ពលរដ្ឋ​ដែល​ប្តឹងលោក ខឹម វាសនា ​ចូលបំភ្លឺ​នៅតុលាការព្រឹកនេះ​

លោក សុច សឿង ជាម្ចាស់បណ្តឹង

បុរសម្នាក់ដែលប្តឹង​​លោក ខឹម វាសនា ថា​ជេរ​ប្រមាថពូជសាសន៍ខ្មែរ​​ជា​សាធារណៈ បានចូលខ្លួនទៅ​បំភ្លឺនៅតុលាការ នៅ​ព្រឹក​​​ថ្ងៃ​​សុក្រ​នេះ។

ក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៧ លោក សុច សឿង ឲ្យដឹងថា កាលពីថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០១៧ នៅក្នុងវេទិកាជួបជុំគ្នារបស់លោក ខឹម វាសនា បានជេរប្រមាថជាសាធារណៈ ហើយការជេរប្រមាថនេះ ក៏ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកផង។

ដើរចេញពីច្រកទ្វារសាលាដំបូងរាជធានីភ្នំពេញ លោក សុច សឿង ជាម្ចាស់បណ្តឹងបានថ្លែងប្រាប់អ្នកសារ​ព័ត៌​មាន​ថា ដើមចមដែលនាំឲ្យលោកប្តឹងប្រធាន​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដោយ​ថាមេបក្សរូបនោះ បានជេរប្រមាថនិងមើលងាយពូជសាសន៍ខ្មែរ ហើយប្រើពាក្យអសុរសជាច្រើន ប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ប្រទេសជាតិ។

លោក ​សុច សឿង បន្តថា ការ​ចូលបំភ្លឺនៅតុលាការនា​ថ្ងៃទី២៣មិថុនានេះ ដោយទុកឯកសារ​ភស្តុតាង​ជា​សំឡេង​ឲ្យព្រះរាជអាជ្ញា នឹង​​ស្នើទៅតុលាការពន្លឿនដោះ​ស្រាយសំណុំរឿងនេះ​ឲ្យបានឆាប់ និ​ង​ចាត់​វិធាន​ការ​​ច្បាប់​លើលោក ខឹម វាសនា​។

លោក​និយាយថា៖ «ខ្ញុំសំណូមពរឲ្យព្រះរាជអាជ្ញាធ្វើការចោទប្រកាន់​ [លោក ខឹម វាសនា] និងឲ្យព្រះរាជ​អាជ្ញា​​ផ្តន្ទា​ទោសឲ្យបានធ្ងន់ធ្ងរទៅតាមផ្លូវច្បាប់ ហើយខ្ញុំសំណូមពរមួយទៀត សូមឲ្យគាត់ធ្វើជាលិ​ខិត​លាយ​លក្ខ័ណ្ឌអក្សរសសុំទោសខ្មែរជាសាធារណៈ និងបញ្ឈប់សកម្មភាពជេរប្រមាថចាប់ពីពេលនេះតទៅ​»

លោក ​សុច សឿង បញ្ជាក់ថា ព្រះរាជអាជ្ញារង លោក ស៊ិន វីរៈ ដែលកាន់សំណុំរឿងនេះ បានប្រាប់​លោកថា តុលាការ​នឹង​ចាត់​ការរឿង​នេះតាមនីតិវិធីច្បាប់។ ប៉ុន្តែលោកថា ព្រះរាជ​អាជ្ញារង​រូបនោះ​មិន​បានបញ្ជាក់​ពី​ពេល​វេលាជាក់លាក់​ ដែល​​ត្រូវ​កោះហៅលោក ខឹម វាសនា ឲ្យ​ចូលបំភ្លឺនោះទេ។

លើសពីនេះទៀត លោក សឿង បានបន្តថា លោក​ក៏បាន​ដាក់​ពាក្យ​បណ្ដឹងមួយទៀត​ ទៅ​ស្ថាប័ន​ព្រះម​ហាក្សត្រ​ ដើម្បី​ឲ្យជួយអន្តរាគមន៍ ទប់ស្កាត់​នូវសកម្មភាព​របស់អ្នកនយោបាយរូបនេះផងដែរ​។

មាត្រា៧ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា​ មានខ្លឹមសារថា អង្គព្រះមហាក្សត្រកម្ពុជាមិនអាច នរណារំលោភបំពានបានឡើយ។

អ្នកនាំពាក្យគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យលោក កូវ គា ចាត់ទុកករណីពលរដ្ឋមា្នក់ប្តឹងលោក ខឹម វាសនា ​​នោះថា ជាការមួលបង្កាច់ ដោយថា ពលរដ្ឋម្នាក់នោះមិនទាន់យល់ច្បាស់​អំពី​គណ​បក្ស​សម្ព័ន្ធ​។ ​ទោះបី​យ៉ាងណាលោកថា ប្រសិនបើមានការកោះពីតុលាការ ឲ្យលោក ខឹម វាសនា ចូលបំភ្លឺ គណ​បក្ស​នឹង​ពិភាក្សាគ្នាថា ត្រូវឲ្យលោក ខឹម វាសនា ចូលបំភ្លឺផ្ទាល់ ឬ​បញ្ជូន​មេធាវី​ចូល​ជំនួស។

លោកនិយាយថា៖ «យើងនិងអនុវត្តតាមការសម្រេចរបស់តុលាការបើមានដីកាកោះហៅរបស់តុលាការពីព្រោះបើសិនជាយើងមិនចូលទៅបង្ហាញទេ ទី១ បង្ហាញថា យើងមានការទទួលខុសត្រូវទៅលើពាក្យសម្តីរបស់យើងដូចខ្ញុំនិយាយលោក សុច សឿង និយាយជាហេតុផលរបស់គាត់ ប៉ុន្តែសម្រាប់យើងក៏យើង មានហេតុផលរបស់យើងដែរ ណាមួយបើសិនជាយើងមិនចូលទៅបង្ហាញ វានឹងទៅជារឿងផ្សេងទៀត សម្រាប់ពួកយើងវាអាចខុសច្បាប់កាន់តែធ្ងន់ឡើងវាអាចនិយាយថាយើងខុសមែនយើងគ្មានការទទួលខុសត្រូវមែន​»

លោក កូវ គា បាន​បញ្ជាក់ថា បើតុលាការមិនរកឃើញកំហុសរបស់លោក ខឹម វាសនា ទេ គណបក្សរបស់​លោកនឹងដាក់ពាក្យបណ្តឹង ដើម្បីប្តឹងបកទៅលោក ​សុច សឿង ​វិញ​។

មាត្រា៣០៧ នៃក្រមព្រហ្មទណ្ឌ បទជេរប្រមាថជាសាធារណៈ មានខ្លឹមសារថា គ្រប់ពាក្យប្រមាថ មើល​ងាយ ឬពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុសទៅលើអំពើណាមួយ ដោយបញ្ចេញនៅទីសាធារណៈ ឬនៅក្នុង​សាលប្រជុំសាធារណៈជាដើម​ ត្រូវពិន័យជាប្រាក់ពី១សែន ទៅ១០លានរៀល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ