ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានឲ្យដឹងថាអ្នកចូលរួមដែលមិននៅក្នុងក្បួនដង្ហែ ទៅដល់ខេត្តតាកែវ អាចចូលរួមដើរដោយថ្មើរជើងបានក្នុងរយៈចម្ងាយខ្លី។
ព្រះតេជគុណប៊ុត ប៊ុនតិញ បានឲ្យដឹងក្នុងវេទិកាតុមូលវីអូឌីកាលពីថ្ងៃទី ២២ ម្សិលមិញដោយថា នឹងមានការហែក្បួនរថយន្ត ដែលអមពីក្រោយដោយអ្នកដើរថ្មើរជើងក្នុងរយៈចំងាយខ្លី ព្រះអង្គអៈអាងថាការធ្វើបែបនេះគឺមិនល្មើសទៅនឹងការព្រមព្រៀងរវាងគណៈកម្មការជាមួយសាលារាជធានីនោះទេ។ ព្រះអង្គបញ្ជាក់ថា គណៈកម្មការមិនមានផែនការសម្រាប់ការដើរហែនោះទេក្នុងគម្រោង ក៏ប៉ុន្តែបើមានអ្នកចង់ដើរថ្មើរជើងចម្ងាយខ្លី អាចចូលរួមចាប់ចេញ ពីវត្ត។
ព្រះអង្គមានថិរដីកាថា៖ “ត្រូវ! ក្បួនគឺមិនបានរៀបឲ្យថ្មើរជើងទេ។ ដូចអត្មាថាក្បួនឡានឈរលើទីតាំងណាចំពោះអ្នកដែលធ្វើដំណើរឆ្ពោះទៅស្រុកត្រាំកក់ខេត្តតាកែវ គឺយើងនៅលើក្បួនរថយន្ត មិនអាចដើដល់ខេត្តតាកែវទេ។ … អាត្មាលើកឡើងអ្នកដែលអត់មានលទ្ធភាពហែសពលោកបណ្ឌិតដល់ខេត្តតាកែវ គាត់មានលទ្ធភាពដើរត្រឹម១០០ម៉ែត្រ ២០០ម៉ែត្រ កន្លះគីឡូយើងអត់អាចហាមកើតទេ។ គាត់ចេញពីមុខផ្ទះគាត់មកទទួលគាត់ដើរបាន១០ម៉ែត្រយើងអត់អាចឲ្យជិះកើតទេ ក្បួនទម្លាប់ហែសពមិនអាចហែឈប់ៗទេ គឺត្រូវហែយឺតឬលឿនគឺត្រូវហែទៅមុខជានិច្ច ” ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា ប្រសាសន៍ថា ការព្រម ព្រៀងគ្នារវាងគណៈកម្មការបុណ្យ និង អាជ្ញាធរគឺមិនឲ្យមានការដើរហែទេ ហើយបើមានការ ដើរនោះ ជាការមិនគោរពតាមការព្រមព្រាងហើយ។
សពលោកបណ្ដិតកែម ឡីត្រូវបានក្រុមគ្រួសារ និងគណៈកម្មការបុណ្យសពសម្រេចយកទៅបញ្ចុះនៅភូមិអង្គតាកុក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលជាទីកន្លែងរបស់លោកនៅថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ចុងសប្តាហ៍នេះ។ បើតាមគណៈកម្មការបុណ្យសពបានប្រមាណថានឹងមានអ្នកចូលរួមជាង៥០ម៉ឺននាក់សម្រាប់ការដង្ហែរនេះ៕