យុគ ចិន្តា ចង់អោយកូនស្រី ធ្វើអ្នកសារព័ត៌មាន

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីព្រឹកថ្ងៃទី២២ កក្កដា មុនជូនកូនស្រីទៅប្រលងចម្រៀងនៅក្នុងប្រទេសសិង្ហបុរី អ្នកនាងយុគ ចិន្តា និយាយថាអ្នកនាងមិនចង់អោយកូនស្រីក្លាយខ្លួនជាតារាសិល្បៈនោះទេ បើទោះជាកូនស្រីរបស់អ្នកនាងបែរជាមានចំណូលចិត្តក្នុងអាជីពចម្រៀង និងភ្លេង។ អ្នកនាងថាអ្នកនាងបានដៅទិសដៅដល់កូនកូនស្រីតាំងពីកូននៅក្មេង គឺចង់អោយនាង​​ក្លាយខ្លួនជាអ្នកសារព័ត៌មាន។

អ្នកនាងនិយាយថា ដ្បិតថា​​អ្នកនាងល្បីឈ្មោះក្នុងអាជីព​​ពិធីការិនី តែអ្នកនាងអត់ចង់អោយកូនបន្តប្រឡូកសិល្បៈតាមលំនាំអ្នកនាងសូម្បីតែបន្តិចនោះទេ ដោយសារតែអ្នកនាងយល់ថាអាជីពនេះមិនមែនជាចំនូលចិត្តរបស់ខ្លួន។ អ្នកនាងថាស្រឡាញ់ខ្លាំងបំផុតគឺអាជីពអ្នកសារព័ត៌មាន ដោយសារតែមានឱកាសអាចយល់ដឹងបានច្រើន ហើយ​​អាចមានចំណេះដឹងច្រើនក្នុងការធ្វើកិច្ចសម្ភាសន៍។ អ្នកនាងថាមុនក្លាយជាពិធីការិនី អ្នកនាងគឺជាអ្នកសារព័ត៌មានម្នាក់ ដែលក្រោយមកក៏បានក្លាយជាអ្នកអានព័ត៌មាន​ មុន​ក្លាយជាពិធីការិនីដែលត្រូវបានមហាជនទទួលស្គាល់។

អ្នកនាងយល់ថាបណ្ដាលមកពីមានជំនាញជាអ្នកសារព័ត៌មាននាអតីតកាលនោះហើយ ដែលជំរុញអោយអ្នកនាងទទួលជោគជ័យក្នុងការអត្ថាធិប្បាយក្នុងអាជីពពិធីការិនី អ៊ីចឹងហើយអ្នកនាងចង់អោយកូនស្រីក្លាយខ្លួនជាអ្នកសារព័ត៌មាន។ ផ្ទុយពីទស្សនៈមួយចំនួន​​​​ដែលយល់ថាអាជីព​​អ្នកសារព័ត៌មានប្រឈមនឹងបញ្ហាច្រើនជាពិសេសសម្រាប់អ្នកសារព័ត៌មាននារី អ្នកនាងយុគ ចិន្តា បានអះអាងថាកាន់តែមានការប្រឈមនឹងធ្វើអោយអ្នកប្រឡូកអាជីពមួយនេះ​កាន់តែរឹងមាំឡើង។

អ្នកនាងនិយាយថា«ការពិតអ្នកសារព័ត៌មាន​​សម្រាប់ក្មេងស្រីគឺពិតជាពិបាក ប៉ុន្តែខ្ញុំនៅតែយល់ថាអាជីពនឹងល្អ! ខ្ញុំស្រឡាញ់ អ៊ីចឹងហើយទើបខ្ញុំខកចិត្តនៅពេលដែលកូនគឺខ្ញុំចង់អោយគាត់ទៅខាងហ្នឹង(អ្នកសារព័ត៌មាន) តែគាត់អត់ទៅ!»

អ្នកនាងថាក្នុងពេលកូនស្រីនៅតូចអ្នកនាងតែមានក្ដីស្រម៉ៃថាកូនស្រីនឹងក្លាយជាអ្នកសារព័ត៌មានម្នាក់ ដែលមានសមត្ថភាពអាចសម្ភាសន៍តារាសិល្បៈ និងអាចសរសេរអត្ថបទព័ត៌មានបានល្អ ប៉ុន្តែចុងក្រោយកូនស្រីអ្នកនាងបែរជារុញមិនទៅដោយសារតែអ្នកនាងអះអាងថាកូនស្រីចង់តែរឿងអាជីពច្រៀង និងលេងភ្លេង។ ក្នុងមួយខែអ្នកនាងត្រូវចំណាយរហូតដល់ខ្ទង់ពាន់ដុល្លារអោយកូនស្រីហាត់លេងព្យាណូ និងច្រៀង នៅក្នុងសាលាតន្ត្រីអន្តរជាតិធំមួយ បន្ទាប់ពីកូនស្រីរំអុកចង់ចេះ​ជំនាញសិល្បៈ ដែលអ្នកនាងយល់ថាមិនចង់ជំទាស់គំនិតកូនស្រី។

អ្នកនាងនិយាយថា៖ «ដោយសារតែខ្ញុំអត់មានកូនប្រុស ដល់ចឹងខ្ញុំប៉ងមែនទែនថាកូនស្រីខ្ញុំមួយហ្នឹងត្រូវតែធ្វើជាអ្នកកាសែត ព្រោះខ្ញុំក៏ជាអ្នកសារព័ត៌មានកាលពីមុនខ្ញុំស្រឡាញ់ជំនាញហ្នឹង ហើយខ្ញុំនិយាយត្រង់ដល់ពត់កូនអត់បាន ព្រោះគាត់ចង់តែច្រៀងចង់តែរាំ ទើបខ្ញុំសម្រេចចិត្តអោយគាត់ចូលរៀនខាងតន្ត្រី និងច្រៀងតែម្ដងទៅ ដើម្បីអោយគាត់មានគ្រឹះ»

អ្នកនាងបានអោយកូនស្រីសិក្សានៅសាលាស្រណោះតន្ត្រី ដែលជាសាលាតន្ត្រីកម្រិតអន្តរជាតិរយៈពេលប្រមាណ៤ឆ្នាំមកហើយ ទើបកូនអ្នកនាងត្រូវបានជ្រើសអោយក្លាយជាបេក្ខនារីទៅប្រលងចម្រៀងនៅក្នុងប្រទេសសិង្ហបុរី ដោយបានចាកចេញពីកម្ពុជាកាលពីព្រឹកថ្ងៃទី២២ កក្កដា។

អ្នកនាង យុគ ចិន្តា បន្តថាកូនស្រីអ្នកនាងចេញទៅប្រលងចម្រៀងក្នុងព្រឹត្តិការណ៍ Asian Art Festival 2017 នៅក្នុងប្រទេសសិង្ហបុរី ដោយមានប្រទេសអាស៊ានទាំង១១ចូលរួម។ ការប្រកួតផ្លូងការនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៤ កក្កដានេះ ដើម្បីដណ្ដើមមេដាយមាសប្រាក់ និងសំរិទ្ធិពីការប្រកួតប្រជែង។ យ៉ាងណាមិញ អ្នកនាងមិនខ្វល់រឿងកូនស្រីទទួលបានមេដាយ ឬក៏អត់នោះទេដោយសារតែអ្នកនាងយល់ថាសម្រាប់អាជីពសិល្បៈ បើកូនអ្នកនាងជោគជ័យក៏អរ តែបើមិនជោគជ័យក៏ម្យ៉ាង ដើម្បីអាចអោយអ្នកនាងលត់ដំកូនស្រីទៅកាន់អាជីពមួយផ្សេងគឺអាជីពជាអ្នកសារព័ត៌មាន​ជំនួសវិញ។ អ្នកនាងនៅតែប្រកាន់ជំហរថាអោយតែកូនស្រីចង់បោះបង់អាជីព​​សិល្បៈ គឺអ្នកនាងនឹងបណ្ដុះកូនស្រីអោយចូលសិក្សាក្នុងអាជីពជាអ្នកសារព័ត៌មាន បើទោះជាអ្នកនាងបានចំណាយលុយកាក់អស់ច្រើនមកហើយអោយកូនស្រីហ្វឹកហាត់តន្ត្រី និងចម្រៀង។

យ៉ាងណាមិញ អ្នកនាងនឹងជំរុញអោយកូនស្រីបានក្លាយជាតារាចម្រៀងម្នាក់ បន្ទាប់ពីកូនស្រីកាន់តែមានសមត្ថភាពច្រៀង និងលេងព្យាណូពីការហាត់រៀន។ អ្នកនាងនិយាយថា«ដោយសារកូនគាត់ចូលចិត្តចឹង(អាជីពសិល្បៈ)! ​ចឹងមានតែរុញតែសម្រាប់ខ្ញុំនៅតែចង់អោយគាត់ធ្វើជាអ្នកសារព័ត៌មាន ព្រោះស្រឡាញ់​!»។

អ្នកនាងថាក្រោយ​ការប្រលងចម្រៀងរបស់កូនស្រីនៅក្នុងប្រទេសសិង្ហបុរី គឺរហូតដល់ថ្ងៃទី​២៨ កក្កដា ទើបអ្នកនាង និងកូនស្រីត្រលប់មកវិញ ដោយសារតែអ្នកនាងត្រូវបន្តនាំកូនដើរលេង ហើយមិនទាន់ត្រលប់មកជាមួយបេក្ខភាពដែលចេញទៅប្រលងផ្សេងទៀត។

គួរបញ្ជាក់ថាកូនស្រីអ្នកនាងយុគ ចិន្តា ឈ្មោះយុគ ដាពេជ្រ វ័យ១៤ឆ្នាំ ដោយការចេញប្រលងរបស់នាងក៏មានក៏បេក្ខជនជាក្មេងៗចំនួន២០រូប​ផ្សេងទៀតចេញទៅប្រលងជាមួយផងដែរ។ លោកសូ ស្រណោះ នាយក​សាលាស្រណោះតន្ត្រី ដែលជាអ្នកដឹកនាំបេក្ខភាព​​ជាសិស្សរបស់ខ្លួនទៅប្រកួតយកមេដាយនៅសិង្ហបុរីនិយាយថា ព្រឹត្តិការណ៍​ Asian Art Festival នេះមានការរៀបចំ​ជាលើកទី៣មកហើយក្រោមការរៀបចំរបស់សិង្ហបុរី ប៉ុន្តែសម្រាប់កម្ពុជាទើបតែមានឱកាសដឹកនាំកូនសិស្សអោយចេញទៅប្រកួតប៉ុណ្ណោះ ដោយបានធ្វើការប្រលងជ្រើសរើសក្នុងចំណោមកូនសិស្សរបស់ខ្លួនទាំងជាង១៨០នាក់ទទួលបានកូនសិស្សចំនួន២១អោយចេញប្រកួត។

លោកថាក្នុងចំណោមសិស្សទាំងអស់ដែលចេញប្រកួតនេះ ប្រកួតលើវិញ្ញសារបី គឺវិញ្ញាសារលេងព្យាណូ លេងវីយ៉ូឡុង និងច្រៀង ដោយកូនស្រីរបស់អ្នកនាងត្រូវលោកចាត់អោយប្រលងចម្រៀង ដោយលោករំពឹងទឹកដមសំលេងនាងរំពឹងឈ្នះមេដាយច្រើនជាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ