បុគ្គលិករោងចក្រស្រាបៀរអង្គរ បន្តធ្វើការតវ៉ាខណៈគ្មានដំណោះស្រាយ

បុគ្គលិករោងចក្រស្រាបៀរអង្គរ (រូបភាពពីហ្វេសប៊ុក)

កម្មកររោងចក្រស្រាបៀរអង្គររាប់រយនាក់នៅថ្ងៃទី២៣ខែសីហានេះបន្តប្រមូលផ្ដុំគ្នាតវ៉ាមុខរោងចក្រស្រាបៀរអង្គរដែលស្ថិតក្នុងក្រុងព្រះសីហនុ ដើម្បីសុំមិនឲ្យរោងចក្របញ្ឈប់អ្នកគ្រប់គ្រងឃ្លំាងមួយរូប ដែលថាមានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ។

អ្នកគ្រប់គ្រងឃ្លាំងនៅរោងចក្រផលិតស្រាបៀរអង្គរ លោក លឹម រ័ត្ន ត្រូវបានរោងចក្របញ្ឈប់ពីការងារកាលពីសប្តាហ៍កន្លងទៅ។

តំណាងសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា លោក ខែម ម៉ៅ បានប្រាប់វីអូឌីថាកម្មករគ្រប់ផ្នែកនៅរោងចក្រស្រាបៀរអង្គរបាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ដើម្បីជំទាស់ទៅនឹងការសម្រេចរបស់ក្រុមហ៊ុន ដែលបញ្ឈប់អ្នកគ្រប់គ្រងឃ្លាំង ឈ្មោះ លឹម រ័ត្ន និងស្នើសុំឲ្យរោងចក្រអនុញ្ញាតឲ្យ លោក លឹម រ័ត្ន ត្រឡប់មកធ្វើការនៅក្រុមហ៊ុនវិញ។

លោកមានប្រសាសន៍ថា៖ “មូលហេតុដែលគេបញ្ឈប់គាត់ ដូចតូចតាចមិននឹកស្មាន ដោយចោទថាគាត់ហ្នឹងពុករលួយយកលុយ១៥ដុល្លារពីឈ្មួញលក់សំបកដប

លោក លឹម រ័ត្ន អ្នកគ្រប់គ្រងឃ្លាំងនៅរោងចក្រស្រាបៀរអង្គរបានប្រាប់ថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនគឺមានការចរចាជាមួយនឹងរោងចក្រ ក៏ដូចជាក្រសួងការងារ តែហាក់ដូចជាគ្មានលទ្ធផលអ្វីជាផ្លូវការលោកក៏ដូចជាកម្មករទាំងអស់នៅតែបន្ដធ្វើការតវ៉ារហូតដល់មានដំណោះស្រាយ។

លោកបញ្ចាក់ថា៖ ការបញ្ចប់របស់រោងចក្រ អត់ត្រឹមត្រូវ! ខ្ញុំយល់ថាអត់ត្រឹមត្រូវ! ផ្អែកលើមូលហេតុថា យើងហ្នឹងកេងប្រវ័ញ្ចលើក្រុមហ៊ុន តែវាអត់មាន បើមានគាត់ចាប់ខ្ញុំដាក់គុកហើយ

លោក ខែម ម៉ៅ បញ្ចាក់ថាក្រុមកម្មករក៏បានស្នើរឲ្យក្រុមហ៊ុនធ្វើការបញ្ឈប់លោក Y.K. WONG ជនជាតិម៉ាឡេស៊ី ចេញពីប្រធានផ្នែកឃ្លាំង ដោយសំអាងថា លោក Y.K. WONG ជាមនុស្សផ្ដាច់ការ ហើយបុគ្គលិកមិនពេញចិត្ដនឹងរូបលោក។

ពាក់ព័ន្ធនឹងការបញ្ឈប់អ្នកគ្រប់គ្រងឃ្លាំង លោក លឹម រ័ត្ន វីអូឌី នៅមិនទាន់អាចសុំការបញ្ចាក់បន្ថែមពីលោក ឆេង សុភ័ក្រ ប្រធានគ្រប់គ្រងផ្នែកធនធានមនុស្សរបស់ក្រុមហ៊ុនស្រាបៀរអង្គរបាននៅឡើយទេមកទល់នឹងម៉ោងផ្សាយ ដោយសារទូរសព្ទគ្មានអ្នកទទួល។

ទោះជាយ៉ាងណា លោក ឆេង សុភ័ក្រ កាលពីថ្ងៃទី២២តាមរយៈព្រឹត្តិប័ត្រព័ត៌មានខេមបូឌាដេលី បានឲ្យដឹងថាក្រុមហ៊ុនបានជួបអ្នកតវ៉ាកាលពីថ្ងៃសៅរ៍ ហើយភាគីទាំងពីរកំពុងស្ថិតនៅដំណាក់កាលដោះស្រាយជម្លោះនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ