សមាគមអាដហុករិះគន់អាជ្ញាធរខេត្តកំពង់ស្ពឺ ករណីអ្នកទោសហែកគុកមិនទាន់ចាប់មកវិញ

អ្នកទោសហែកគុកនៅខេត្តកំពង់ស្ពឺ (Fresh News)

មន្ដ្រីសមាគមអាដហុកប្រចាំនៅខេត្តកំពង់ស្ពឺ រិះគន់ចំណាត់ការរបស់អាជ្ញាធរខេត្តនេះថាស្ងប់ស្ងាត់ទៅវិញ បន្ទាប់ពីមានករណីអ្នកទោស៥នាក់ លួចហែកគុករត់គេចខ្លួនបាត់ កាលពីពេលថ្មីៗនេះ។

កាលពីយប់ថ្ងៃទី២០មិថុនាឆ្នាំ២០១៧​​​កន្លងទៅ អ្នកទោស៥នាក់នៅខេត្តកំពង់ស្ពឺ បានហែកគុកនិងគេចខ្លួនបាត់ ននិងមិនទាន់ចាប់បានម្នាក់មកវិញទេ។

បើតាមមន្ដ្រីពន្ធនាគារ មុនធ្វើសកម្មភាពហែកគុក ពួកគេត្រូវបានសមត្ថកិច្ចនាំទៅសម្រាកព្យាបាលជំងឺនៅមន្ទីរសុខភាពរបស់ពន្ធនាគារខេត្ត។ ហើយនៅវេលាម៉ោង២យប់រំលងអាធ្រាត្រ ពួកគេបាននាំគ្នាហែកដំបូលប៉ុស្ដិ៍សុខភាព និងរត់គេចខ្លួនបាត់តែម្ដង ខណៈដែលអាជ្ញាធរកំពុងស្រាវជ្រាវចាប់ខ្លួនមកវិញ។

មន្ដ្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ស្ពឺ លោក រ័ត្ន ថាវី ឲ្យដឹងថា ករណីអ្នកទោសហែកគុកនេះគឺជាលើកទី២ហើយ ដោយលោកថា លើកមុន អាជ្ញាធរខេត្តនេះ មិនទាន់ទាំងចាប់ខ្លួនអ្នកទោសទាំងនោះបានមកវិញផង។ លោកថា ចំពោះករណីថ្មីនេះ អាជ្ញាធរហាក់ធ្វើការសស្រាក់សស្រាំតែពីតំបូង ប៉ុន្ដែបច្ចុប្បន្ន ចំណាត់ការរបស់អាជ្ញាធរក៏ស្ងៀមស្ងាត់ទៅវិញ។

លោក រ័ត្ន ថាវី ទទូចឲ្យសមត្ថកិច្ចតាមចាប់ខ្លួនពួកគេមកវិញឲ្យបានឆាប់ ព្រោះបើតាមចរិកនៃបទល្មើល ដែលអ្នកទោសប្រព្រឹត្ត គឺមានលក្ខណៈកាចសាហាវ អាចបង្កគ្រោះថ្នាក់ដល់ពលរដ្ឋ។

លោកថា៖ «រាល់ថ្ងៃ ដូចជារៀងស្ងៀមស្ងាត់ ដូចជាអត់ឃើញមាននេះអីផង គ្រាន់ថាក្រោយពេលកើតហេតុភ្លាម ព្រឹកឡើងហ្នឹង មានខាងសមត្ថកិច្ចពីក្រសួងពីអី គេចុះមកត្រួតពិនិត្យនៅកន្លែងកើតហេតុហ្នឹង ប៉ុន្ដែរហូតមកដល់ពេល វានៅតែអត់ទាន់ឃើញចាប់ខ្លួនបានត្រឡប់មកវិញផង។ លើកទី២ហើយ ដូចជាលើកទី២ហើយ ដែលអ្នកទោសលួចរត់ចេញពីពន្ធនាគារ។ សំណួរពី VOD៖ អឺ អត់បានចាប់មកវិញទេ ទៅទៅរហូតតែម្ដង»។

ស្នងការនគរបាលខេត្តកំពង់ស្ពឺលោក សម សាមួន មានប្រសាសន៍ថា ករណីអ្នកទោសហែកគុកនេះ កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនពួកគេមកវិញហើយ។ យ៉ាងណាក៏ដោយ លោកថា មកទល់ពេលនេះ មិនទាន់ចាប់បានអ្នកទោសណាម្នាក់ទេ។

លោកថា៖ «នៅ នៅ កំពុងដុតដុតជើងធ្វើ ព្រោះថាទាំងរូបថត ទាំងដីកាចាប់ខ្លួនឡើងវិញរបស់តុលាការ គឺយើងបានបញ្ជូនទៅដល់ដៃនគរបាលរាជធានីខេត្តទាំង២៥រួចហើយ គឺគាត់ទទួលបានព័ត៌មានហ្នឹងទាំងអស់ហើយ »។

បើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២១មិថុនា អ្នកទាំង៥នាក់នោះគឺសុទ្ធជាអ្នកទោសប្រុស មានអាយុចន្លោះពី២១ឆ្នាំដល់៤៧ឆ្នាំ រួមមានឈ្មោះ «កែវ អែម» ហៅ ខៀវ រិទ្ធី «ឃុន សុភឿន» «ស៊ុ ម៉ូច» «ឡុង ប៊ុនណាត» និង «រុន រ៉ានី»។​

ក្នុងចំណោមអ្នកទាំង៥ មានម្នាក់ជាទណ្ឌិត ម្នាក់ជាពិរុទ្ធជន និង៣នាក់ទៀត ជាជនត្រូវចោទ ពាក់ព័ន្ធនឹងបទល្មើស «ប្លន់ទ្រព្យសម្បត្តិ» «ឃាតកម្មគិតទុកជាមុន» និង «ជួញដូរគ្រឿងញៀនខុសច្បាប់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ