សកម្មជនដីធ្លីស្នើបញ្ចេញវីដេអូពីកាំមេរ៉ាផ្ទះលោក ហ៊ុន សែន ករណីតុលាការចោទប្រកាន់អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីបឹងកក់អំពាវនាវទៅរដ្ឋាភិបាលឲ្យបញ្ចេញវីឌីអូឃ្លីបនៅក្នុងកំាមេរ៉ាផ្ទះលោកនាយករដ្ឋមន្ត្រីដោយថា ដើម្បីបង្ហាញពីតម្លាភាព ករណីតុលាការចោទប្រកាន់អ្នកស្រី ទេព វន្នី ថាបានប្រមាថរាជការសាធារណៈនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំ២០១៣។

ការអំពាវនាវនេះធ្វើឡើងក្រោយពីតុលាការចោទប្រកាន់អ្នកស្រី ទេព វន្នី ក្នុងបទល្មើសថ្មីមួយទៀត គឺចោទពីបទប្រមាថរាជការសាធារណៈនិងប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ខណៈអ្នកស្រីត្រូវបានតុលាការកាត់ឲ្យជាប់ទោស៦ថ្ងៃទាក់ទងការធ្វើយុទ្ធនាការអាវខ្មៅ។

កាលពីថ្ងៃចន្ទ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចកែប្រែបទចោទលើសកម្មជនដីធ្លីបឹងកក់២នាក់ គឺអ្នកស្រី ទេព វន្នី និងអ្នកស្រី បូវ សោភា ពីបទល្មើសញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ (មាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ) ទៅជាបទល្មើសប្រមាថ (មាត្រា៥០២នៃក្រមដដែល) វិញ ដោយលោកថាតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ៦ថ្ងៃនិងពិន័យជាប្រាក់៨ម៉ឺនរៀលក្នុងម្នាក់ៗ ពាក់ព័ន្ធនឹងសំនុំរឿងពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប មន្ត្រី គ.ជ.ប ១រូប និងទាមទារយុត្តិធម៌ឲ្យលោកបណ្ឌិត កែម ឡី កាលពីសប្តាហ៍មុន។

យ៉ាងណាក៏ដោយក្នុងចំណោមអ្នកជាប់ឃុំទំាងពីរនាក់នោះ ត្រូវបានតុលាការដោះលែងម្នាក់និងបន្តឃុំខ្លួនម្នាក់ ក្រោយពីតុលាការរកឃើញបទចោទថ្មីមួយទៀត ប្រព្រឹត្តនៅក្បែរផ្ទះលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ២០១៣។

អ្នកស្រី បូវ សោភា ដែលត្រូវបានតុលាការដោះលែងឲ្យមានសេរីភាពវិញ បានថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃចន្ទម្សិលមិញថា ការចោទប្រកាន់បទល្មើសថ្មីទៀតលើអ្នកស្រី ទេព វន្នី ជារឿងអយុត្តិធម៌ ដោយអ្នកស្រីថា ដើម្បីបង្ហាញពីតម្លាភាព រដ្ឋាភិបាលត្រូវបញ្ចេញវីដេអូឃ្លីបនៅផ្ទះលោកនាយករដ្ឋមន្ត្រី។ អ្នកស្រីបន្តថា៖ “ពួកខ្ញុំសំណូមពរទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកកំាមេរ៉ាផ្ទះរបស់លោកនាយករដ្ឋមន្ត្រី ដើម្បីបង្ហាញពីការពិត តើថ្ងៃហ្នឹងប្រជាពលរដ្ឋបឹងកក់ទៅរកកិច្ចអន្តរាគមន៍ពីគាត់ ហើយបែជារងអំពើហិង្សា ហើយបែជាទីបំផុតប្តឹង តើតុលាការជាអាយ៉ងរបស់អ្នកណាឲ្យពិតប្រាកដ បើសិនជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈរលើគោលការណ៍ឯករាជ្យគឺជាអ្នកបំរើប្រជាពលរដ្ឋ លោកត្រូវតែបើកកំាមេរ៉ាសុវត្ថិភាពក្នុងករណីប្តឹងអ្នកស្រី ទេព វន្នី

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន មានប្រសាសន៍ថា បើតុលាការចង់បានវីដេអូឃ្លីបពីកាមមេរ៉ាផ្ទះលោកនាយករដ្ឋមន្ត្រីនោះ លោកថាសមត្ថកិច្ចពាក់ព័ន្ធអាចធ្វើតាមនីតិវិធី ដោយស្នើសុំមករដ្ឋាភិបាល។ លោកមានប្រសាសន៍ថា៖ “កំាមេរ៉ាមិនមែនសម្តេចលោកនាយករដ្ឋមន្ត្រីលើកយកទៅជូនទៅណាទេ អាហ្នឹងការស្រាវជ្រាវរបស់តុលាការ ហើយបើតុលាការគាត់ស្រាវជ្រាវហើយ លោកបង្គាប់មកសមត្ថកិច្ចដូចជាក្រសួងមហាផ្ទៃឬមួយសមត្ថកិច្ចខ័ណ្ឌ អាជ្ញាធរដែនដីដែលគ្រប់គ្រងតំបន់ហ្នឹង អាចតុលាការមានមតិទៅ គឺអាជ្ញាធរគេនឹងយកទៅបង្ហាញហើយ មិនមែនតែស្អីឡើងសម្រាប់តែនាយករដ្ឋមន្ត្រីធ្វើទៅផ្ទាល់ទេ

អគ្គលេខាធិការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សនៅកម្ពុជាលោក សួន ប៊ុនស័ក្តិ យល់ថាការចោទប្រកាន់លើអ្នកស្រី ទេព វន្នី ចំពោះបទល្មើសថ្មីទៀតនោះ គ្រាន់តែជាការគំរាមកំហែងលើអ្នកតស៊ូមតិតែប៉ុណ្ណោះ។ តែលោកថា ដើម្បីកុំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ តុលាការត្រូវបង្ហាញភស្តុតាងជាក់លាក់ ជាពិសេសកាមេរ៉ាផ្ទះលោកនាយករដ្ឋមន្ត្រី។ លោកបន្តថា៖ “ចំណុចនេះ បើសិនជាអាជ្ញាធរត្រូវការចោទប្រកាន់ប្រជាពលរដ្ឋខ្មែរ គឺសកម្មជនស្ត្រីបឹងកក់ អាជ្ញាធរត្រូវមានភស្តុតាងគ្រប់គ្រាន់ដើម្បីដាក់បន្ទុកឲ្យគេ បើមិនអញ្ចឹងទេ ការចោទប្រកាន់គឺជាកំហុសធ្ងន់ធ្ងរប៉ះពាល់ដល់ការរំលោភសិទ្ធិមនុស្ស ដែលប្រើប្រាស់សិទ្ធិនៅក្នុងការបញ្ចេញមតិជួបជុំជាទូទៅ

ក្នុងមាត្រា៥០៤នៃក្រមព្រហ្មទណ្ឌបានចែងថា បទល្មើសប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែទៅ១ឆ្នំា និងពិន័យជាប្រាក់ពី១លានរៀលទៅ២លានរៀល ក្នុងករណីប្រព្រឹត្តដោយបុគ្គលច្រើនរូប ធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ