អ្នកឃ្លាំមើលបារម្ភពីព័ត៌មានបែបហិង្សា ខណៈការរកឃើញនៅតែមានកម្រិតខ្ពស់

អង្គការមួយរកឃើញថា សារព័ត៌មានបែបហិង្សានៅតែមានឥទ្ធិពលខ្លាំងលើប្រព័ន្ធផ្សព្ធផ្សាយ ក្នុងប្រទេសកម្ពុជាអំឡុងពេលបោះឆ្នោតឃុំសង្កាត់ បើប្រៀបធៀបទៅនឹងព័ត៌មានបែបឯករាជ្យនិងព័ត៌មានបែបសន្តិភាព។

អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) នៅថ្ងៃនេះ បង្ហាញរបាយការណ៍សិក្សាស្រាវជ្រាវមួយលើអត្ថបទព័ត៌មានទាក់ទងនឹងដំណើរការបោះឆ្នោតឃុំសង្កាត់ ដោយជ្រើស​រើសយកអត្ថបទប្រមាណជាង១០០អត្ថបទ ពីស្ថាប័នសារព័ត៌មានជាតិចំនួន១០និងអន្តរជាតិ ចំនួន៥មកវិភាគរកឃើញថា ព័ត៌មានបែបសន្តិភាព៤៦% និងព័ត៌មានបែបឯករាជ១៦%។ ចំណែកព័ត៌មានបែបហិង្សាមានរហូតទៅដល់៣៨% ដែលចំនួននេះ ធ្វើឲ្យអ្នកឃ្លាំមើលបារម្ភពីផលប៉ះពាល់សង្គមដោយសារការផ្សព្វផ្សាយព័ត៌មានបែបហិង្សា។

នាយិកាអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់លោកស្រី ស្រី សុធាវី មានប្រសាសន៍ថា ព័ត៌មានបែបហិង្សាច្រើនកើតឡើងពីសារព័ត៌មានដែលមាននិន្នាការគាំទ្របក្សនយោបាយឬបក្សពួកម្ខាងៗ ដោយព័ត៌មាននោះ បានបង្ករនូវសារបង្ករជម្លោះ បំផ្លាញអ្នកដ៏ទៃ បំភ្លៃការពិតនិងសរសរឃោសនាលើកតម្កើងតែវីរជនឬភាគីដែលខ្លួនគាំទ្រជាដើម។

លោកស្រីបង្ហាញក្តីបារម្ភថា ប្រសិនបើព័ត៌មានបែបហិង្សានៅតែមានឥទ្ធិពលនិងចាក់ឬសជ្រៅក្នុងប្រព័ន្ធផ្សព្វផ្សាយកម្ពុជាបែបនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិនិងដំណើរការបោះឆ្នោតពេលក្រោយទៀត។

លោកស្រីបន្ថែម៖ «ព័ត៌មានហិង្សា វាផ្តល់ភាពមហន្តរាយដលប្រទេសជាតិ ដល់សង្គមជាតិ ដល់ប្រជាពលរដ្ឋទាំងមូល។ អញ្ចឹង ប្រសិនបើអ្នកសារព័ត៌មានគិតគូរនិងចូលរួមចំណែកក្នុងការចូលរួមកសាងសន្តិភាព ចូលរួមក្នុងការផ្តល់ព័ត៌មានប្រកបដោយតម្លាភាព ប្រកបដោយភាពត្រឹមត្រូវមានប្រភពគ្រប់ភាគីចូលរួម ផ្សាយព័ត៌មានចេញទៅដោយមិនមានការកាន់ខាងបក្សណា មួយ ឬជន ឬបុគ្គលណាមួយទេ គឺផ្សាយដោយភាពត្រឹមត្រូវនិងប្រកបដោយវិជ្ជាជីវៈ អញ្ចឹងវា អាចធ្វើឲ្យប្រជាពលរដ្ឋមើលឃើញរូបភាពទូលំទូលាយ ហើយអាចគិចពិចារណា ត្រឹមត្រូវ ក្នុងការធ្វើការសម្រេចចិត្តលើសកម្មភាពអីមួយ»

អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មានសោទស្សនៃក្រសួងព័ត៌មានលោក ផុស សុវណ្ណ ទទួល យករបាយការណ៍នេះ ប៉ុន្តែលោកមិនគាំទ្រទាំងស្រុងនោះទេ ដោយថា រងចាំការវិភាគនិងសិក្សាបន្ថែមទៀត។

ទោះជាយ៉ាងណាលោកទទួលស្គាល់ថា ព័ត៌មានបែបហិង្សា គឺកំពុងកើតមានលើប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដោយសារអ្នកព័ត៌មានមួយចំនួនចំណេះដឹងនៅមានកំរិត។

លោកបន្តថា ក្រសួងគ្រោងរៀបចំបណ្តុះបណ្តាលបន្ថែមទៅដល់អ្នកសារព័ត៌មានឲ្យយល់ដឹង អំពីផលប៉ះពាល់នៃព័ត៌មានបែបហិង្សារនេះ។

លោកបន្ថែមថា៖ «ក្រសួងប្រកាន់ជំហរលើការអប់រំច្រើន ធ្វើម៉េចបណ្តុះបណ្តាលអ្នកសារព័ត៌មានឲ្យបានច្រើន ឲ្យគាត់យល់ដឹងបានគ្រប់ផ្នែកទាំងអស់ទៅយើងអាចកែរលំអរប្រព័ន្ធផ្សព្វផ្សាយរបស់យើងបាន ដោយសារយើងអត់ទាន់ចេះ ចឹងយើងនៅតែយល់ឃើញថា គំនិតខ្លួន​​ឯងត្រឹមត្រូវ ប៉ុន្តែបើគាត់ចេះគាត់អាចសម្របសម្រួសជាមួយគំនិតអ្នកដទៃបានដែរ ហើយនាំឲ្យមានសន្តិភាព អាចសរសេរអត្ថបទល្អៗជួយអប់រំសង្គម ហើយផ្តល់ព័ត៌មានដោយសេរីដល់ប្រជាពលរដ្ឋ ហើយមិនមែនជាព័ត៌មានមួយធ្វើឲ្យមានហិង្សាទៀតទេ»

អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា ក្នុងអំឡុងពេលឃោសនានិងពេលបោះឆ្នោត មានសារព័ត៌មានមួយចំនូនបានផ្សព្វផ្សាយខុសពីការពិត និងខុសពីគោលការណ៍របស់ គ.ជ.ប ជាពិសេសប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទោះជាយ៉ាងណា លោកថា ក្រោយគ.ជ.ប ធ្វើការណែនាំប្រព័ន្ធផ្សព្វផ្សាយទាំងនោះក៏បានកែតម្រូវឡើងវិញ។

លោកបន្ថែមថា៖ «ឥទ្ធិពលនៃព័ត៌មានក្នុងហ្វេសប៊ុកនេះ ជាការសំដែងមតិរបស់បុគ្គលប៉ុន្តែក៏ធ្វើឲ្យប៉ះពាល់ដល់ការភ័យច្រឡំរបស់បងប្អូនប្រជាពលរដ្ឋផងដែរ គ.ជ.ប បានលើកឡើងនូវសេចក្តីអំពាវនាវ ឬសំណូមពរឬក៏ទូរសព្ទទៅផ្ទាល់ ហើយគ.ជ.ប ក៏សង្កេតឃើញអ្នកដែលបានផ្តល់ព័ត៌មានតាមហ្វេសប៊ុកហ្នឹង ដោយខុសស្គងហ្នឹង ក៏បានបញ្ឈប់នូវសកម្មភាពរបស់ខ្លួនដែរ»

បើតាមរបាយការណ៍សិក្សាររបស់អង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT) ឲ្យដឹងថា ស្ថាប័នព័ត៌មានដែលអង្គការយកអត្ថបទមកវិភាគនោះមាន វិទ្យុវីអូឌី វិទ្យុវាយោ វិទ្យុបារាំង អន្តរជាតិ វិទ្យុអាស៊ីសេរី វិទ្យុវីអូអេ ការសែតភ្នំពេញប៉ុស្តិ៍ ការឌឹខេមបូឌាដេលី ការសែតរស្មីកម្ពុជា កាសែតកោះសន្តិភាព និងការសែតដើមអំពិលជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ