អ្នក​ភូមិ​ជាង​៧០​នាក់​ស្នើ​រក​ដំណោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ពី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ

តំណាង​ប្រជា​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ជាង ៧០​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​នេះ នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​នេះ ឲ្យ​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​របស់​ពួកគេ ដែល​បាន​អូស​បន្លាយ​ពេល​ជាង ១០​ឆ្នាំ​មក​ហើយ។

អ្នកស្រី ឡុង សុគន្ធី ជា​ពលរដ្ឋ​ម្នាក់​ដែល​មានជម្លោះ​ដី​ធ្លី​មក​ពី​ភូមិ​ថ្នល់បត់ ឃុំ​អូរបីជាន់ ស្ថិត​ក្នុង​ស្រុក​អូរជ្រៅ បាន​ប្រាប់​វីអូឌី​តាម​ទូរស័ព្ទ​ថា ប្រជា​ពលរដ្ឋ​ជាង ៧០​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​ ៣១០​គ្រួសារ បាន​ស្វែង​រក​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ខេត្ត​នេះ ជុំ​វិញ​ជម្លោះ​ដី​ធ្លីរបស់​អ្នក​ភូមិ​ទំហំ ២០៧៦​ហិកតា។

អ្នកស្រី​បន្ថែម​ថា ជម្លោះ​ដី​ធ្លី​នេះ​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៤ ដោយ​មាន​ពាក់​ព័ន្ធ​នឹង​ក្រុមហ៊ុន ឃួន វណ្ណា អភិវឌ្ឍន៍ បន្ទាប់​មក​ពាក់​ព័ន្ធ​នឹង​ឧកញ៉ា សំ ផាន់ណារិទ្ធ នៅ​ក្នុង​ឆ្នាំ​២០០៨។

អ្នក​ស្រីបញ្ជាក់​ថា ពលរដ្ឋ​ស្នើ​ទៅ​អាជ្ញាធរ​ខេត្ត​នេះ ឲ្យ​លុប​ប័ណ្ណ​កម្មសិទ្ធិ​នានា ដែល​អ្នកស្រី​ថា ប៉ះ​ពាល់​ដល់​ដី​ធ្លី​របស់​ពលរដ្ឋ​ដែល​បាន​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ។

តំណាង​អ្នក​ភូមិ​មាន​ជម្លោះ​ដី​ធ្លី​រូប​នេះ ប្រាប់​ថា អភិបាល​រង​ខេត្ត​បន្ទាយមានជ័យ លោក អ៊ុំ រាត្រី បាន​សន្យា​ចុះ​ទៅ​ដោះ​ស្រាយ​វិវាទ​នេះ នៅ​ថ្ងៃ​ទី​០៩ ខែ​មិថុនា ពោល​គឺ​ក្រោយ​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចប់​រួច​រាល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ