សង្គមស៊ីវិលជំរុញឲ្យចាត់វិធានការលើមន្ត្រីជាន់ខ្ពស់នៅក្រសួងអប់រំដែលជាប់ចោទពីបទបៀតបៀនកេរ្តិ៍ភេទ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំលោក គ្រី ស៊ាងឡុង (រូបភាពពី Fresh News)

អ្នកធ្វើការលើកសម្ពស់សិទ្ធិស្ត្រីនិងអ្នកតាមដានសង្គមជំរុញឲ្យក្រសួងអប់រំបំភ្លឺពីការយកលុយជាង១ម៉ឺនដុល្លារទៅធានាមន្ត្រីជាន់ខ្ពស់មួយរូបដែលរដ្ឋអាជ្ញាកូរ៉េខាងត្បូងចាប់ឃុំខ្លួនចោទពីបទបៀតបៀនកេរ្តិ៍ភេទទៅលើនារីម្នាក់ ពេលមន្ត្រីកម្ពុជារូបនោះទៅចូលរួមកិច្ចប្រជុំអាស៊ានបូក៣។

កាសែតខេមបូឌាដេលីចុះផ្សាយនៅថ្ងៃទី២៣ខែមិថុនានេះថា ក្រសួងអប់រំ យុវជន និងកីឡាបានចំណាយប្រាក់ប្រហែល១២ ៣០០ដុល្លារធានាលោក គ្រី ស៊ាងឡុង ឲ្យរួចផុតពីការឃុំខ្លួននៅកូរ៉េខាងត្បូងទាក់ទិនបទចោទបៀតបៀនកេរ្តិ៍ភេទ ដោយសារលោកយកដៃអោបចង្កេះនិងប៉ុនប៉ងថើមនារីជាអ្នកបកប្រែរបស់ខ្លួន ខណៈលោក គ្រី ស៊ាងឡុង ត្រូវបានចាត់តាំងឲ្យទៅចូលរួមវេទិកាស្តីពីការអភិវឌ្ឍធនធានមនុស្សអាស៊ានបូក៣ឆ្នាំ២០១៦។

នាយិកាប្រតិបត្តិអង្គការសីលកាលោកស្រី ធីតា ឃឹះ ដែលធ្វើការលើកកម្ពស់សិទ្ធិស្រ្តីលើកឡើងថាក្រសួងអប់រំជាស្ថាប័នមួយតែងតែផ្តល់គំរូល្អដល់មនុស្សគ្រប់វ័យ។ លោកស្រីថា បើក្រសួងអប់រំនៅតែបន្តស្ងាត់ស្ងៀម មិនចាត់វិធានការករណីនេះឲ្យសាធារណជនទទួលយកបានទេ លោកស្រីថាជាគំរូអាក្រក់ដល់មន្ត្រីខិលខូចដទៃទៀត។

លោកស្រីថា៖ «ចា! ខ្ញុំថារឿងនេះមិនត្រូវចប់នៅត្រឹមហ្នឹងទេ ក្រសួងគួរតែមានវិធានការតទៅទៀត ពីព្រោះជាមុខជាមាត់ជាមន្ត្រីដែលថ្នាក់ខ្ពស់ទៀតនៅក្នុងក្រសួងដែលកូនចៅរបស់យើងរំពឹងទៅលើការអប់រំ ហើយដល់ពេលចេញមុខទៅខាងក្រៅអញ្ចឹងហើយមានបញ្ហាអញ្ចឹងទៀត ខ្ញុំថាត្រូវតែមានវិធានការច្បាស់ ចា!»

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពកម្ពុជា លោក សន ជ័យ លើកឡើងថាបើតាមការចុះផ្សាយដែលថាក្រសួងបានយកលុយជាតិទៅធានាមន្ត្រីរបស់ខ្លួនដែលបានប្រព្រឹត្តកំហុសជាលក្ខណៈបុគ្គលនោះលោកថាជាការចំណាយថវិកាជាតិខុសខ្ទង់។

លោក សន ជ័យ យល់ថាករណីនេះធ្វើឲ្យប៉ះពាល់ទាំងថវិកាជាតិ ប៉ះពាល់ទាំងមុខមាត់របស់រដ្ឋាភិបាល។ លោកជំរុញឲ្យក្រសួងអប់រំបញ្ជាក់ឲ្យបានច្បាស់ពីប្រាក់ចំណាយធានាឲ្យលោក គ្រី ស៊ាងឡុង បានរួចផុតពីការឃុំខ្លួននៅប្រទេសកូរ៉េនេះ។

លោកថា៖ «ការចេញលុយសងបែបនេះ ខ្ញុំគិតថាវាជាគំរូអាក្រក់មួយ ហើយយើងចង់ឃើញថាមន្ត្រីដទៃទៀតនៅពេលដែលមានបេសកម្មទៅក្រៅប្រទេសហ្នឹងគួរតែឆ្លុះកញ្ចក់មើលមុខខ្លួនឯងសិនថាខ្លួនឯងជានរណាហើយទៅប្រព្រឹត្តអញ្ចឹង វាជាការអាមាសមួយដល់ជាតិដែរ»

ប្រធានមជ្ឈមណ្ឌលវប្បធម៌ជាតិនិងសីលធម៌សង្គម លោក ប៉ូ សំណាង លើកឡើងដែរថាបើរដ្ឋាភិបាលមិនចាត់វិធានការករណីនេះទេ លោកថាអាចនឹងជំរុញឲ្យមន្ត្រីដទៃទៀតយកគំរូតាមបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វប្បធម៌សង្គមនិងប៉ះពាល់ដល់ការលើកកម្ពស់យែនឌ័រ។

លោកថា៖ «មន្ត្រីរដ្ឋាភិបាលគាត់ធ្វើអញ្ចឹងបានន័យថារួចពីទោសទៀតរួចពីប្រព័ន្ធផ្លូវច្បាប់ទៀត បានន័យថាទាំងពីរហ្នឹងជាប្រព័ន្ធវប្បធម៌មួយដែលយើងគួរជៀសវាង»

VOD មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ ជួនណារ៉ុន បានទេ ខណៈអ្នកនាំពាក្យលោក រស់ សាលីន មិនលើកទូរសព្ទ។ ប៉ុន្តែកាសែតខេមបូឌាដេលី ចុះផ្សាយថាកាលពីថ្ងៃទី៩ខែមិថុនា ឯកអគ្គរាជទូតប្រចាំកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ ផ្ញើលិខិតមួយច្បាប់មកកាន់រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដោយបញ្ជាក់ថាប្រាក់ប្រហែល ១២ ៣០០ដុល្លារនោះចេញដោយក្រសួងអប់រំសម្រាប់ចំណាយទៅលើការផាកពិន័យ សងជម្ងឺចិត្តដល់ស្ត្រីរងគ្រោះដែលបានដាក់ពាក្យប្តឹង បង់ថ្លៃមេធាវី និងចំណាយផ្សេងៗទៀតសម្រាប់ការធានាឲ្យលោក គ្រី ស៊ាងឡុង រួចផុតពីការឃុំខ្លួននៅប្រទេសកូរ៉េខាងត្បូង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ