈ្មួញក្នុងខេត្តជួយដោះស្រាយគាត់បានជា ជំហ៊ានៗហើយប៉ុន្តែវាមិនដោះស្រាយបានភ្លាមៗតាមអ្វីដែលគាត់ចង់បានទេ»។

អគ្គលេខាធិការសម្ព័ន្ធនៃសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន ធ្លាប់មានប្រសាសន៍ថា ឲ្យតែដល់រដូវកសិករប្រមូលផលតម្លៃកសិផលតែងតែធ្លាក់ចុះតម្លៃ ដោយរដ្ឋាភិបាលហាក់មិន មានវិធានការទប់ស្កាត់ជាមុននោះទេ ទាល់តែកសិករជួបបញ្ហាទើបមានចំណាត់ការ។

លោក ថេង សាវឿន បានស្នើឲ្យរដ្ឋាភិបាលពិនិត្យឡើងវិញលើយន្តការទប់ស្កាត់ការធ្លាក់ចុះ តម្លៃទន្និផលរបស់កសិករនេះ។

គួររំលឹកថាកាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៦ កសិករប្រមាណ១ពាន់នាក់នៅស្រុកសង្កែខេត្តបាត់ដំបង បាននាំគ្នាចាក់ស្រូវប្រមាណ៣០០គីឡូក្រាមបិទផ្លូវជាតិលេខ៥ដើម្បីតវ៉ាទាមទារឲ្យរដ្ឋាភិបាលជួយដោះស្រាយរកទីផ្សារសម្រាប់លក់ស្រូវរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ