សកម្មជនបក្សប្រឆាំងថានាយករដ្ឋមន្ត្រីគំរាមតុលាការមុនពេលសវនាការ

មាជ សុវណ្ណរា អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ

សកម្មជនបក្សប្រឆាំងច្រើនរូបដែលចូលសវនាការនៅសាលាឧទ្ធរណ៍នាព្រឹកថ្ងៃអង្គារនេះ អះអាងប្រហាក់ប្រហែលគ្នាថាសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញគឺជាការដាក់សម្ពាធដល់តុលាការកុំឲ្យដោះលែងពួកគេ។

ក្នុងវេទិកាបរិស្ថានកាលពីថ្ងៃចន្ទម្សិលមិញ លោក ហ៊ុន សែន បានព្រមានមន្ត្រីទូតនានានៅកម្ពុជាថាឈប់ជំរុញឲ្យរដ្ឋាភិបាលដោះលែងអ្នកដែលកំពុងជាប់ឃុំ។

លោកថា៖ «នៅកម្ពុជាមិនមែនមានតែបក្សមួយ បក្សពីទេ មានបក្សច្រើនណាស់ អញ្ចឹងអាអ្នកជាប់គុក វាត្រូវតែជាប់គុក ហើយអ្នកជាប់គុកមិនមែនតែបក្សនយោបាយណាៗទេ អ្នកណាខុសច្បាប់ អ្នកហ្នឹងជាប់គុកទៅ មនុស្សក្នុងគណបក្សប្រជាជនកម្ពុជា ម៉ាគគោកជាប់គុក។ តែខ្ញុំមិនដែលដើរជ្រុលហួសទេ អ្វីដែលខ្ញុំសុំគឺសុំតែការពិតតែប៉ុណ្ណោះ»។

នៅព្រឹកថ្ងៃថ្ងៃទី២៣ខែសីហានេះ សកម្មជនបក្សប្រឆាំង១១រូបមានលោក ស៊ុំ ពុទ្ធី លោក នាង សុឃុន អឿ ណារិត និងលោក មាជ សុវណ្ណារ៉ា ផងនោះ ត្រូវឆ្មាំពន្ធនាគារដឹកយកមកសវនាការនៅសលាឧទ្ធរណ៍ ដើម្បីបានការពារបណ្តឹងទាស់។

បណ្តឹងទាស់នោះគឺបណ្តឹងសុំមោឃភាពនីតិវិធីដោយមេធាវីអះអាងថា សាលក្រមកាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០១៥ នោះបានធ្វើឡើងដោយគ្មានវត្តមានមេធាវីការពារក្តីនៅក្នុងសវនាការនិងបណ្តឹងប្រឆាំងសាលក្រមផ្តន្ទាទោស។

ក្នុងសវនាការ សកម្មជនជាជនត្រូវចោទយ៉ាងតិច៥នាក់បានប្រាប់ទៅចៅក្រមក្នុងអង្គជំនុំជម្រះថា ពួកគេត្រូវបានឃុំខ្លួនជាង១ឆ្នាំទាំងអយុត្តិធម៌តាមរយៈសាលក្រមរបស់សាលដំបូងរាជធានីភ្នំពេញ។

ពួកគេជំរុញឲ្យចៅក្រមនៅតុលាការជាន់ខ្ពស់មួយនេះត្រូវប្រកាន់ជំហរឯករាជ្យ ដោយថាកុំសម្រេចក្តីដោយរងសម្ពាធនយោបាយ ដូចតុលាការថ្នាក់ក្រោម។

ក្រោយឆ្មាំគុកគ្រៀកចេញពីបន្ទប់សវនាការ បញ្ជូលក្នុងរថយន្តទៅឃុំខ្លួនវិញ លោក មាជ សុវណ្ណរ៉ា ស្រែកទាំងដៃជាប់ខ្នោះដោយបង្ហាញពីភាពអស់សង្ឃឹមថាតុលាការជាន់ខ្ពស់មួយនេះទំនងជាមិនហ៊ានផ្តល់យុត្តិធ៌មឲ្យពួកលោកទេ ដោយលោកចាត់ទុកថាតុលាការជាឧបករណ៍នយោបាយ។

លោកថា៖ «ហ៊ុន សែន គាត់គំរាមម្សិលមិញហើយ អញ្ចឹងគ្មានអីដោះស្រាយចេញទេ បាទ!»

លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសស៊ើបអង្កេតនៅអង្គការលីកាដូដែលតាមដានសវនាការនេះ លើកឡើងថាការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីនេះ អាចធ្វើឲ្យចៅក្រមពិបាកក្នុងការសម្រេចចិត្តឈរលើជំហរឯករាជ្យ។ ប៉ុន្តែលោកចាត់ទុកថា ក្នុងសវនាការតុលាការផ្តល់ឱកាសឲ្យអ្នកពាក់ព័ន្ធបានបញ្ចេញមតិស្មើភាពគ្នា ដែលលោកថា មានតម្លាភាព។

លោកថា៖ «ការផ្ញើសារនេះហើយ ដែលធ្វើឲ្យតុលាការលោកពិបាកនឹងពិចារណាដូចមុនៗអញ្ចឹង។ ប៉ុន្តែនៅពេលនេះ ទោះជាយ៉ាងណាសាលាឧទ្ធរណ៍នៅតែមានការតាំងចិត្ត ហើយអ្វីដែលយើងឃើញគឺការបំបែកសំនុំរឿងជាពីរមែន»

យ៉ាងណាក៏ដោយ ក្រោយពីជជែកដេញដោលដោយសំឡេងខ្លាំងៗរវាងមេធាវីការពារក្តីសកម្មជនបក្សប្រឆាំង និងមេធាវីដើមបណ្តឹង ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះក្នុងអង្គសវនាការ លោក ប្លង់ សំណាង សម្រេចបំបែកសំនុំរឿងនេះជាពីរ គឺមួយ សំនុំរឿងសុំមោឃភាពទៅនឹងនីតិវិធីនិងបណ្តឹងសារទុក្ខប្រឆាំងសាលក្រមរបស់សាលាដំបូងដោយប្រកាសធ្វើសវនាទៅថ្ងៃក្រោយរយៈពេលពីរថ្ងៃដាច់ដោយទ្បែកពីគ្នា។

បើតាមលោក អំ សំអាត ការបំបែកសំនុំរឿងជាពីរ របស់សាលាឧទ្ធរណ៍ លោកថាជានីតិវិធីមួយអាចឲ្យជនត្រូវចោទ ទទួលបានយុត្តិធម៌ច្រើនជាង បើទោះបីពួកគេត្រូវចំណាយពេលរស់នៅក្នុងពន្ធនាគារមួយរយៈពេលទៀតក៏ដោយ។

សូមជំរាបជូនថា សកម្មជនបក្សប្រឆាំងទាំង១១នាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ឆ្នាំទៅ២០ឆ្នាំ ពីបទដឹកនាំនិងចូលរួមក្នុងចលនាកុបកម្មនាំឲ្យមានហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។

បើទោះបីជារដ្ឋាភិបាលអះអាងថាការចាប់ឃុំខ្លួនសកម្មជនបក្សប្រឆាំងទាំងនោះថាជាវិធានការច្បាប់ ប៉ុន្តែសង្គមស៊ីវិលនិងគណបក្សប្រឆាំង ហៅការចាប់ឃុំខ្លួននោះថាជារឿងនយោបាយនិងទាមទារឲ្យដោះលែងដោយគ្មានលក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ