វ៉ានីឡា បាក់ទឹកចិត្តក្រោយពេល​បណ្ដឹងមួយឆ្នាំនៅតែគ្មានដំណោះស្រាយ

កញ្ញា សុខ ចិន្តា ហៅវ៉ានីឡា (វង្ស សុម៉ាលីន)

យោងតាមការទម្លាយចុងក្រោយ តារាចម្រៀងដែលទទួលរងអំពើហិង្សារនិងការបង្ហោះរូបអាក្រាតពីសំណាក់អតីតសង្សារឡើងផ្អើលស្រទាប់មហាជនគឺ កញ្ញា វ៉ានីឡា នោះ​នៅមិនទាន់ទទួលបានដំណោះស្រាយណាមួយទាល់តែសោះ បើទោះជាបណ្ដឹងរបស់នាងត្រូវគេអន្តរាគមន៍អោយធ្លាក់ដល់ដៃតុលាការ។

រំលឹកដល់ខួបមួយឆ្នាំនៃការរងគ្រោះនាអំឡុងខែមិថុនាក្នុងឆ្នាំ២០១៧នោះសាមីខ្លួនដោយផ្ទាល់បានអះអាងថានាងពិតជាបាក់ទឹកចិត្តនិងលែងមានជំនឿចិត្តហើយថាបណ្ដឹងរបស់នាងទទួលបានយុត្តិធម៌។

វ៉ានីឡា បានបង្ហាញក្នុងកម្មវិធីបន្តផ្ទាល់មួយថា កញ្ញាចាប់ផ្ដើមអស់សង្ឃឹមនិងបាក់ទឹកចិត្តខុសពីមុន បន្ទាប់ពីបណ្ដឹងរបស់នាងស្រាប់តែត្រូវអូសបន្លាយ​រហូតដល់មួយឆ្នាំមកទល់ពេលនេះ។

នាងថាក្រោយពេលរឿងរ៉ាវរបស់នាងត្រូវបានតារាសិល្បៈមួយក្រុមស្វះស្វែងរកស្នាមមេដៃធ្វើញត្តិជួយអន្តរាគមន៍ទៅដល់ក្រសួងពាក់ព័ន្ធនិងមានទាំងសមាគមមួយផ្ដល់អោយនាងនូវមេធាវីផង គឺនាងរំពឹងយ៉ាងខ្លាំងថាបណ្ដឹងរបស់ខ្លួនប្រហែលមិនយូរនោះទេពិតជាមានដំណោះស្រាយ ជាពិសេសបន្ទាប់ពី​ពាក្យបណ្ដឹងនោះត្រូវបានបញ្ជូនទៅដល់ក្រសួងមហាផ្ទៃនិងក្រោយទៅដល់តុលាការ។ ប៉ុន្តែអ្វីៗបានត្រឹមអសាបង់ដោយសារតែដោយសារបណ្ដឹងរបស់នាងបើទោះជាបានដល់ដៃតុលាការ​ក៏នៅតែបានត្រឹមតែកោះហៅៗតែភាគីខាងនាងហើយសម្រាប់ភាគីខាងចុងចោទដែលនាងដាក់បណ្ដឹងគឺមិនមានការចូលខ្លួនទាល់តែសោះ។

នាងថាមកទល់ម៉ោងតុលាការបានតែកោះហៅខាងនាងអោយទៅបំភ្លឺម្ដងជាពីរដងប៉ុណ្ណោះ ប៉ុន្តែសម្រាប់ភាគីខាងលោក គុយ សិទ្ធិស័ក្ដ ដែលជាជនជាប់ចោទគឺមិនទាន់មានការចូលខ្លួនមកបំភ្លឺសូម្បីតែម្ដង ​​ដោយ​​ខាងតុលាការក៏បានត្រឹមតែឆ្លើយតប​ថា​​អោយចាំចំណាត់ការៗ ហើយមិនឃើញមានការដាក់កំហិតអោយបុរសម្នាក់នោះចូលខ្លួនមកបំភ្លឺនោះទេ។

នាងថាតុលាការឃើញមានចេញដីការអោយអតីសង្សាររបស់នាងចូលខ្លួនទៅបំភ្លឺ ប៉ុន្តែនៅមិនទាន់ឃើញបុរសម្នាក់នោះចូលខ្លួនតាមការកោះហៅទាល់តែសោះដោយអោយតែមេធាវីមកដោះស្រាយជំនួសហើយ​លទ្ធផលបន្តបន្ទាប់ក៏នៅតែពន្យារៗមិនឃើញលទ្ធផល។

នាងថាខ្លួនបានដាក់បណ្ដឹងអតីតសង្សារពីបទប្រើប្រាស់អំពើហិង្សាដោយចេតនានិងបង្ហោះរូប​អាក្រាតរបស់នាងជាសាធារណៈ​ដោយក្នុងបណ្ដឹងនោះនាងស្នើសុំអោយអតីតសង្សារចូលខ្លួនដោះស្រាយនិងទទួលខុសត្រូវចំពោះមុខច្បាប់ប៉ុណ្ណោះដោយមិនត្រូវការអោយមានការសម្រុះសម្រួលក្រៅប្រព័ន្ធតុលាការណាមួយនោះទេ។ នាងថាគ្រួសារតារារបស់អតីតសង្សារ ក្រៅពីមិនចេញមុខដោះស្រាយ គឺបានទាំងរុញអោយនាងទៅប្ដឹងឯណាក៏ប្ដឹងទៅ ហើយលទ្ធផលចុងក្រោយគឺទោះបណ្ដឹងបានធ្លាក់ដល់ដៃតុលាការ​គឺភាគីម្ខាងទៀតអត់ខ្វល់ចេញមុខដោះស្រាយតែម្ដង។

នាងសម្ដែងអារម្មណ៍ខកចិត្តដែលរឿងរ៉ាវរបស់នាងមានរយៈពេល១ឆ្នាំគត់មកទល់ពេលនេះ តែចំពោះដំណោះស្រាយផ្លូវច្បាប់គឺមិនមានក្នុងពេលដែលនាងក៏​អះអាងថាការទន្ទឹងរង់ចាំរបស់នាងក៏ចាប់ផ្ដើមធ្លាក់ភាពអស់សង្ឃឹម។ យ៉ាងណាមិញ នាងថាមិនដកពាក្យបណ្ដឹងឬទទួលសំណូកក្រៅតុលាការដើម្បីបញ្ចប់រឿងនោះទេ គឺនាងនឹងប្រើសំឡេងក្នុងនាមជាតារារបស់ខ្លួនអំពាវនាវអោយមហាជនជួយអន្តរាគមន៍។ នាងថាក្ដីរំពឹងចុងក្រោយគឺមិនច្រើនទៀតទេ បន្ទាប់ពីបណ្ដឹងរបស់នាងទៅដល់តុលាការនិងមានការកោះហៅច្រើនដងមកហើយ តែភាគីម្ខាងទៀតនៅតែមិនព្រមអើពើ។

នាងបានរំលឹកពីរឿងរ៉ាវនៃជម្លោះនោះថា នៅក្នុងយប់មួយគឺអតីតសង្សារនិងនាងបានឈ្លោះគ្នាខ្លាំងដោយសារអតីតសង្សារចង់ខ្ចីឡានរបស់នាងដែលត្រូវជិះទៅថតនៅថ្ងៃស្អែក ហើយនាងមិនព្រម។

នាងថាលោក ស័ក្ត​ បានខឹងកំរោលចូលហើយវាយតប់នាងគ្នាក្នុងឡានដោយនាងអះអាងថាបើក្នុងយប់នោះនាងចេញពីឡានមិនរួចគឺប្រាកដជាត្រូវរងហិង្សាស្លាប់ក៏មិនដឹង។

នាងថាយប់នោះនាងបានរត់ចូលក្នុងផ្ទះមួយនៅម្ដុំវត្តទួលឫស្សីកែវហើយអតីតសង្សារប៉ុនបង់ចាប់នាងអោយបានដោយបានទាំងប្រើពាក្យសម្ដីជេរប្រមាថ ដោយនាងយល់គិតថាបើចាប់នាងបានគឺពិតជាអាចសម្លាប់នាងក៏មិនដឹង។

នាងថាបើកុំតែមានមនុស្សមកជួយនាងឈូរឆរ ប្រហែលជាអតីតសង្សារមិនព្រមបើកឡានចេញនោះទេ គឺពិតជានៅរង់ចាំចាប់នាងដាក់ឡានអោយបាន។

នាងបានដាក់បណ្ដឹងទៅខាងខណ្ឌសង្កាត់សុំអោយអតីតសង្សារប្រគល់រថយន្តដែលបានយក​ទៅមកអោយខ្លួនវិញ ប៉ុន្តែអតីតសង្សារ អត់ព្រមប្រគល់អោយទេ ដោយសូម្បីតែនាងទៅដល់ផ្ទះខាងប្រុសក៏ម្ដាយរបស់លោកអត់អើពើដែរ គឺរហូតទាល់តែលោក សុខ ជំនោរ ខលអោយយករថយន្តនោះប្រគល់អោយវិញ ទើបអតីតសង្សារព្រមអោយហើយប៉ុន្មានថ្ងៃក្រោយមក​ការបង្ហោះរូបអាក្រាតរបស់នាង​ក៏បានហោះឡើង។

នាងថាបើទោះជាធ្លាប់ត្រូវបានអតីតសង្សារវាយដំច្រើនដង តែនាងមិនដែលមានបំណងដាក់បណ្ដឹងឬទាមទារយុត្តិធម៌ណាមួយនោះទេក្រៅពី​ប្ដឹងខណ្ឌសង្កាត់សុំអោយប្រគល់រថយន្តអោយវិញ។ ប៉ុន្តែបណ្ដាលមកពី​អតីតសង្សារបង្ហោះរូប​អាក្រាតរបស់នាង ទើបនាំអោយនាងដាក់បណ្ដឹងពីបទប្រើប្រាស់អំពើហិង្សារនិង​បង្ហោះរូប​អាក្រាត។

យ៉ាងណាមិញនាងសារភាពថាលែងមានជំនឿចិត្តពីរឿងទទួលបានយុត្តិធម៌ទៀតហើយ ដោយនាងបញ្ជាក់ថាបើទោះជាមានការដោះស្រាយពីសំណាក់តុលាការក៏ប្រហែលមិនមិនបានលទ្ធផលច្រើន។ នាងថាចង់ឃើញតែមួយគត់គឹអតីតអ្នកប្រើហិង្សាលើនាងនិងបង្ហោះរូបអាក្រាតទទួលទោសក្រោមចំណាត់ការផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ