រដ្ឋាភិបាលផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​​សិង្ហបុរី​រកប្រេង​នៅកម្ពុជា

ពិធី​ចុះ​ហត្ថលេខាផ្តល់​សិទ្ធិ​ឲ្យ​រុក​រក​រ៉ែ​ប្រេង​កាត​នៅ​តំបន់ ​A (ប្លុក)

រដ្ឋាភិបាលកម្ពុជា ​សម្រេច​ផ្តល់​សិទ្ធិ​ឲ្យ​ក្រុម​ហ៊ុន​រុក​រក​ប្រេង​សិង្ហ​បុរី​ ក្នុង​រយៈពេល២៥ឆ្នាំ​ សម្រាប់​ការ​រុក​រក​ប្រេង​លើ​ផ្ទៃ​ទឹក​​ជាង​៣ពាន់​គីឡូម៉ែត្រ​ការ៉េ ក្នុងដែន​សមុទ្ទ​ខេត្ត​ព្រះ​សី​ហនុ។

ក្រុម​ហ៊ុន​​គ្រីស​អេនើ​ជី នៅ​ព្រឹកថ្ងៃពុធទី២៣សីហានេះ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ រួម​ជា​មួយ​ក្រសួងរ៉ែ និង​ថាម​ពល​ សម្រេច​ចុះ​ហត្ថលេខា​ផ្តល់​សិទ្ធិ​ឲ្យ​រុក​រក​រ៉ែ​ប្រេង​កាត​នៅ​តំបន់ ​A (ប្លុក) ក្នុងដែន​ទឹក​ខេត្ត​ព្រះ​សី​ហនុ លើ​ទំ​ហំ​ផ្ទៃ​ទឹក៣ ០៨៣គីឡូ​ម៉ែត្រ​ការ៉េ ដែល​តំណក់​ប្រេង​ដំបូង​ នៃ​ការ​រុក​រក​នេះ​ត្រូវ​បាន​គេរំពឹង​ថា អាច​ចំរាញ់​ចេញ​នៅ​ចុង​ឆ្នាំ​២០១៩​។

ថ្លែង​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅព្រឹក​នេះ រដ្ឋ​មន្ត្រី​ក្រសួងរ៉ែ និង​ថាម​ពល​ លោក ស៊ុយ សែម បាន​ថ្លែង​ថានេះ​ជា​ការ​ចាប់​ផ្តើម​ថ្មី ឲ្យ​មាន​ផលិត​កម្ម​ប្រេង​ឆៅ​ជា​លើក​ដំបូងនៅ​កម្ពុជា ដែល​តាម​ការ​ប៉ានស្មាន​តំបន់​នេះ អាច​មាន​ប្រេង​ឆៅ​ប្រមាណ ​៣០លាន​ប៉ារ៉ែល ដែល​អាច​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ប្រទេស​ផលិត​ប្រេង​មួយ​ផង​ដែរ​នាថ្ងៃ​អនាគត។

លោក​ថា៖ «ការចាប់ផ្តើមអភិវឌ្ឍន៍អណ្តូងប្រេងនៅប្លុកAនេះ ក៏ជាកត្តាលីករជម្រុញឲ្យមានការសិក្សា ដ៏ខ្លាំងក្លាថែមទៀតនៅប្លុកប្រេដែលមាននៅទំនេរចំនួននៅដែលសមុទ្ទ និង១៨ប្លុកទៀតនៅលើដែនគោក»

ដៃ​គូចូល​រួម​ក្នុង​ការ​ស្វែង​រក​ប្រេងកាត​ក្នុង​តំបន់ ​A នេះ គឺ​មាន​ចំណែក​ពី​ក្រុម​ហ៊ុនគ្រីស​អេនើ​ជី ​៩៥ភាគ​រយ និង​រាជរដ្ឋាភិបាល​កម្ពុជា ៥​ភាគ​រយ។

នាយ​ក​ប្រតិបត្តិ​ និង​ជា​ប្រធាន​ក្រុម​ហ៊ុនគ្រីស​អេនើ​ជីប្រចាំ​កម្ពុជាលោក ខេវិន តាំង បាន​ឲ្យ​អ្នក​សារព័ត៌មាន​ដឹងថា ការ​យក​៥​ភាគ​រយ​ ដោយ​រដ្ឋាភិបាល​កម្ពុជា​នេះ​ ជា​​កម្រិតមួយ​​ដែល​ខ្ពស់ ដោយ​សារ​តែក្រុម​ហ៊ុន​នេះ បាន​​ចេញប្រាក់​ដើម​ទាំង​ស្រុង ​១០០ភាគ​រយ​ តែ​ទោះ​​ជា​យ៉ាង​ណា លោ​កសង្ឃឹម​ថា ក្រុម​ហ៊ុន​របស់​លោក ​​នឹង​អាច​ធ្វើ​ការ​បាន​ងាយ​ស្រួល​ជា​មួយ​រដ្ឋា​ភិ​បាល​កម្ពុជា។

លោក​ថា៖ «បើទោះបីជារដ្ឋាភិបាល មិនមានភាគហ៊ុននៅក្នុងហ្នឹង ហើយខាងក្រុមហ៊ុនយើង មានភាគហ៊ុន១០០ភាគរយ ក៏ដោយគឺថារដ្ឋាភិបាលក៏នៅតែទទួលបានអត្ថប្រយោជន៍ ពីការផលិតប្រេងហ្នឹងដែរជាពិសេសទាញអត្ថប្រយោជន៍បានពីការប្រមូលពន្ធដារ ពីខាងក្រុមហ៊ុន ពីខាងសួយសារពីRoyalty ដែលរដ្ឋាភិបាលប្រមូលបានផងដែរ ពីក្រុមហ៊ុននោះរដ្ឋាភិបាលនៅតែទទួលបានអត្តប្រយោជន៍ដដែល»

​កាលពី​ឆ្នាំ​២០១២ គម្រោង​ខួង​រក​រ៉ែ​នៅ​តំបន់​Aនេះ ​ត្រូវ​បានពន្យា​ម្តង​រួច​មក​ហើយ ​ដោយ​សារកង្វះ​ធនធាន​បច្ចេក​ទេស ដែល​កាលនោះ ​ស្ថិត​ក្រោម​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុនអាមេរិក ​Chevron។

រហូត​មក​ដល់​ពេល​បច្ចប្បន្ន មាន​អណ្តូង​ស្វែង​រុក​រក​ប្រេង​ចំនួន​២៧ ត្រូវ​បាន​ខួង​ក្នុង​ទម្រង់​ដើមនៃ​ប្លុក ​A ដែល​ក្នុងនោះ​ មាន​អណ្តូង​ចំនួន​១៣ ត្រូវ​បាន​គេ​រក​ឃើញ​មាន​ប្រេង ដែល​មាន​ស្រទាប់​ប្រេង​កម្រាស់​ពី​ជិត​​១ម៉ែត្រ ​ទៅ​៤២ម៉ែត្រ អណ្តូងចំនួន​៨​ រក​ឃើញ​មាន​ប្រេង​ និង​ឧស្ម័ន ដែល​មាន​ស្រទាប់​ប្រេង​កម្រាស់​ជាង១ ទៅ​២៧ម៉ែត្រ និង​ស្រទាប់​ឧស្ម័ន​កម្រាស់​ពី​១ ទៅ​១៦​ម៉ែត្រ ហើយ​អណ្តូង​ចំនួន​ពីរ​ទៀត​ត្រូវបាន​គេ​រក​ឃើញ​ មាន​ស្រទាប់​ឧស្ម័ន​កម្រាស់​ពី​១ទៅ​២២​ម៉ែត្រ ដែល​មាន​ផ្ទុក​ឧស្ម័ន​កាបូនិក​ខ្ពស់។

បើតាមរបាយការណ៍ ក្នុង​នោះ ​អណ្តូង​ចំនួន​៦ ត្រូវ​បាន​ខួង​នៅ​ក្នុង​តំបន់​អប្សរា ដែល​អណ្តូង​នីមួ​យ​ៗ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន ​ស្រទាប់​អ៊ី​ដ្រូកាបូនក្នុង​កម្រាស់​ចន្លោះ​ពី​២២ ទៅ​៤២ម៉ែត្រ។ អាងចំនួន​៤នៃ​អណ្តូង​២ ត្រូវ​បាន​ដាក់​ធ្វើ​តេស្ត​ផលិត​កម្ម​ ដោយ​​អណ្តូង​១ មាន​លំហូរ​ប្រេង​៤១០បារ៉ែលក្នុង​មួយ​ថ្ងៃ​ និង​អណ្តូង​១ទៀត​ គឺ​មាន​លំហូរ​ប្រេង​៩៦០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ៕

រាយការណ៍​បន្ថែម​ដោយ​លោក ហូរ តុងហាន់

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ