ស្ថានីយវិទ្យុយ៉ាងតិចចំនួន៥ បិទរលកអាកាសផ្សាយនៅថ្ងៃនេះ

ពលរដ្ឋ​កម្ពូជា​មួយ​រូប ស្វែង​រក​កម្មវិធី​ផ្សាយ​នៅ​លើ​វិទ្យុ​ បន្ទាប់​ពី​កម្មវិធី​ផ្សាយព័ត៌មាន​នៅ​លើ​ស្ថានីយ៍​វិទ្យុ​ជាង ៣០​ ត្រូវ​បាន​បិទ​មិន​ឱ្យ​ផ្សាយ កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៧។ (VOD)

ក្រសួងព័ត៌មាន និងភាគីពាក់ព័ន្ធ ឲ្យដឹងថា យ៉ាងហោច​ណាស់ស្ថានីយវិទ្យុចំនួន៥ បាន​​បិទរលក​​អាកាស​ផ្សាយ​ ក្នុងពេលដំណាលគ្នា ដោយសារម្ចាស់គ្រប់គ្រងផ្ទាល់ទាំងនោះ បាន​បញ្ឈប់​ការជួល​របស់​ខ្លួន​ភ្លាមៗ ក្រោម​ហេតុផលថា បានរំលោភសេចក្តីប្រ​កាសអនុញ្ញាតឲ្យធ្វើអាជីវកម្ម និងកិច្ចសន្យា​របស់​ក្រសួង។

បើតាមសេចក្តីក្រសួងព័ត៌មាន ការផ្សាយតាមរលកអាកាស FM ៩៣.៥០ មេហ្គាហ៊ឺត (ផ្សាយនៅ​ភ្នំពេញ)​ រួមទាំង FM ៩៣.៧៥ មេហ្គាហ៊ឺត FM ១០៦.២៥ មេហ្គាហ៊ឺត និង FM ៩៣.២៥ មេហ្គាហ៊ឺត​ (ផ្សាយ​តាមខេត្ត) ដែលប្រតិបត្តិការ​ដោយ​ស្ថានីយ​វិទ្យុ​មហានគរ ត្រូវបានបញ្ជាឲ្យផ្អាក​ការផ្សាយ​ចាប់​ពីពេលនេះតទៅ។ ចំណែក ការផ្សាយតាមរលកអាកាស FM ១០៦.៥០ មេហ្គាហ៊ឺត និង FM ១០៦.៧០ មេហ្គាហ៊ឺត (ផ្សាយនៅភ្នំពេញ) ដែលប្រតិបត្តិការដោយវិទ្យុសារិកា និង វីអូឌី ក៏ត្រូវបានផ្អាកការផ្សាយ នៅថ្ងៃនេះដែរ។

សេចក្តីប្រកាសរបស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២១ខែសីហា សរសេរបន្តថា ស្ថានីយ៍វិទ្យុ ដែលក្រសួង​បិទរលកអាកាសផ្សាយ មិនឲ្យផ្សាយកើត នៅក្នុងពេលតែមួយនេះ ដោយសា​រ ម្ចាស់ស្ថាប័នទាំងនេះ បាន​រំលោភសេចក្តីប្រកាស​អនុញ្ញាត​ឲ្យធ្វើអាជីវកម្ម និងកិច្ចសន្យា ដែល​បានតម្កល់ទុក​ជាផ្លូវការ​នៅក្រសួងព័ត៌មាន។ ដោយឡែក កម្មវិធីព័ត៌មានវីអូឌី និងកម្មវិធីជាច្រើនទៀត​ ដែល​ផ្សាយ​តាមរយៈ​វិទ្យុ​សារិកា ក៏ត្រូវបានម្ចាស់កម្មសិទ្ធិគ្រប់គ្រង បានបញ្ឈប់ការជួលភ្លាមៗ ដោយមិនពន្យល់​ពីមូល​ហេតុ​លម្អិតនោះទេ។

ករណីនេះ អ្នកនាំពាក្យក្រសួងព័ត៌មាន លោក អ៊ុក គឹមសេង បានប្រាប់ VOD បន្ថែម​ នៅថ្ងៃពុធនេះថា ដើមចមដែល​នាំឲ្យ​ក្រសួងព័ត៌មាន ​ផ្អាកការផ្សាយរបស់ស្ថានីយវិទ្យុមួយចំនួន ដោយថា ម្ចាស់ស្ថានីយទំាង​នោះ មិនគោរព​តាមការ​ណែនាំ​របស់​ក្រសួង​។

លោកនិយាយថា៖ «នៅក្នុងកិច្ចសន្យាទំាងអស់ សុទ្ធតែនិយាយគ្នាហើយថា មុននឹងយើង​ធ្វើអ្វី យើងត្រូវ​ជូនដំណឹងគ្នា សុំពិគ្រោះយោបល់ជាមួយគ្នា ទៅវិញទៅមក​ ដូច្នេះកន្លែងស្ថានីយខ្លះ គាត់អត់គោរព ដូច្នេះ​បើមិនគោរព យើងប្រើសិទ្ធិរបស់ក្រសួង ដើម្បីបញ្ចប់ ឬក៏ផ្អាកការផ្សាយរបស់ពួកគាត់​»

នាយកប្រតិបត្តិមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ លោក ប៉ា​ ងួនទៀង មានប្រសាសន៍​ថា ស្ថានីយ​វិទ្យុសំឡេងប្រជា​ធិប​តេ​យ្យ​ វីអូឌី នឹងផ្អាកការផ្សាយតាមរលកអាកាស FM ១០៦.៥០ មេហ្គាហ៊ឺត និង FM ១០៦.៧០ មេហ្គាហ៊ឺត ដោយ​ថា​ មានកំហុស​បច្ចេក​ទេស និង​បញ្ហា​ផ្នែករដ្ឋបាល​​។

លោកបន្តថា ការបញ្ឈប់ការជួលម៉ោង (រលកអាកាស) ​ផ្សាយ​នេះ ជា​ការ​​បិទសិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​តាមប្រព័ន្ធផ្សព្វផ្សាយ និងធ្វើឲ្យប៉ះពាល់​ដំណើរការ​លទ្ធិប្រជា​ធិបតេយ្យ​ពិតនៅ​កម្ពុជា​។

លោកថ្លែងថា៖ «ការបិទស្ថានីយវិទ្យុ [រលកអាកាសផ្សាយ]ខ្ញុំគិតថា វាប៉ះពាល់ដល់​ដំណើរការប្រជាធិបតេយ្យ និងសេរីភាព​បញ្ចេញ​មតិនៅ​ស្រុកខ្មែរ ហើយវាឈានដល់ការប៉ះពាល់​នៃដំណើរការអភិវឌ្ឍសង្គមប្រកបដោយតម្លាភាព បើ​មាន​កា​រប៉ះពាល់ បានន័យថា សង្គម​គ្មាន​ការផ្សព្វ​ផ្សាយ​ព័ត៌មានឯករាជ្យដោយបើកចំហទេ វាកាន់តែមាន​វិបត្តិ​ទៅទៀត ជាពិសេស វិបត្តិសង្គម និងវិបត្តិអំពើពុករលួយ​​»។

VOD មិនអាចសុំការបំភ្លឺ ពីលោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា​ ដែលជា​ម្ចាស់គ្រប់គ្រងរលកអាកាសផ្សាយ ដែលជួលឲ្យ​ស្ថានីយ​វិទ្យុសារិកា បានទេ ដោយលោកស្រីថា ជាប់រវល់ប្រជុំ។

នាយក​វិទ្យាស្ថានកម្ពុជា​សម្រាប់​ការសិក្សាផ្នែកសារព័ត៌មាន លោក មឿន ឈានណារិទ្ធ យល់ថា វិធាន​ការរបស់ក្រសួងព័ត៌មាន ចំពោះការបិទមិនឲ្យស្ថានីយវិទ្យុផ្សាយ ហាក់ដូចជាលឿនពេក ដោយ​លោកថា ក្រសួង​គួរតែយកគំរូតាម អគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល ដោយធ្វើការជូន​ដំណឹង និង​ទុក​​ឱកាសឲ្យម្ចាស់ស្ថានីយធ្វើការកែតម្រូវ​ ជាជាងបញ្ឈប់ ឬបិទការផ្សាយ។

លោកនិយាយថា៖ «ដំបូងជាសេចក្តីណែនាំឲ្យយើង [ម្ចាស់​ស្ថានីយវិទ្យុ] ធ្វើការកែតម្រូវ​ ត្រូវគោរព​តាមកិច្ច​សន្យា​ បើសិនជាការណែនាំហើយ​ស្ថានីយផ្សេងៗនៅតែបន្ត​មិនគោរពតាម ក្រសួងគួរតែចាត់វិធាន​ការ​បន្តទៀត​ ដូចជាករណីកាសែត ខេមបូឌា ដេលី​ អគ្គនាយកដ្ឋានពន្ធដារបានជូនដំណឹង​ជាមុន ហើយតម្រូវ​បង់ពន្ធ បើសិនគេមិនបង់ពន្ធអាចប្រឈមមុខ​និងការបិទ»។

បើតាម កាសែត ខេមបូឌា ដេលី ដែលបាន​ដកស្រង់សម្តីរបស់​អ្នកនាំពាក្យក្រសួងព័ត៌មាន កាល​ពីថ្ងៃ​ទី​២២​ខែសីហា មានខ្លឹមសារថា រដ្ឋាភិបាលកំពុងពិចារណាច្បាប់ថ្មី ដែល​រារំាង​​ស្ថានីយវិទ្យុនានា​មិន​ឲ្យ​លក់​ម៉ោង សម្រាប់​កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី (RFA) និងវិទ្យុ​សំឡេង​សហ​​រដ្ឋ​អាមេរិក (VOA)។

បន្ថែមពីនេះ អ្នកសារព័ត៌មាន កត់សម្គាល់ឃើញថា សម្រាប់កម្មវិធីផ្សាយនៅយប់ទី២៣សីហានេះ របស់វិទ្យុអាស៊ីសេរី និង វីអូអេ មិនត្រូវបានចាក់ផ្សាយបន្តដោយវិទ្យុស្ត្រី FM ១០២ មេហ្គាហ៊ឺត នោះទេ។

ចំណាត់ការលើស្ថានីយវិទ្យុឯករាជ្យទាំងនេះ គឺកើតឡើងយ៉ាងឆាប់រហ័ស ក្រោយ រដ្ឋាភិបាល ព្រមាន​ចាត់​វិធានការ កាសែត ខេមបូឌា ដេលី ដោ​យថា ក្នុងរយៈពេល៣០ថ្ងៃ បើអ្នកគ្រប់គ្រងកាសែតនេះ មិនព្រមទៅបង់ពន្ធ ដែល​ថា​ជំពាក់​​រដ្ឋ១០ឆ្នាំ​ម​ក​នេះ​ ចំនួនជាង៦លានដុល្លារនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ