បទយកការណ៍៖ កម្មករ​សុខចិត្តជិះ​រថយន្តប្រជ្រៀតគ្នា ដើម្បី​កាត់បន្ថយ​ចំណាយប្រចាំខែ

កម្មករ-កម្មការិនីជិះ​រថយន្តទៅធ្វើការកាលពីពេល​កន្លងទៅ ​(ដោយ ហ៊ុយ ឧស្សាហ៍)

នៅម៉ោង៦ល្ងាចស្នូរកណ្តឹងបានបន្លឺឡើងជាសញ្ញាប្រាប់ដល់កម្មករ-កម្មការិនីដែលធ្វើការថែមម៉ោងពីម៉ោង៤រសៀលដល់ម៉ោង៦ល្ងាចថាម៉ោងធ្វើការរបស់ខ្លួនបានបញ្ចប់ហើយ។ កម្មករ-កម្មការិនីប្រជ្រៀតគ្នាចេញតាមច្រកទ្វារដែលសន្តិសុខបើកទុកជាស្រេច កម្មករខ្លះបានឆ្លៀតទិញប្រហិត ខ្លះទៀតទិញនំប៉័ងសាច់ដើម្បីទទួលទានមុននឹងឡើងរថយន្តដែលកំពុងរង់ចាំដឹកអ្នកទាំងនោះទៅផ្ទះវិញ។

ចំងាយផ្លូវពីរោងចក្រនៅម្តុំស្ពានព្រែកក្តាមទៅដល់ភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម មានចំងាយប្រហែលជា៧គីឡូម៉ែត្រ។ កម្មករបានប្រជ្រៀតគ្នាជិះរថយន្តត្រឡប់ទៅផ្ទះវិញក្រោយបញ្ចប់ការងារ។ ទោះបីជាចង្អៀតក៏ពួកគាត់ថាសុខចិត្តជិះរួមគ្នាដែរដោយថា ដើម្បីកាត់បន្ថយការចំណាយលើថ្លៃជួលរថយន្ត បើទោះបីដឹងថាជាការប្រថុយនឹងគ្រោះថ្នាក់ក៏ដោយ។

អ្នកស្រី គុណ ស្រីខេន ជាកម្មការិនីម្នាក់ក្នុងចំណោមកម្មករ-កម្មការិនីផ្សេងទៀតដែលជិះរថយន្តមួយនេះ។ នៅម៉ោងប្រហែលជា៦និង៣០នាទីល្ងាច អ្នកស្រី គុណ ស្រីខេន បានមកដល់ផ្ទះរបស់ខ្លួននិងមានកូនតូចរត់មកទទួលផ្លូវផង។ ផ្ទះមួយខ្នងមានទំហំប្រហែល៤ម៉ែត្រគុណនឹង៥ម៉ែត្រដំបូលនិងជញ្ជាំងបិទបាំងដោយស័ង្គសីនិងក្រណាត់ នៅលើដីមួយកន្លែងដែលមានទឹកព័ទ្ធជុំវិញគឺជាផ្ទះរបស់អ្នកស្រី គុណ ស្រីខេន។ អង្គុយជាមួយកូនស្រីតូចពីរនាក់ក្នុងផ្ទះលើរនាបឫស្សីដែលពុកផុយនិងមានប្រហោងដោយអន្លើ ស្ត្រីវ័យ៣២ឆ្នាំរូបនេះប្រាប់អ្នកសារព័ត៌មានវីអូឌីថាអ្នកស្រីបានធ្វើជាកម្មការិនីកាត់ដេរនេះអស់រយៈពេល៣ឆ្នាំមកហើយ។

អ្នកស្រី គុណ ស្រីខេន និងកូនស្រី (ដោយ ហ៊ុយ ឧស្សាហ៍)
អ្នកស្រី គុណ ស្រីខេន និងកូនស្រី (ដោយ ហ៊ុយ ឧស្សាហ៍)

អ្នកស្រីបន្តថាគាត់បានជិះរថយន្តទៅធ្វើការជាមួយកម្មករដទៃទៀតអស់រយៈពេលបីឆ្នាំដូចគ្នាដែរ។ អ្នកស្រីថាគាត់និងកម្មករផ្សេងទៀតធ្លាប់បានឭពីរឿងរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរារចរណ៍ពេលកំពុងដឹកកម្មករ។ អ្នកស្រីនិយាយថាជីវិតអ្នកស្រី និងកម្មករផ្សេងទៀតផ្ញើលើអ្នកបើកបរតែម្នាក់ ហើយអ្នកស្រីក៏មានក្តីបារម្ភពីគ្រោះថ្នាក់ណាមួយអាចកើតឡើងដែរ។

អ្នកស្រីបន្ថែមថា៖ “ព្រោះរាល់ថ្ងៃជិះទាំងគេទាំងខ្ញុំជិះឲ្យតែបានជិះទៅដល់រោងចក្រទាំងអស់គ្នាទៅ…ខ្លាចដែរតែមិនដឹងធ្វើម៉េចចេះតែប្រជ្រៀតគ្នាជិះទៅឲ្យតែបានដល់រោងចក្រ

កម្មការនីរូបនេះឲ្យដឹងថាកម្មករទទួលបានប្រាក់សម្រាប់ធ្វើដំណើរពីរោងចក្រចំនួន៧ដុល្លារក្នុង១ខែ តែអ្នកស្រីថាចំនួននេះមិនគ្រប់គ្រាន់សម្រាប់ថ្លៃរថយន្តនោះទេ ដោយអ្នកស្រីត្រូវថែមប្រាក់ផ្ទាល់ខ្លួនចំនួន២ដុល្លារទៀតទើបគ្រប់ថ្លៃឈ្នួលរថយន្តប្រចាំខែ។ អ្នកស្រីរៀបរាប់ទៀតថាកម្មករសុខចិត្តជិះប្រជ្រៀតគ្នាជាជាងចំណាយប្រាក់ជួលរថយន្តបន្ថែម ដោយថាប្រាក់ខែស្ទើរមិនអាចផ្ទត់ផ្គង់ជីវភាពប្រចាំថ្ងៃបានផង។

អ្នកស្រីនិយាយទៀតថា៖ “ជួលឡានអ្នកផ្សេងគេមួយទៀត គេក៏អត់ដឹងយើងដែរបើមនុស្សតិច បើយើងអត់ហ៊ានឲ្យគេថ្លៃលើសហ្នឹងដែរអស់ត្រឹម១០ដុល្លារ បើលើសពីហ្នឹងប្រាក់ខែយើងរត់អត់ដល់ដែរ បើប្រាក់ខែយើងតិចដែរថែមម៉ោងថែមអីផងបានតែ១៩០(ដុល្លារ)ហ្នឹង

អ្នកស្រី គុណ ស្រីខេន ធ្លាប់ទៅធ្វើការនៅរោងចក្រឆ្ងាយជាងរោងចក្របច្ចុប្បន្ននិងថាដើម្បីទៅធ្វើការឲ្យទាន់ម៉ោងធ្វើការនៅម៉ោង៧ព្រឹក អ្នកស្រីត្រូវក្រោកពីដំណេកមុនម៉ោង៥ទាបភ្លឺ ដើម្បីរៀបខ្លួនសម្រាប់ទៅធ្វើការ។ ការធ្វើដំណើរពេលងងឹងបែបនេះ អ្នកស្រីថាធ្វើឲ្យអ្នកស្រីបារម្ភច្រើនពីសុវត្ថិភាពក្នុងការធ្វើដំណើរ។

អ្នកស្រីរៀបរាប់ថា៖ បើយើងមិនងើបម៉េចអត់ទាន់គេ ផ្លូវវាឆ្ងាយ…យើងត្រូវទៅម៉ោង៥(ទាបភ្លឺ) ភ័យផងខ្លាចផងឲ្យតែឮគេមានឧប្បត្តិហេតុឯណាអី ចេះតែបន់ហើយកុំឲ្យជួបបងប្អូន ម៉ែឪកូនគេបងយើងអី ចេះតែព្រួយបារម្ភហើយ

កម្មករ-កម្មការិនីកំពុងទ្បើងរថយន្តទៅធ្វើការ (ដោយ ហ៊ុយ ឧស្សាហ៍)
កម្មករ-កម្មការិនីកំពុងទ្បើងរថយន្តទៅធ្វើការ (ដោយ ហ៊ុយ ឧស្សាហ៍)

ទាក់ទងនឹងក្តីបារម្ភរបស់កម្មករចំពោះសុវត្ថិភាពធ្វើដំណើនេះ អ្នកប្រកបរបរបើករថយន្តដឹកកម្មករម្នាក់គឺលោក រ៉ុន ចាន់លី ប្រាប់អ្នកសារព័ត៌មានវីអូឌី ក្រោយដាក់កម្មករនៅខាងមុខរោងចក្រថា លោកតែតែងពិនិត្យរថយន្តជានិច្ចមុននឹងចេញដំណើរ។ លោកថាការបើកបរទៀតសោតក៏លោកប្រយ័ត្នប្រយែងដែរ ដោយថាមិនហ៊ានបើកជែងគ្នាផ្តេសផ្តាសនោះទេ។

លោកបន្ថែមថា៖ ពេលមុននឹងបើកបរខ្ញុំត្រួតពិនិត្យមើលហ្វ្រាំងមើលទឹកអីអ៊ីចឹងណា…ប្រយ័ត្នប្រយែងពេលបើកបរយើងត្រូវមើលអ្នកធ្វើដំណើរជាមួយគ្នាហ្នឹង គេបើកបររបៀបម៉េចកុំឲ្យមានគ្រោះថ្នាក់…ពេលមុនយើងឡើងវ៉ាគេ យើងត្រូវមើលនៅខាងមុខមានឡានមកអត់និងខាងក្រោយមានគេវាយភ្លើងសុំវ៉ាអត់ បើគ្មានចាំយើងវ៉ាគេ

លោក រ៉ុន ចាន់លី បើករថយន្តចំណុះ៣តោនកន្លះដឹកកម្មករពីរពេលក្នុងមួយថ្ងៃដែលមានចំនួនប្រហែល៤០នាក់។ លោកថា គ្រោះថ្នាក់ចរាចរណ៍អាចកើតឡើងគ្រប់ពេលបើសិនជាអ្នកបើកបរធ្វេសប្រហែសនិងថាអ្នកជិះផ្ញើជិវិតលើអ្នកបើកបរតែម្នាក់ដែលលោកថា លោកត្រូវតែប្រុងប្រយ័ត្នជានិច្ច។

ទាក់ទងនឹងការដែលកម្មករសុខចិត្តជិះរថយន្តប្រជ្រៀតគ្នាច្រើនេះ ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី មានប្រសាសន៍ថាប្រាក់ខែកម្មករនៅមានកម្រិតទាបនៅឡើយនិងថាកម្មករមិនហ៊ានចំណាយច្រើនលើថ្លៃធ្វើដំណើរនោះទេ។ លោកថា បើទោះបីក្រសួងខិតខំធ្វើស្ពតអប់រំយ៉ាងណា ក៏នៅតែគ្មានប្រសិទ្ធភាពដែរ បើកម្មករនៅតែមានចំណូលទាប។

លោកបន្ថែមថា៖ រាជរដ្ឋាភិបាលប្រកាសថាមិនឲ្យប្រើកន្ទុយឡាន តែគាត់(ម្ចាស់រថយន្ត)នៅតែបង្ខំចិត្តប្រើ ព្រោះបើអត់ប្រើគាត់ទប់ទល់អត់រួច គាត់ត្រូវការទាមទារឲ្យកម្មករនិយោជកបង់ឲ្យគាត់យ៉ាងតិចណាស់១០ទៅ១៥ដុល្លារ គាត់ចង់បានឡើងដែរ បើមិនអ៊ីចឹងទេគាត់ត្រូវតែបង្ខំចិត្តដាក់ច្រើនហើយ បើអ៊ីចឹងបើយើងចង់ឲ្យកម្មករយើងមានសុវត្ថិភាព យើងត្រូវតម្លើងប្រាក់បៀវត្សន៍គាត់ឲ្យខ្ពស់ជាពិសេសលុយសោហុយធ្វើដំណើរឬស្នាក់នៅហ្នឹងឲ្យដល់២០ដុល្លារឡើងទៅគាត់អាចនៅទូលាយបានហើយ អ៊ីចឹងសុវត្ថិភាពគាត់ចាប់មានម្តងបន្តិចៗហើយ

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវឲ្យម្ចាស់រថយន្តដឹកកម្មករទាំងអស់ត្រូវពិនិត្យលើបច្ចេកទេសរថយន្តរបស់ខ្លួនឲ្យបានត្រឹមត្រូវ និងជៀសវាងដាក់កម្មករលើសចំណុះ។ លោកបន្ថែមថា៖ ត្រូវរៀបចំកៅអីឲ្យបានត្រឹមត្រូវ ហាមមិនឲ្យឈរដាច់ខាត ត្រូវ មានរនាំងដែកបាំងជុំវិញ មិនឲ្យដាក់ដៃចេញក្រៅ ហាមផ្ទុកលើសចំណុះ ត្រូវធានាលក្ខណ:បច្ចេកទេសរថយន្តឲ្យមានសុវត្ថិភាពពិសេសចំពោះកង់ ភ្លើង ហ្វ្រាំង ចង្គូត។ល។

កាលពីខែឧសភា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងក្នុងខេត្តស្វាយរៀងរវាងរថយន្តដឹកកម្មករនិងរថយន្តក្រុងវៀតណាម ដែលពេលនោះបណ្តាលឲ្យកម្មករចំនួន១៨នាក់ស្លាប់និង២០នាក់ផ្សេងទៀតរងរបួស។ ចំណែកនៅក្នុងឆ្នាំ២០១៦នេះយ៉ាងហោចណាស់មានករណីរថយន្តដឹកកម្មករជួបគ្រោះថ្នាក់ចរាចរណ៍ចំនួនពីរលើក គឺលើកទីមួយកាលពីខែមករា ឆ្នាំ២០១៦ មានកម្មករយ៉ាងតិច៤នាក់ស្លាប់និង៦៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល ដោយសាររថយន្តកម្មករបើកជែងគ្នា និងមួយករណីទៀតរថយន្តកម្មករក្រឡាប់កាលពីខែមេសា បណ្តាលឲ្យកម្មករ៧០នាក់រងរបួសធ្ងន់និងស្រាល។

កម្មការិនី គុណ ស្រីខេន ស្នើឲ្យរដ្ឋាភិបាលគិតគូរពីសុវត្ថិភាពកម្មករបន្ថែមទៀត ដោយចុះត្រួតពិនិត្យលើម្ចាស់រថយន្តនៅតាមរោងចក្រ។ អ្នកស្រីរៀបរាប់ថា៖ “ចង់ឲ្យគាត់ជួយដែរចុះមើលសុវត្ថិភាពកម្មករសុំមើលពីរោងចក្រពេលជិះឡាន ផ្លូវជិះឡានរាល់ថ្ងៃវាចង្អៀតៗដែរ ទាំងបងគេបងខ្ញុំទាំងខ្ញុំទាំងអីហ្នឹង ដើម្បីមកជួបកូន ធ្វើដំណើរឆ្ងាយត្រូវងើបតាំងពីយប់ផ្លូវឆ្ងាយជិះទៅណែនៗ ចង់ឲ្យគាត់មើលឃើញផង កម្មករពិបាកណាស់ខំធ្វើការមួយថ្ងៃៗខំប្រឹងដេរ ឲ្យមកផ្ទះវិញមានសុវត្ថិភាពមក

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ