ពល​រដ្ឋខេត្តតាកែវ​ជីក​ស្រះទឹកប៉ះ​ចំគ្រាប់មិន​ទាន់ផ្ទុះ​ទម្ងន់​ជាង​៣០០គីឡូ​

គ្រាប់​ប្រភេទ M117 (FB: HENG Ratana)

អាជ្ញាធរឲ្យដឹងថា ពល​រដ្ឋខេត្តតាកែវបាន​ជីក​ប៉ះ​គ្រាប់មិនទាន់​ផ្ទុះមួយគ្រាប់ ​​ដែលផលិត​ដោ​យ​សហរដ្ឋ​អាមេរិក ហើយមាន​ទម្ងន់​ជាង​៣០០គីឡូ​ក្រាម ខណៈពួកគេកំពុងជីកស្រះទឹកមួយកន្លែង។

អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា លោក​ ហេង​ រតនា បាន​សរសេរ​នៅ​លើ​ទំព័រហ្វេស​ប៊ុក​កាលកាលពី​ថ្ងៃ​ទី២២មិថុនាថា​ ពល​រដ្ឋ​បាន​ជីកប៉ះ​គ្រាប់​បែក​មិន​ទាន់ផ្ទុះ​មួយ​គ្រាប់​ប្រភេទ M117 ដែល​ក្បាល​ផ្ទុះ​នៅ​ខាង​ក្រោយ និង​មាន​ទម្ងន់​ប្រមាណ៣៥០គីឡូ​ក្រាម។ លោកបានឲ្យដឹងទៀតថា គ្រាប់នេះ បាន​ទម្លាក់​ពី​យន្ត​ហោះ​កាលពី​សម័យ​សង្គ្រាម និងកប់​ក្នុង​ដី​ជម្រៅ​ប្រមាណ​៥​ម៉ែត្រ នៅភូមិបាក់​កូដ ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ។ ក្រោយពី​ទទួល​ព័ត៌មាន​នេះ លោកថា​ ក្រុម​ជំនាញ​ស៊ី​ម៉ាក់​បាន​ចុះ​ទៅ​ដោះស្រាយ​ និង​បន្សាប​ក្បាលផ្ទុះ​រួច​ហើយ​។

លោក​ ហេង រតនា បាន​សរសេរ​ថា៖ «សម័យនេះ ការប្រើប្រាស់គ្រឿងចក្រជីកដីជារឿងធម្មតាហើយប៉ុន្មានខែដើមឆ្នាំ២០១៧នេះការជីករណ្តៅដីនិងស្រះទឹក ប៉ះចំគ្រាប់ទំលាក់ពីយន្ដហោះយើងពិតជាព្រួយបារម្ភចំពោះសុវត្ថិភាពក្នុងការប្រើប្រាស់ដីជាមួយគ្រឿងចក្រ ដោយមិនបានត្រួតពិនិត្យសុវត្ថិភាពជាមុន!»​។

គួ​របញ្ជាក់​ថា ​គ្រាប់​ប្រភេទ M117 នេះ​ជា​ប្រភេទ​គ្រាប់​ដែល​ផលិត​ និង​ប្រើ​ប្រាស់​ដោយ​សហ​រដ្ឋ​អាមេរិក ក្នុង​ការប្រយុទ្ធ​ទម្លាក់​ពី​លើ​យន្ត​ហោះ​លើ​ទី​តាំង​សត្រូវ និងត្រូវ​បាន​ប្រើ​ប្រាស់​ជាលើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥០ ក្នុង​សង្គ្រាម​ក្នុងឧបទ្វី​ប​កូរ៉េ។ ជា​ទូ​ទៅ​ គ្រាប់​នេះ​ មាន​ទម្ងន់​ប្រមាណ​ជា៣៥០គីឡូក្រាម​ ដែល​ក្នុង​នោះ​វា​ផ្ទុក​ម្សៅ​ TNT សម្រាប់​បំផ្ទុះ​ប្រមាណ​១៨៣គីឡូក្រាម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ