Fresh News ថា លោក ហ៊ុន សែន ជួយ៥ម៉ឺនដុល្លារសម្រាប់សង់ចេតិយសពលោក កែម ឡី

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០១៧​ ម៉ោង 11:31 AM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 2782 ពិធីបុណ្យសពលោកបណ្ឌិត កែម ឡី ដែលបានប្រារព្ធឡើងនៅវត្តចាស់កាលពីពេលកន្លងទៅ

សារព័ត៌មាន​ស្និទ្ធ​នឹង​បក្ស​កាន់​អំណាច បាន​ចុះ​ផ្សាយ​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ឧបត្ថម្ភ​ថវិកា ៥​ម៉ឺន​ដុល្លារ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ សម្រាប់​សាង​សង់​ចេតិយ​សព​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​លោក​បណ្ឌិត កែម ឡី។

សារព័ត៌មាន Fresh News ដែល​តែង​តែ​អះ​អាង​ថា​ បាន​សម្ភាស​ផ្ដាច់​មុខ​ជាមួយ​លោក​នាយករដ្ឋ​មន្ត្រី​​លើ​បញ្ហា​សំខាន់ៗនោះ បាន​ចុះ​ផ្សាយ​ថា នាយក​ប្រតិបត្តិ​នៃ​អង្គភាព​សារព័ត៌មាន​នេះ លោក លឹម ជាវុត្ថា បាន​ប្រគល់​ថវិកា ៥​ម៉ឺន​ដុល្លារ ដល់​សាច់​ញាតិ​សព​លោក​បណ្ឌិត កែម ឡី នៅ​ឯ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

សារព័ត៌មាន​គាំ​ទ្រ​រដ្ឋាភិបាល​មួយ​នេះ បាន​ចុះ​ផ្សាយ​បន្ត​ថា ថវិកា​នោះ​ជា​ការ​បរិច្ចាគ​ដោយ​លោក ហ៊ុន សែន ហើយ​ត្រូវ​បាន​ប្រគល់​ដល់​ដៃ​ម្ដាយ និង​ប្អូន​ប្រុស​​សព​លោក​បណ្ឌិត កែម ឡី។

នេះ​គឺ​ជា​ការ​ផ្ដល់​ថវិកា​ជា​លើក​ទី​ពីរ​ពី​សំណាក់​លោក ហ៊ុន សែន បន្ទាប់​ពីសារព័ត៌មាន​នេះ បាន​ចុះ​ផ្សាយ​​​ថា លោក​នាយករដ្ឋ​មន្ត្រី បាន​ជួយ​ឧបត្ថម្ភ​ថវិកា ១ម៉ឺន​​ដុល្លារ​ម្ដង​រួច​មកហើយ​កាល​ពី​ថ្ងៃ​ទី១៥ ខែ​កក្កដា​នេះ​ ក្រោយ​ពី​លោក កែម រិទ្ធិសិទ្ធ ប្អូន​ប្រុស​​បង្កើត​សព​លោក​ កែម ឡី បាន​​និយាយ​ថា បាន​ជំពាក់​ប្រាក់​ថ្លៃ​រៀបចំ​អាហារ​ថ្ងៃ​បុណ្យ​ខួប ១​ឆ្នាំ។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន នៅ​ក្នុង​ម៉ាត​ស្ថិត​ក្នុង​ការ៉ាស់​សាំង​កាល់តិច នៅ​ម្ដុំ​ស្តុប​បូកគោ។ មាន​តែខ្មាន់​កាំភ្លើង អឿត អាង ហៅ​ខ្លួន​ឯង​ថា ជួប សម្លាប់ តែ​ម្នាក់​ប៉ុណ្ណោះ ត្រូវ​បាន​ចាប់​ខ្លួន និង​កាត់​ទោស នៅ​ក្នុង​សំណុំ​រឿង​ឃាតកម្ម​​នេះ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តជាតិ​រាប់​រយ​ស្ថាប័ន ទាមទារ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ និង​តម្លាភាព​ ក្នុង​សំណុំ​រឿង​​ឃាតកម្ម​លើ​អ្នក​វិភាគ​នយោបាយ​ល្បី​ឈ្មោះ​រូប​នេះ ដោយ​ពួកគេ​លើក​ឡើង​ថា ជាង​មួយ​ឆ្នាំ​មក​នេះ ករណី​នេះ ពុំ​ទាន់​មាន​យុត្តិធម៌​នៅ​ឡើយ​ទេ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required