គណបក្សប្រជាជនគំាទ្រលោក ហ៊ុន​ សែន ដែលថាមិនលូកដៃរឿងជម្លោះសមុទ្រចិន

គណបក្សប្រជាជនកម្ពុជាប្រកាសគំាទ្រគោលជំហររបស់មេដឹកនាំរដ្ឋាភិបាលខ្លួន ដែលថាកម្ពុជាមិនលូកដៃពាក់ព័ន្ធនឹងជម្លោះនៅសមុទ្រចិនខាងត្បូងនោះ។

ការប្រកាសគំាទ្រនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃទី២០ ខែមិថុនា ថា ករណីដែលប្រទេសហ្វីលីពីនប្តឹងប្រទេសចិនកាលពីខែមករាឆ្នាំ២០១៣នោះជាជម្លោះទ្វេភាគីនិងថាមិនមែនជារឿងរបស់អាស៊ាននោះទេ។

ក្នុងសេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាចុះថ្ងៃទី២២ ខែមិថុនា គណបក្សកាន់អំណាចនេះប្រកាសគំាទ្រនឹងការថ្លែងរបស់លោក ហ៊ុន សែន ដែលថា “មិនគំាទ្រសាលដីកាមជ្ឈត្តការពាក់ព័ន្ធជម្លោះនៅសមុទ្រចិនខាងត្បូង ដោយថាកម្ពុជាគោរពគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង” ករណីជម្លោះដែនទឹកនោះ។

សេចក្តីថ្លែងការណ៍បន្តថា គណបក្សប្រជាជនកម្ពុជាទទួចទៅភាគីពាក់ព័ន្ធ “អត់ធ្មត់ កុំប្រើប្រាស់កំលំាងឬគំរាមប្រើកម្លាំងក្នុងការទំនាក់ទំនងលើបញ្ហាសមុទ្រចិនខាងត្បូង ដើម្បីទុកលទ្ធភាពឲ្យភាគីពាក់ព័ន្ធផ្ទាល់ដោះស្រាយជាមួយគ្នា”។

ក្នុងសេចក្តីថ្លែងការណ៍នោះក៏បានបដិសេធចំពោះការចោទប្រកាន់ថាកម្ពុជាបានបំផ្លាញការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ានពាក់ព័ន្ធនឹងបញ្ហានៅសមុទ្រចិនខាងត្បូង នៅទីក្រុងគុនមីញនាពេលថ្មីនេះៗនិងនៅភ្នំពេញកាលពីឆ្នាំ២០១២។

កាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានក្នុងឆ្នាំ២០១២ដែលពេលនោះកម្ពុជាជាម្ចាស់ផ្ទះអាស៊ានមិនបានចេញសេចក្តីថ្លែងការណ៍រួមមួយទាក់ទងនឹងបញ្ហាសមុទ្រចិនខាងត្បូង។ កម្ពុជារងការរិះគន់ថាមាននិន្នាការគាំទ្រប្រទេសចិនលើបញ្ហាសមុទ្រចិនខាងត្បូង។

ការសិក្សាមួយរបស់លោក Carlyle A. Thayer ដែលបានបោះពុម្ពផ្សាយនៅឆ្នាំ២០១៣ ដោយសាកលវិទ្យាល័យ The Johns Hopkins សហរដ្ឋអាមេរិកបានលើកឡើងថានេះជាលើកទីមួយសម្រាប់អាស៊ានដែលមិនអាចចេញសេចក្តីថ្លែងការណ៍រួមមួយបានក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនក្នុងរយៈពេល៤៥ឆ្នាំនេះ។

បើតាមលោក Carlyle A. Thayer ដដែល ភាគីចិនមិនបានទទួលស្គាល់យុត្តាធិការតុលាការមួយនេះនោះទេនិងបានអំពាវនាវឲ្យហ្វីលីពីនងាកមករកយន្តការចរចាជាទ្វេភាគីវិញ។

គួរបញ្ជាក់ថាទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូងនេះ ចិនមានជម្លោះជាមួយប្រទេសជាសមាជិកអាស៊ានចំនួនបួនគឺវៀតណាម ប្រ៊ុយណេ ម៉ាឡេស៊ី និងហ្វីលីពីន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ