ពលរដ្ឋខេត្តកណ្តាលចោទក្រុមហ៊ុនមួយថាឃុបឃិតយកដីសហគមន៍

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 8:55 AM | បញ្ហា​វិវាទដីធ្លីសិទ្ធិមនុស្ស | 0 | 1170 ពលរដ្ឋមកពីខេត្តកណ្តាលមានវិវាទដីធ្លី

តំណាងពលរដ្ឋមកពីខេត្តកណ្តាលប្រមាណជិត១០០នាក់ នៅថ្ងៃទី២៣សីហាឆ្នាំ២០១៧ ប្រមូលផ្តុំគ្នាមុខក្រសួងរៀបចំដែន ដើម្បីសុំឲ្យក្រសួងដោះស្រាយវិវាទដីធ្លី ដោយចោទក្រុមហ៊ុនមួយថា បានលួចធ្វើប័ណ្ណកម្មសិទ្ធិរំលោភលើដីសហគមន៍។

លោក ហូ សុខហេង ដែលអះអាងថា ជាតំណាងពលរដ្ឋប្រាប់អ្នកសារព័ត៌មានថា ប្រជាពលរដ្ឋប្រមាណ ៣៥០គ្រួសាររស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្នុងក្រុងតាខ្មៅ មានជម្លោះដីធ្លីជាមួយក្រុមហ៊ុន អាយ អិន ជី ហូល ឌីង (ING) រយៈពេលជិត២ឆ្នាំហើយ មិនមានអាជ្ញាធរណាចុះដោះស្រាយនោះទេ។

លោកបន្តថា ដីសហគមន៍ដែលក្រុមហ៊ុនរំលោភនោះ ជាប្រភេទដីបឹងមានទំហំជាង៧ហិចតា ស្ថិតក្នុងខេត្តកណ្តាល ហើយថាពលរដ្ឋបានអាស្រ័យផលលើដីបឹងនេះ ដូចជាដាំបន្លែ ត្រកួន ក្រឆែត នេសាទត្រី និងដាំដំណាំផ្សេងៗទៀត តាំងពីឆ្នាំ១៩៧៩មកម្លេះ ហើយរដ្ឋាភិបាលក៏ប្រគល់ដីនោះ មកឲ្យពលរដ្ឋកាន់កាប់ ដើម្បីទុកអាស្រ័យផលកាលឆ្នាំ១៩៩២។ ប៉ុន្តែលោកថា ត្រូវក្រុមហ៊ុន ING ឃុបឃិតគ្នាជាមួយអាជ្ញាធរលួចធ្វើប័ណ្ណកម្មសិទ្ធិធ្វើជារបស់ផ្ទាល់ខ្លួនទៅវិញ និងបានហាមឃាត់មិនឲ្យប្រជាពលរដ្ឋណាចូលអាស្រ័យផលបានទៀតឡើយ។

លោកបន្ថែមថា៖ «ដែនដីរបស់រដ្ឋាភិបាល របស់ខេត្តកណ្តាល ដែលរដ្ឋាភិបាលខេត្ត គាត់កំពុងដឹកនាំរាល់ថ្ងៃនេះ រឿងអីខាងក្រុមហ៊ុន​ ឃុបឃិតទៅលួចធ្វើប្លង់ដាក់ខាងរាជធានីភ្នំពេញវិញ មិនទាន់បានកាត់ទៅឲ្យខាងរាជធានីណា ចុះហេតុអីប្លង់ ទៅខាងរាជធានីភ្នំពេញ ហើយដីប្រជាពលរដ្ឋខាងខេត្តកណ្តាលមានប្រវត្តដីធ្លីបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរ»។

លោកបន្តថា កន្លងមកប្រជាពលរដ្ឋធ្លាប់រកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋមួយចំនួន ដូចជាទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ និងសាលាខេត្តកណ្តាល ដោយស្ថាប័នទាំងនោះ បានចារលិខិតឲ្យក្រសួងរៀបចំដែនដី ជាអ្នកដោះស្រាយ ដើម្បីប្រគល់ដីនេះ មកឲ្យអ្នកភូមិវិញ ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះស្រាយដដែល។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី សុខ ចំរើន និយាយថា គ្រួសារគាត់រស់បាន ដោយសារការប្រកបរបរដាំបន្លែលើដីបឹងនោះ ហើយថាប្រសិនបើក្រុមហ៊ុន យកមែននោះ គាត់នឹងបាត់មុខរបរនិងជួបបញ្ហាជីវភាពគ្រួសារមិនខាន។

អ្នកស្រីបន្ថែមថា៖ «ប៉ះពាល់ជីវភាពរាល់ថ្ងៃ អត់មានអីហូបទេ ព្រោះអត់មានកន្លែងដាំដុះ ដាក់មង ចងសន្ទូចក៏អត់បានដែរ ពួកខ្ញុំមុខរបរដាំត្រកួន ហើយកូនចៅដាក់មងឥលូវហ្នឹង អត់ធ្វើអត់បានទេ សូមសម្តេចជួយផង ពួកខ្ញុំអត់ណាស់ ហើយមិនជឿសុំលោកអញ្ជើញមកមើលតាមផ្ទះ ចុះបើខ្ញុំនិយាយកុហកប្រជាជនសុទ្ធតែអ្នកអត់ សុំជំទាវជួយពួកខ្ញុំផង ៣៥០គ្រួសារ ពួកខ្ញុំស្ទឹងជ្រៅ»។

ក្រោយពីក្រុមពលរដ្ឋស្រែកតវ៉ាជាច្រើនម៉ោង មន្រ្តីក្រសួងបានអនុញ្ញាត្តិឲ្យតំណាងពលរដ្ឋ៥នាក់ចូលជួបផ្ទាល់។ បើតាមតំណាងពលរដ្ឋឲ្យដឹងថា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែន ដីគឺលោក សៀក វណ្ណា បានសន្យាចុះដោះស្រាយ ប៉ុន្តែមិនបានកំណត់ពេលជាក់លាក់នោះទេ។

ក្រុមពលរដ្ឋអះអាងថា ដំណោះស្រាយដែលអ្នកភូមិចង់បាន គឺសុំផ្តល់ដីសហគមន៍ជាង៧ហិចតានោះ ឲ្យពួកគេវិញ ហើយថា ប្រសិនបើមិនមានដំណោះស្រាយទេ ពួកគេនឹងឡើងមកតវ៉ាដល់ក្រសួងជាថ្មីទៀត។

វិអូឌីមិនអាចសុំការឆ្លើយបំភ្លឺពីភាគីក្រុមហ៊ុនបាននៅឡើយទេ ចំពោះការចោទប្រកាន់នេះ។

ក្នុងលិខិតចុះថ្ងៃទី២ខែសីហាឆ្នាំ២០១៧នេះ សាលាខេត្តកណ្តាល បានដាក់លិខិតមួយទៅក្រសួងរៀបចំដែនដី ដោយសុំឲ្យរដ្ឋមន្រ្តី លោក ជា សុផារ៉ា ដោះស្រាយបញ្ហាជម្លោះដីធ្លីនេះ ជូនពលរដ្ឋ ដោយថា ដីទំហំជាង៧ហិចតានោះ រដ្ឋាភិបាល បានប្រគល់សិទ្ធិឲ្យពលរដ្ឋកាន់កាប់តាំងពីឆ្នាំ១៩៩២៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required