លិខិតអនាមិកត្រូវបានគេបាចដោយចោទនគរបាលនិងមន្ត្រីតុលាការ​ជំរិតទារលុយពីអ្នករកស៊ី​

ជនអនាមឹកបានយកលិខិតទៅបាចនៅក្បែរមណ្ឌលប្រឡងមធ្យមសិក្សាទុតិយភូមិនៅខេត្តក្រចេះរាប់រយសន្លឹក និងចែកចាយបន្តតាមបណ្តាញសង្គមនៅថ្ងៃអង្គារនេះ ដោយខ្លឹមសារក្នុងលិខិតនោះបានចោទមន្ត្រីប៉ូលីសស័ក្តបីថា បានឃុបឃិតគ្នាជាមួយមន្ត្រីតុលាការនៅខេត្តនោះ ដើម្បីកៀបយកលុយពីប្រជាពលរដ្ឋដឹកឈើ។

លិខិតដែល VOD ទទួលបានតាមបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះបានឲ្យដឹងថា ប៉ូលីសស័ក្តិ៣ខេត្តក្រចេះ លោក ហេង ចន្ថា តែងតែដាក់កុងត្រួលជំរិតទារលុយពីអ្នករកស៊ីដឹកឈើ ជន្លង់ម្រេច គ្រប់ជ្រកល្ហកក្នុងខេត្ត ដោយតម្រូវឲ្យបង់លុយចន្លោះពី៥ដុល្លារទៅ២០០ដុល្លារ។ ដោយឡែកកន្លែងស្តុកឬដេប៉ូព្រមទំាងសិប្បកម្មក្នុងមួយខែ ត្រូវបង់ចាប់ពី២០ដុល្លារទៅ៥០ដុល្លារ។

លិខិតដដែលឲ្យដឹងទៀតថា លោក ហេង ចន្ថា ក៏បានយករថយន្តផ្ទាល់ខ្លួនម៉ាកតាកូម៉ា១បំាងកន្លះតាមកាក់អ្នករកស៊ីរាល់ថ្ងៃនិងយប់ ដោយអះអាងថាជាបេសកកម្មរបស់ព្រះរាជអាជ្ញាខេត្តក្រចេះលោក ហាក់ ហ៊ាន់។ លិខិតបន្តថាក្នុងមួយខែៗប៉ូលីសស័ក្តិ៣នោះបានគំរាមអ្នករកស៊ីយកលុយរាប់ម៉ឺនដុល្លារឲ្យទៅលោកព្រះរាជអាជ្ញារូបនោះ ដោយថាក្នុង១ម៉ឺនដុល្លារទទួលបានលាភ៣ពាន់ដុល្លារ៖ “ហេង ចន្ថា តែងតែដើរគំរាម(អ្នករកស៊ីដឹកឈើនិងស្តុកឬដេប៉ូ ព្រមទំាងសិប្បកម្ម)ថា របស់មុននឹងចេញត្រូវគេប្រាប់មុន បើមិនប្រាប់អ្នកណាក៏ដោយក៏គេមិនខ្លាចដែរចាប់ទំាងឡាន ទំាងរបស់ និងមនុស្សយកដាក់គុក ហើយឈ្មោះ ហេង ចន្ថា នេះជាអ្នករត់ការដោះជាមួយ (ព្រះរាជអាជ្ញារង) ហាក់ ហ៊ាន់“។

លិខិតអនាមិកដដែលឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួននៅខេត្តក្រចេះមិនសប្បាយចិត្តនោះទេ ដោយថាស្ថាប័នតុលាការជាកន្លែងអនុវត្តច្បាប់ បែរជារំលោភច្បាប់ទៅវិញ។ លើសពីនេះទៀត លិខិតដដែលរកឃើញថាមន្ត្រីតុលាការបានទៅជួលផ្ទះលោក ហេង ចន្ថា ស្នាក់នៅ ដោយថាប៉ូលីសរូបនោះមិនយកថ្លៃជួលផ្ទះនោះទេ។

ព្រះរាជអាជ្ញារងខេត្តក្រចេះលោក ហាក់ ហ៊ាន់ ប្រាប់ VOD ដោយបដិសេធថា លោកមិនបានឃុបខិតឬបញ្ជាឲ្យមន្ត្រីប៉ូលីសស័ក្តិ៣នោះជំរិតទារលុយពីប្រជាពលរដ្ឋ ដើម្បីចែកគ្នានោះទេ។ ចំណែកការជួលផ្ទះឯណោះវិញ លោកបញ្ជាក់ថា រូបលោកនិងមន្ត្រីតុលាការប្រចំាខេត្តក្រចេះផ្សេងទៀតបានជួលផ្ទះប៉ូលីសស័ក្តិ៣នោះមែន តែពួកគាត់បានបង់ប្រាក់ឲ្យជារៀងរាល់ខែនិងមានវិក័យបត្រផងដែរ។

យ៉ាងណាក៏ដោយ លោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ បញ្ជាក់ថាលោកកំពុងធ្វើរបាយការណ៍ឆ្លើយតបនឹងលិខិតអនាមិកនោះ ដើម្បីបញ្ជូនទៅក្រសួងយុត្តិធម៌នៅពេលឆាប់ៗនេះផងដែរ៖ “ដោយសារអាហ្នឹងហើយ ខ្ញុំបានធ្វើរបាយការណ៍ទៅក្រសួងយុត្តិធម៌ ព្រោះអ្នកនាំពាក្យតម្រូវឲ្យខ្ញុំបំភ្លឺ ខ្ញុំត្រូវបំភ្លឺជូនគាត់ មានតែឲ្យថ្នាក់លើគេមកស៊ើបទៀតទៅ ថាយើងបានប្រព្រឹត្តមែន យើងទទួលខុសត្រូវចំពោះមុខច្បាប់ទៅ

លើសពីនេះទៀត ព្រះរាជអាជ្ញារងរូបនោះបានលើកទឹកចិត្តឲ្យបុគ្គលដែលចែកចាយលិខិតអនាមិកនោះ ចេញមុខដាក់ពាក្យបណ្តឹងជាសាធារណៈជាជាងលាក់មុខបែបនេះ។

VOD មិនអាចសុំការបំភ្លឺពីប៉ូលីសស័ក្តិ៣ខេត្តក្រចេះ លោក ហេង ចន្ថា បានទេនៅថ្ងៃនេះ។

លិខិតអនាមិកនោះក៏បានអំពាវនាវទៅអង្គភាពប្រឆំាងអំពើពុករលួយ អភិបាលខេត្ត ក្រសួងយុត្តិធម៌ ជួយស៊ើបអង្កេតលើករណីនេះផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ