រដ្ឋ​អាជ្ញា​​ប្រាប់​តុលាការ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​រំលោភ​អំណាច​ទទួល​យក​សំណូក

រដ្ឋ​អាជ្ញា​បាន​ប្រាប់​តុលាការ​ក្នុង​ក្រុង​សេអ៊ូល​​នៅ​ថ្ងៃ​បើក​សវនាការ​នៅ​ថ្ងៃ​នេះ​ថា អតីត​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង អ្នក​ស្រី ផាក ហ្គឹនហេ បាន​រំលោភ​អំណាវ និង​គាប់​សង្កត់​លើ​បណ្ដា​ក្រុមហ៊ុន ឲ្យ​បង់​សំណូក ១០​លាន​ដុល្លារ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់ Reuters។

ប្រសិន​បើ​រក​ឃើញ​ថា​បាន​ទទួល​យក​សំណូល​ពី​មេដឹកនាំ​ក្រុមហ៊ុន​ឯកជន​នោះ អ្នកស្រី ផាក ហ្គឹនហេ នឹង​ត្រូវ​ប្រឈម​មុខ​នឹងការ​ជាប់​ឃុំ​ជាង ១០​ឆ្នាំ។ អ្នកស្រី ផាក ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ទទួល​យក​សំណូក​ពី​មេដឹកនាំ​ក្រុមហ៊ុន​ឯកជន ក្នុង​នោះ​មាន​ទាំង​អ្នក​ស្នង​មរតក​សម្ព័ន្ធ Samsung Group លោក ជេ វ៉ាយលី ផង​ដែរ។

អ្នកស្រី ផាក បាន​ក្លាយ​ទៅ​ជា​មេដឹកនាំ​ជាប់​ឆ្នោត​ដំបូង​គេ​ដែល​ត្រូវ​បាន​ដក​ហូត​អំណាច និង​ចោទ​ប្រកាន់​ពី​បទ​ទទួល​សំណូក​មាន​តម្លៃ​ជិត ៣០​លាន​ដុល្លារ ពី​លោក លី តែ​ម្នាក់។

រដ្ឋ​អាជ្ញា​ជាន់​ខ្ពស់ លោក លី វ៉ុនសេអ៊ុក បាន​ប្រាប់​តុលាការ​ថា ជន​ជាប់​ចោទ អ្នកស្រី ផាក ហ្គឹនហេ ដែល​សម​គំនិត​ជាមួយ​មិត្ត​ភក្តិ អ្នកស្រី ឆយ ស៊ុនស៊ីល នោះ បាន​រំលោភ​អំណាច និង​ដាក់​គំនាប​លើ​ក្រុមហ៊ុន​ឯកជន ឲ្យ​ផ្ដល់​សំណូក។

រដ្ឋ​អាជ្ញា​នេះ​បន្ត​ថា ជន​ជាប់​ចោទ​បាន​បដិសេធ​នឹង​ការ​ចោទ​ប្រកាន់​នេះ ប៉ុន្តែ ការ​ចោទ​ប្រកាន់​នេះ​មាន​ភស្តុតាង​ជា​សម្ភារៈ និង​សាក្សី​ពេញ​លេញ។

អ្នកស្រី ផាក បាន​បដិសេធ​ចំពោះ​ការ​ប្រព្រឹត្ត​ខុស និង​ស្នើ​សុំ​ដោះ​លែង​នៅ​អំឡុងសវនាការ​នោះ។ មេធាវី​របស់​អ្នក​ស្រី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់ ១៨​ករណី ប្រឆាំង​នឹង​អ្នក​ស្រី អំឡុង​ដំណាក់​កាលឃុំ​ខ្លួន​បណ្ដោះ​អាសន្ន។ ចំណែក​លោក លី ក៏​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ផង​ដែរ​ថា លោក​មិន​បាន​សូក​ប៉ាន់​អ្នកស្រី ផាក ដើម្បី​ទទួល​បាន​ការ​អនុគ្រោះ​សម្រាប់​ក្រុមហ៊ុន Samsung នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ