ភរិយាយោធាជាន់ខ្ពស់ម្នាក់ច្រានចោលការចោទថាប្ដីរបស់គាត់យកដីយោធាមណ្ឌល៤ចែកឲ្យសាច់ញាតិ

ដីយោធាមណ្ឌល៤ (ដោយ បូ សាវី)

ភរិយាអតីតមន្ដ្រីយោធាជាន់ខ្ពស់ម្នាក់នៅកងទ័ពជើងគោកច្រានចោលការចោទប្រកាន់ដែលថាប្ដីរបស់គាត់យកដីកងទ័ពនៅមណ្ឌល៤ក្នុងខេត្ដសៀមរាបចែកឲ្យសាច់ញាតិ ដោយស្ដ្រីរូបនោះអះអាងថាដីមណ្ឌលនោះប្ដីគាត់កាន់កាប់ដោយស្របច្បាប់។

ការបដិសេធនេះបន្ទាប់ពីមន្ដ្រីយោធាចំនួន៨១នាក់ប្រចាំការនៅមណ្ឌល៤ ខេត្ដសៀមរាប កាលពីថ្ងៃទី២១មិថុនាឆ្នាំ២០១៦នេះ បានផ្ដិតមេដៃស្នើសុំរដ្ឋមន្ដ្រីការពារជាតិដកហូតដីពីមេទាហានម្នាក់ទំហំជាង៦ពាន់ម៉ែត្រការ៉េទុកជាសម្បត្ដិរដ្ឋ ដោយអះអាងថាអតីតមេបញ្ជាការរងមួយរូបនៅកងទ័ពជើងគោកបានយកដីនោះទៅចែកបក្សពួកធ្វើជាកម្មសិទ្ធិ។

ស្ដ្រីមួយរូបអះអាងថាជាភរិយាលោក ដុម ហាក់ អតីតមេបញ្ជាការរងកងទ័ពជើងគោកគឺលោកស្រី ជា គង្គាដុមហាក់ អះអាងប្រាប់VODនៅថ្ងៃនេះថា ដីនៅមណ្ឌល៤ដែលជាការិយាល័យទី២នៃកងទ័ពជើងគោកប្រចាំនៅក្រុងសៀមរាបនោះជាដីស្របច្បាប់របស់ប្តីគាត់គឺលោក ដុម ហាក់ ដែលផ្ដល់ឲ្យដោយតំណាងរាស្ដ្រខេត្ដសៀមរាបលោក សៀង ណាំ។ ប៉ុន្ដែលោកស្រីថាប្ដីគាត់បានប្រគល់ដីនោះឲ្យយោធាធ្វើទីស្នាក់ការបណ្ដោះអាសន្ន ដែលគាត់ថាកាលណោះលោក ប្រាក់ ហឿន ជាប្រធានមណ្ឌលក្នុងអំឡុងឆ្នាំ២០០៥និងឆ្នាំ២០០៦ ខណៈដែរមណ្ឌល៤នោះមានស្នាក់ការនៅស្រុកបន្ទាយស្រី ខេត្ដសៀមរាប។ លោកស្រីបន្ដថា៖ “គាត់បញ្ជាក់ថាដីនេះជាដីពិតជាដីដែលឯកឧត្ដម សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាបឲ្យមកឯកឧត្ដម ដុម ហាក់ ពិតប្រាកដមែន ហើយគាត់បានជួបឯកឧត្ដមតំណាងរាស្ដ្រតាមតេឡេហ្វូននេះខ្ញុំមានលិខិតបញ្ជាក់ពីចៅសង្កាត់បញ្ជាក់ទាំងអស់ណាពូខ្ញុំចង់ជម្រាបពូឲ្យពូមើលតាមហ្នឹង”។

លោកស្រី ជា គង្គាដុមហាក់ បន្ដថាការចោទប្រកាន់ពីសំណាក់កងទ័ពជាង៨០នាក់ថា លោក ដុម ហាក់ យកដីមណ្ឌលនោះទៅចែកឲ្យសាច់ញាតិនិងបក្សពួកនោះជារឿងមិនពិត ដែលលោកស្រីថាធ្វើឲ្យប៉ះពាល់ដល់កិតិ្ដយសគ្រួសាររបស់ខ្លួន។ ជាមួយគ្នានោះលោកស្រីបញ្ជាក់ថាលោកស្រីមានឯកសារពាក់ព័ន្ធដែលចេញដោយចៅសង្កាត់គោកចក លោក ហ៊ុយ ហួន។

ករណីនេះចៅសង្កាត់គោកចក លោក ហ៊ុយ ហឿន មានប្រសាសន៍ថាលោកធ្លាប់ចុះហត្ថលេខាទទួលស្គាល់ដីនោះថាជាដីរបស់លោក ដុម ហាក់ កាលពី២ឆ្នាំមុន។ ចៅសង្កាត់រូបនោះបន្ដថា ការកើតមានជម្លោះនោះដោយសារមន្ដ្រីយោធាដណ្ដើមផលប្រយោជន៍គ្នា ខណៈដែលផ្លាស់ប្ដូរប្រធានមណ្ឌលថ្មី។ លោកបន្ដថា៖ ដល់ ដុម ហាក់ អ្នកកាន់កាប់ទៅ កាន់កាប់បន្ដគ្នាមិនដឹងថាជាអ្នកណាអ្នកណីបើកអាកូនខ្លះបានកូនខ្លះមិនបានត្រូក៏ឈ្លោះគ្នាប៉ុណ្ណោះឯងរឿងដឹងគេដោះស្រាយម៉េច យើងអត់ដឹងដែលទេបងខ្ញុំដូចជាបានស៊ីញ៉េមួយតែមិនដឹងស៊ីញ៉េអាណាភ្លេចហើយបើ២ឆ្នាំហើយអុស

ទោះជាយ៉ាងណាលិខិតរបស់មន្ដ្រីយោធាមណ្ឌល៤នៃការិយាល័យទី២កងទ័ពជើងគោកដែលមានស្នាមមេដៃកងទ័ព៨១នាក់ផងនោះបង្ហាញថានៅដើមឆ្នាំ២០១៥ លោក ដុម ហាក់ បានយកដីក្នុងមណ្ឌល៤ទំហំ៦ ១២៨ម៉ែត្រការ៉េទៅបែកចែកឲ្យលោក ប្រាក់ ហឿន នាយរងការិយាល័យទី២អតីតប្រធានមណ្ឌល៤កាន់កាប់ទំហំ១២មx៥៤ម លោក ប៊ុត រម្យ នៅក្រសួងការពារជាតិបានដីទំហំ៥,៨០ម៉ែត្រ x៥៣,៣០ម៉ែត្រ លោក ជា ម៉េង ជាប្អូនប្រពន្ធលោក ដុម ហាក់ បានដី៤២x២០ម៉ែត្រ លោក តាំង អៀង ត្រូវជាឪពុកមាប្រពន្ធលោក ដុម ហាក់ បានដីទំហំ២០x៣០ម៉ែត្រ។

យ៉ាងនេះក្ដីលិខិតចុះថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៥របស់ចៅសង្កាត់គោកចកក្រុងសៀមរាបលោក ហ៊ុយ ហួន បញ្ជាក់ថាដីមួយកន្លែងស្ថិតនៅភូមិវៀល សង្កាត់គោកចកដែលមានទំហំជាង៦ពាន់ម៉ែត្រការ៉េជាដីរបស់តំណាងរាស្ដ្រលោក សៀង ណាំ ប្រគល់ឲ្យលោក ដុម ហាក់ កាន់កាប់នៅឆ្នាំ២០០៧និងបានប្រគល់ឲ្យសាច់ញាតិកាន់កាប់បន្ដ ប៉ុន្ដែលិខិតដដែលនោះបញ្ជាក់ថា លោក ដុម ហាក់ ទើបធ្វើពាក្យស្នើសុំកាន់កាប់ដីធ្លីនោះនៅដើមឆ្នាំ២០១៥៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ