សាលា​ហ្សាម៉ាន់​បដិសេធជា​ថ្មី​ថា មិន​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​​នៅ​ប្រទេស​តួកគី

សាលាអន្តរជាតិហ្សាម៉ាន់កាលពីថ្ងៃម្សិលមិញបានបដិសេធជាថ្មីម្ដងទៀតថា ខ្លួនពុំជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចនៅក្នុងប្រទេសតួកគីនោះឡើយ ហើយថ្កោលទោសចំពោះក្រុមរៀបចំផែនការធ្វើរដ្ឋប្រហារនោះ។

សាលាហ្សាម៉ាន់ដែលគ្រប់គ្រងដោយគណៈគ្រប់គ្រងជនជាតិតួកគី បានចេញសេចក្ដីថ្លែងការណ៍ដូច្នេះប៉ុន្មានម៉ោងក្រោយពីអគ្គរដ្ឋទូតតួកគី លោក Ilhan Khemal Tug កាលពីព្រឹកថ្ងៃម្សិលមិញ បានស្នើទៅរដ្ឋាភិបាលកម្ពុជាឲ្យបិទស្ថាប័នអប់រំមួយនេះ ដោយចោទថាសាលាមួយនេះមានជាប់ពាក់ព័ន្ធនឹងលោក Fethullah Gulen បុព្វជិតអ៊ីស្លាមដែលកំពុងរស់នៅឯសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបរវាងលោក Ilhan Khemal Tug និងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន កាលពីព្រឹកថ្ងៃម្សិលមិញថា តំណាងរដ្ឋាភិបាលតួកគីបានស្នើសុំបិទសាលាហ្សាម៉ាន់នៅក្នុងប្រទេសកម្ពុជា។

ទោះជាយ៉ាងណា សាលាហ្សាម៉ាន់បាននិយាយក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃម្សិលមិញថា ខ្លួនថ្កោលទោសចំពោះក្រុមរដ្ឋប្រហារនៅក្នុងប្រទេសតួកគីនិងទាមទារឲ្យលោក Ilhan Khemal Tug បង្ហាញភស្តុតាងឬសេចក្ដីសម្រេចរបស់តុលាការជុំវិញការចោប្រកាន់នេះ។

បើតាមលោក ជុំ សុន្ទរី រដ្ឋាភិបាលកម្ពុជានៅពុំទាន់សម្រេចយ៉ាងណានៅឡើយទេ ចំពោះសំណើពីតំណាងរដ្ឋាភិបាលតួកគី។

អគ្គរដ្ឋទូតតួកគីរូបនេះកាលពីថ្ងៃទី១៨ ខែកក្កដាកន្លងមកបានចោទប្រកាន់សាលាហ្សាម៉ាន់ថាមានជាប់ពាក់ព័ន្ធនឹងចលនាលោក Fethullah Gulen ដែលរដ្ឋាភិបាលអះអាងថាជាអ្នករៀបចំផែនការធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចប្រឆាំងនឹងប្រធានាធិបតីតួកគី លោក Tayyip Erdogan កាលពីថ្ងៃទី១៥ ខែកក្កដាកន្លងមក។

ប៉ុន្តែមួយថ្ងៃក្រោយមក តំណាងសាលាហ្សាម៉ាន់ លោក Ejder Kilic បានច្រានចោលការចោទប្រកាន់នេះ។

យោងការផ្សាយរបស់សារព័ត៌មាន BBC បានឲ្យដឹងថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាមិនបានសម្រេចនៅប្រទេសតួកគី កាលពីពាក់កណ្ដាលខែកក្កដាកន្លងមក បានសម្លាប់មនុស្សជាង២៧០នាក់ ហើយរដ្ឋាភិបាលបានចាប់ខ្លួនមនុស្សរាប់ពាន់នាក់ ដោយចោទប្រកាន់ថាជាអ្នកគាំទ្រលោក Gulen៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ