លោក​ ហ៊ុន សែន ច្រានចោលការទទួលខុសត្រូវព្រឹត្តិការណ៍បង្ហូរឈាមនៅផ្លូវវ៉េងស្រេង

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលការទទួលខុសត្រូវ ព្រឹត្តិការណ៍បង្ក្រាបក្រុ​​​ម​​​ក​ម្ម​ករដ៏​ប​ង្ហូរឈាម នៅផ្លូវវ៉េងស្រេង កាលពីជាង៣ឆ្នាំមុន ដោយថាករណីនេះ គួរតែចា​ប់មេដឹ​ក​នាំ​បក្ស​ប្រឆាំ​ងម​កផ្តន្ទាទោស។

កាលពីថ្ងៃទី៣ខែមករាឆ្នាំ២០១៤ កម្មករយ៉ាងតិច៤នាក់ ត្រូវគេបាញ់សម្លាប់ ម្នាក់ទៀតបានបាត់ខ្លួន ជាង​៤០នាក់​ទៀតត្រូវគេអះអាងថា បានរងរបួស ក្រោយពីកងកម្លាំងបានបាញ់រះទៅលើក្រុមអ្នកតវ៉ា ហើយ​អ្ន​កតវ៉ាបានប្រើដុំថ្មគប់តបវិញ។

ព្រឹត្តិការណ៍បង្ហូរឈាមនេះ ជំរុញឲ្យសហគមន៍ជាតិនិងអន្តរជាតិ ចេញសេចក្តីថ្លែងការណ៍ថ្កោលទោស និង​ទាមទារឲ្យរដ្ឋាភិបាលនាំខ្លួនអ្នកប្រើអាវុធបាញ់រះកម្មករ មកផ្តន្ទាទោស។

ប៉ុន្តែ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីជួប​សំណះសំ​ណាលជាមួ​យក្រុមក​ម្មករ​ ក្នុងរាជធានីភ្នំ​ពេញ នាថ្ងៃ​ទី២​៣​ខែ​​សីហានេះថា មេដឹកនាំបក្ស​ប្រឆាំងទេ ដែលត្រូវ​ទទួលខុសត្រូវ​លើព្រឹត្តិកា​រណ៍ដែល​បាន​កើ​តឡើងកន្លងទៅនោះ។

លោក ហ៊ុន​ សែន ថ្លែងទៀតថា មូលហេតុដែលនាំឲ្យមានព្រឹត្តិការណ៍ ដោ​យសារមេដឹ​កនាំបក្ស​ប្រ​​ឆាំ​​ងនៅ​ពេលនោះ បានចុះកៀគរកម្មករឲ្យមកធ្វើបាតុកម្ម ដែរលោកថាចង់ផ្តួលរំលំរដ្ឋាភិបាល។

លោកថា៖ «អ្នកឯងធ្វើបាតុកម្មម៉ោង២យប់ តើជាបាតុកម្មស្អី? ជាបាតុកម្មផ្តួលរំលំ ហើយដឹងថាមនុស្ស​អ្ន​​ក​​​​ឯ​​​ង​មក​ចូលរួមប៉ុន្មានអីប៉ុន្មាន?  អាណាទៅដឹង!។ ដ​ល់​វាបាត់ខ្លួន ជួនកាលវាទៅគ្រឿងញៀនអីឯណា រួច​ហើ​​​យម​កឲ្យរដ្ឋាភិបាលរក។ អាហ្នឹងត្រូវចាប់​មេបា​តុ​កម្ម​​យកមកដាក់ខ្នោះ អាហ្នឹងទើបវាត្រូវ។ ថ្ងៃណា​មួយ ​ខ្ញុំនិ​យាយបញ្ហាហ្នឹងជា​មួយ​អង្គ​​​កា​រ​សហប្រជាជាតិ អ្នកឯងស្រាវជ្រាវទៅ ត្រូវចាប់ពួកអាមេបាតុកម្មមកសួរចម្លើយ»។

ក្រោយផ្ទុះព្រឹត្តិការណ៍បាញ់រះកម្មករនេះ សាលាដំបូងរាជធានីភ្នំពេញ បានកោះហៅ លោក សម រង្ស៊ី និងលោក កឹម សុខា មកសាកសួរ ប៉ុន្តែពេលនោះតុលាការមិនបានចោទប្រកាន់មេដឹកនាំ​បក្សប្រ​ឆាំងទេ។

VOD មិនអាចសុំការឆ្លើយតបករណីនេះពីគណបក្សសង្គ្រោះបានទេ ដោយអ្នកនាំពាក្យ លោក យឹម សុវណ្ណ មិនលើកទូរសព្ទ អនុប្រធានគណបក្សលោក ប៉ុល ហំម សុំមិនធ្វើអត្ថាធិប្បាយ។

អ្នកតាមដានព្រឹត្តិការណ៍នយោយ លោកបណ្ឌិត មាស នី លើកឡើងថា ពលរដ្ឋទំនងជាដឹងថា អ្នកណា​ជាអ្ន​កទួលខុសត្រូវពិតប្រាក ទាក់ទិននឹងព្រឹត្តិការណ៍បង្ហូរឈាមនៅផ្លូវវ៉េងស្រេងនេះ បើទោះបីពេ​លនេះ​​អ្នក​ន​យោបាយកំពុងចោទគ្នាទៅវិញទៅមកក៏ដោយ។

ប៉ុន្តែ​លោ​កថា បើតាមរដ្ឋធម្មនុញ្ញ រដ្ឋាភិបាលមានតួនាទីស្វែងរកយុត្តិធម៌ជូនជនរងគ្រោះ។

លោកថា៖ «តាមពិតបើយើងមើលចរិតអ្នកនយោបាយខ្មែរយើងមិនចំឡែកទេ នៅក្នុងស្ថានភាពមួយៗ​ច្រើ​ន​​​​តែឆ្លើ​យ​ដាក់គ្នានៅ​ពេលដែលពលរដ្ឋខ្លួនឯ​ងរងគ្រោះ។ អញ្ចឹង​ហើយ ខ្ញុំគិតថាស្ថាន​ការណ៍​ផ្លូវវ៉េងស្រេ​ង​នេះ វាសំខាន់គឺកើតឡើងដោយសារតែកងកម្លាំងប្រដាប់អាវុធ ពិសេសការបញ្ជូ​ន​កង​ពល​៩១១​នៅពេល​ម​ក​​​​​​​ដល់ គឺចាប់ផ្តើមបាញ់ប្រហាតែម្តង»។

បើតាមលោក មាស នី បើជនដៃដល់ប្រើហិង្សាទៅលើពលរដ្ឋងាយរយគ្រោះ ហើយពួកគេត្រូ​វបានតម្លើ​ង​ឋានៈ​ដូចបច្ចុប្បន្ន លោកថា ​វធ្បធម៌និទណ្ឌភាព នឹងនៅតែបន្តកើ​តមានក្នុង​ប្រទេសដែ​លប្រកា​ន់លទ្ធិ​ប្រជា​​ធិបតេយ្យដ៏ក្មេងខ្ចីមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ