មានស្រុកកំណើតនៅខេត្តកំពង់ចាម និងបច្ចុប្បន្នធ្វើការនៅម្តុំផ្សារដើមគ អ្នកស្រី ហេង សុខលី បាននិយាយថា គាត់នឹងទៅបោះឆ្នោតនៅស្រុកកំណើតដើម្បីរើសមេឃុំថ្មី ដោយថា ច្រើនអាណត្តិមកហើយមេឃុំចាស់របស់បក្សកាន់អំណាច មិនមានសមត្ថិភាពរកទីផ្សារសម្រាប់លក់កសិផលដែលកសិករផលិតបាននោះទេ។
អ្នកស្រីនិយាយថា «គណបក្សប្រជាជនគាត់ឡើងប៉ុណ្នឹងដែរ[កាន់អំណាច] ប៉ុន្តែគាត់មើលដូចជា ស្រូវចុះថោក បើដំឡូង១គីឡូតែមួយរយអត់អ្នកទិញទៀត មើលដូចស្រូវ ដូចជី មួយប៊េឡើងជិត១០ម៉ឺន ដលើពេលស្រូវលក់បាន៦០០រៀល អត់មានគេមកទិញ បើពេលសង្គ្រោះជាតិជាប់ យើងអ្វីៗក៏វាឡើងថ្លៃដូចជាស្រូវអង្ករវាឡើង»។
អង្គុយក្រោមសំយ៉ាបផ្ទះ លោក ណែវ សំនិត រស់នៅភ្នំពេញ បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា នៅអំឡុងពេលឃោសនាបោះឆ្នោត លោកបានស្តាប់សារនយោបាយរបស់បក្សធំពីរគឺបក្សប្រជាជនកម្ពុជា និងបក្សសង្គ្រោះជាតិ ដោយលោកថា ច្រើនអាណត្តិមកហើយ បក្សកាន់អំណាច មិនបានធ្វើតាមអ្វីដែលមានចែងក្នុងសារនយោបាយនោះទេ។ ករណីនេះលោកថានឹងទៅបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី នៅថ្ងៃទី៤មិថុនាខាងមុខ ដោយថាដើម្បីធ្វើឲ្យសង្គមជាតិមានការរីកចំរើន។
លោកនិយាយថា «គោលនយោបាយរបស់គណបក្សទំាងពីរ បើតាមខ្ញុំវិភាគខ្លួនឯងទៅគណបក្សង្គ្រោះជាតិល្អជាង បើគណបក្សប្រជាជន គាត់បានតែសន្យា គាត់ធ្វើអ្វីគាត់ចោល គាត់កុហកច្រើន ជនអន្តោប្រវេសន៍ខុសច្បាប់ច្រើនជាងមានច្បាប់ បើថាប្រជាជនខ្មែរយើងខុសច្បាប់ទៅស្រុកគេ គេវៃធ្វើបាប នាយករដ្ឋមន្ត្រីគាត់អត់អើពើ ដ៏ពេលគេមកស្រុកខ្មែរវិញ គេមានសិទ្ធិដើប៉ាតណា ប៉ាតណីពេញប្រទេស បើជនបរទេសពួកសក់ក្រហមមិនអីទេ គេមកជួយយើង បើសក់ខ្មៅដូចយើងដែរ គេមកជញ្ជួកឈាមយើង ហើយដល់ពេលអញ្ចឹងទៅក្នុងប្រទេសកម្ពុជាយើងអស់អាលីង….ដូចជា ព្រៃឈើ សត្វព្រៃ សម្បត្តិធម្មជាតិ អ្វីៗដែលមានគឺអស់ សូម្បីតែជនបរទេសគេមកការពារឲ្យខ្លួនយើងសោះ របស់យើងសោះក៏គេខុសដែរ យើងគិតតែប៉ុណ្នឹងទៅបានហើយ»។
គណបក្សប្រជាជនកម្ពុជា បានដាក់គោលនយោបាយចំនួន៩ចំណុច គឺលើកកម្ពស់លទ្ធិប្រជាធិបេតេយ្យនៅមូលដ្ឋាន និងសិទ្ធិសេរីភាពប្រជាជនគ្រប់រូប មិនប្រកាន់ជាតិសាស និងឋានៈក្នុងសង្គម អភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន មានហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍គ្រប់គ្រាន់ និងល្អ មានសន្តិសុខស្បឿង ទឹក អគ្គិសនី ផ្តល់សេវាសង្គមនានាជូនប្រជាជនឆាប់រហ័សប្រកបដោយគុណភាព តម្លាភាព និងជឿទុកចិត្ត លើកកម្ពស់ស្ត្រី កុមារ ជនពិការ ចាស់ជរា ជនជាតិដើមភាគតិច និងក្រុមងាយរងគ្រោះផ្សេងទៀត មានភាពជាដៃគូល្អប្រសើរជាមួយសហគមន៍មូលដ្ឋាន អង្គការសង្គមស៊ីវិល និងផ្នែកឯកជន គ្មានអំពើពុករលួយ និងធានាសន្តិសុខ សុវត្ថិភាពសង្គម។
ចំណែកគោលនយោបាយរបស់ គណបក្សសង្រ្គោះជាតិដែលពលរដ្ឋចាប់អារម្មណ៍ច្រើននោះគឺការផ្តល់ថវិកាទៅថ្នាក់ឃុំឬសង្កាត់មួយចំនួន៥០ម៉ឺនដុល្លារបើគណបក្សប្រឆាំងនេះឈ្នះឆ្នោតនៅឆ្នាំ២០១៨ ដែលមានអំណាចក្នុងការចាត់ចែងថវិកាជាតិ ខណៈដែលថវិកាឃុំ សង្កាត់បច្ចុប្បន្នជាមធ្យមត្រឹម២ម៉ឺនដុល្លារ។
តាមអ្នកសារព័ត៌មានចុះសម្ភាសន៍ ពលរដ្ឋ២៧នាក់ ក្នុងចំណោមនោះមាន១៥នាក់ថា គំាទ្របក្សប្រឆំាង ១០នាក់ថាគាំទ្របក្សកាន់អំណាច និង២នាក់ទៀតស្ថិតនៅក្នុងការពិចារណានៅឡើយ។
អ្នកស្រី អ៊ូ សុភា ដែលគំាទ្របក្សកាន់អំណាចបានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា ជាង៣០ឆ្នាំក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសន្តិភាព និងរីកចំរើនគ្រប់វិស័យ ដោយថាមិនដូចការលើកឡើងរបស់អ្នកគំាទ្របក្សប្រឆំាងដែលលើកឡើងខាងលើនោះទេ។
អ្នកស្រីនិយាយថា «ស្រុកខ្មែរយើងរីកចំរើនបានតែប៉ុណ្នឹង ដូចថាប្រជាជនយើងមានញំា មានគេង មានសព្វគ្រប់ មានផ្ទះនៅ មានទឹក មានភ្លើង ប៉ុណ្នឹងបានហើយ បើជាក់ស្តែងដូចគ្រួសារខ្ញុំ ខ្ញុំគិតថា វាបរបូរណ៍ហើយ ខ្ញុំស្រលាញ់ណាស់គណបក្សប្រជាជន ខ្ញុំបោះឲ្យហើយ»។
លើសពីនេះទៀត គាត់បានអំពាវនាវទៅប្រជាពលរដ្ឋទំាងអស់បោះឆ្នោតថ្ងៃទី៤មិថុនាខាងមុខ ដើម្បីគំាទ្របក្សកាន់អំណាចផងដែរ ដោយថា គណបក្សកាន់អំណាចមានសមត្ថិភាពដឹកនាំប្រទេសឲ្យមានសន្តិភាព និងរីកចំរើនពិតប្រាកដ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា បើគណបក្សរបស់លោកចាញ់ ឆ្នោត សង្គ្រាមនិងអាចកើតមានឡើង។ ប៉ុន្តែបក្សប្រឆំាងបានច្រានចោលការលើកឡើងនេះ ដោយថាបក្សប្រឆំាងនិងអ្នកគំាទ្រ មិនមានអាវុធច្បាំងតបតជាមួយបក្សកាន់អំណាចនោះទេ។
លោក ហេង ពន្លឺ បានរៀបរាប់ថា ពេលប្រជុំ និងក្នុងថ្ងៃឃោសនាបោះឆ្នោតពួកគាត់ត្រូវបានអាជ្ញាធរបក្សកាន់អំណាចផ្តល់ជាលុយធ្វើដំណើរ ចាក់សំាងក្នុងមួយនាក់ចន្លោះពី១ម៉ឺនដល់៥ម៉ឺនរៀល។
លោកពន្លឺថា គាត់នឹងបោះឆ្នោតគំាទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែលោកថា បើលទ្ធផលចេញមកគណបក្សប្រជាជនកម្ពុជាចាញ់ លោកមិនចង់ឲ្យមានសង្គ្រាម ខ្មែរសម្លាប់ខ្មែរដូចពីសម័យអតីតកាលនោះទេ។
លោកនិយាយថា «គំាទ្រគណបក្សប្រជាជន ប៉ុន្តែគ្រាន់ថា ចាញ់អី ឈ្នះអី គឺកុំឲ្យមានសង្គ្រាមកើតឡើង ឲ្យប្រជាជនសុខសប្បាយតទៅទៀតទៅ រាល់ថ្ងៃប៉ុណ្នឹងវាសុខសាន្តហើយ ប្រទេសជាតិយើងសុខសាន្តជឿនលឿនទៅមុខហើយ»។
ពលរដ្ឋម្ចាស់ឆ្នោតមួយចំនួនក្នុងរាជធានីភ្នំពេញ សុទ្ធតែបង្ហាញជំហរទៅបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួនពេញចិត្តដូចគ្នា ដោយពួកគេចង់ឲ្យអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ត្រូវចំណាយពេលមួយថ្ងៃ ដើម្បីទៅបោះឆ្នោតទំាងអស់គ្នា។
ប៉ុន្តែលោក ឌុក សារ៉ុម ឯណោះវិញ ហាក់មិនចង់ឆ្លើយប្រាប់អ្នកសារព័ត៌មាននៅពេលសួរពីរឿងទៅបោះឆ្នោតឃុំ សង្កាត់ នោះទេ ដោយលោកថា ជាប់រវល់រកប្រាក់ទ្រទ្រង់ជីវភាពគ្រួសារ។
លោកនិយាយថា «ខ្ញុំអាឡៃរកស៊ី អត់ដែលគិតពីបញ្ហាហ្នឹងផង និយាយទៅខ្ញុំរវល់ណាស់ រឿងការងារហ្នឹងខ្ញុំអត់សូវចាប់អារម្មណ៍ដែរ ព្រោះខ្ញុមិនមែនអ្នកកាន់បក្ស កាន់អំណាចអីផង ព្រោះខ្ញុំស្រលាញ់អ្នកណា ខ្ញុំបោះឲ្យពីហ្នឹង ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ និយាយទៅនាំប៉ះពាល់ដល់ការងារ»។
ការឃោសនាបោះឆ្នោត ត្រូវបានកំណត់ឲ្យធ្វើរយៈពេល១៤ថ្ងៃ មុនថ្ងៃបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃអាទិត្យ ទី០៤ មិថុនាខាងមុខនេះ។
គួររំលឹកថា ព្រះមហាក្សត្រកម្ពុជា តាមរយៈសាលិខិតមួយច្បាប់របស់ព្រះអង្គចុះថ្ងៃទី២០កុម្ភៈ ព្រះអង្គបានជម្រុញទៅកាន់ពលរដ្ឋគ្រប់រូបឲ្យទៅបោះឆ្នោតនាពេលខាងមុខ ដោយប្រើសិទ្ធិសេរីភាពរបស់ខ្លួន និងទៅតាមសតិសម្បជញ្ញៈ និងសុំកុំឲ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឲ្យសោះ។
កន្លងទៅអ្នកវិភាគ និងអ្នកឃ្លំាមើលសង្គមធ្លាប់លើកឡើងថា កម្ពុជានឹងមិនអាចកើតមានសង្គ្រាមក្រោយការបោះឆ្នោតនោះទេ ដោយពួកគេថា បើអ្នកនយោបាយចេះសម្របសម្រួលគ្នា និងគោរពលទ្ធផលបោះឆ្នោត៕