ក្រសួងបដិសេធមិនផ្តល់ឯកសារលម្អិតដល់​បក្សប្រឆំាង​រឿង​នាំខ្សាច់ទៅ​ក្រៅប្រទេស​

ការបូមខ្សាច់ (FB: Mother Nature Cambodia)

ក្រ​សួងរ៉ែនិងថាមពល បានបដិសេធមិនផ្តល់ឯកសារលម្អិតពាក់ព័ន្ធការនំាខ្សាច់ស(ខ្សាច់ស៊ីលីកា) ទៅ​​លក់នៅ​ក្រៅ​ប្រទេស​ ដល់​តំណាង​រាស្ត្រគណបក្សប្រឆំាង​​ ដោយបញ្ជាក់ថា គ្មានបែបបទរដ្ឋបាលណា តម្រូវ​ឱ្យ​គ្រប់ស្ថា​ប័ន​ ​ត្រូវ​ចម្លង​​ជូន​នោះ​ទេ។

​តំណាងរាស្ត្របក្សសង្គ្រោះជាតិ និងជា​អនុ​ប្រធាន​គណៈ​កម្ម​ការ​​ទី២ នៃរដ្ឋសភា លោក សុន ឆ័យ បាន​ស្នើទៅរដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម កាលពីពាក់កណ្តាល​ខែមិថុនាឆ្នាំ២០១៧ ឲ្យ​បង្ហាញព័ត៌មាន និង​ឯកសារ​ផ្លូវការ​ ពីភាពខុសគ្នារវាងតួរលេខនាំខ្សាច់ទៅលក់នៅប្រទេសសិង្ហបុរី ការផ្តល់​អាជ្ញាប័ណ្ណ​ឲ្យក្រុម​ហ៊ុនណា នៅតំបន់ណាខ្លះ និងស​កម្មភាពបូមខ្សាច់នៅតែបន្តកើត បើទោះជារដ្ឋា​ភិបាល​ប្រកាស​ឲ្យបញ្ឈប់​​ការនាំ​ចេញ​ខ្សាច់គ្រប់ប្រភេទ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរ៉ែ និងថាមពល ចុះថ្ងៃទី២២ខែសីហា បានបំភ្លឺ​ថា ការគ្រប់គ្រង ការធ្វើអាជីវកម្មខ្សាច់ស ដើម្បីនាំចេញទៅក្រៅប្រទេស​ មានសមត្ថកិច្ចទទួលខុសត្រូវ​ច្រើនស្ថាប័ន។ ករណី​នេះ ​ក្រសួងរ៉ែ បញ្ជាក់ថា ក្រសួង មានកាតព្វកិច្ច ត្រឹមតែ​គ្រប់គ្រង​លើ​ការងារបច្ចេកទេស នៃការធ្វើអាជីវកម្មរ៉ែខ្សាច់ស និងការ​ចេញ​លិខិត​អនុញ្ញា​ត​នំាចេញ តែប៉ុណ្ណោះ​។

សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា រាល់សំណើររបស់លោក សុន ឆ័យ ពាក់ព័ន្ធសេចក្តីប្រកាសចេញចូល វិក្កយបត្របញ្ជាក់ការផ្ទុកទំនិញ បញ្ជិការផ្ទុកដាក់ទំនិញ វិក្កយបត្រពាណិជ្ជកម្ម និង វិក្កយបត្រកំណត់ពន្ធគយនានា មិនស្ថិតនៅក្រោម​សមត្ថកិច្ចគ្រប់គ្រងរបស់ក្រសួងរ៉ែ និង​ថាមពលនោះទេ​ ដោយថាស្ថាប័ននេះ​ មានភារកិច្ចត្រឹម ប្រមូលឯកសារមួយចំនួន ដែល​បានកំណត់​ដោយប្រកាសអន្តរក្រសួង រវាងក្រសួងរ៉ែ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

អនុ​ប្រធាន​គណៈ​កម្ម​ការ​​ទី២នៃរដ្ឋសភា លោក សុន ឆ័យ មានប្រសាសន៍ថា ​រដ្ឋសភា មានសិទ្ធិស្នើសុំឯកសារ ឬ តួលេខនិង អាចកោះហៅមន្ត្រីរដ្ឋាភិបាលមកសួរពាក់ព័ន្ធនឹងបញ្ហា ការអនុវត្តការងារប្រចាំថ្ងៃគឺត្រូវបើកចំហរ ហើយរដ្ឋមន្ត្រីគ្មានសិទ្ធិបដិសេធចំពោះសំណើរ របស់សភាឡើយ។ លោកបន្តថា បើក្រសួងរ៉ែនិងថាមពលនៅមិនព្រមផ្ដល់ឯកសារឲ្យសភា រឿងនេះ វានឹងរឹតតែមានការសង្ស័យកាន់តែខ្លាំង។

លោកថា៖ «វាមានហេតុផលអី ដែលបណ្ដាឲ្យក្រសួងលាក់កំបាំងឯកសារពាក់ព័ន្ធនឹងការងារ ទទួលខុសត្រូវរបស់គេ។ ចឹងខ្ញុំអត់អាចទទួលយកបានទេ សុំឲ្យក្រសួងផ្ដល់ឯកសារ ដែលខ្លួន មានរដ្ឋសភា ​រដ្ឋសភា ជាអាណាបក្ស និងជាស្ថាប័នបង្កើតរដ្ឋាភិបាល ហើយរដ្ឋាភិបាលសិទ្ធិអ្វី ហាមឃាត់ ឬលាក់កំបាំង នៅឯកសារ ដែលមាននៅក្នុងក្រសួងរបស់ខ្លួននោះទេ»។

នាយកប្រតិបត្តិសម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ មានប្រសសាន៍ថា ឯកសាររបស់រដ្ឋាភិបាល ជាឯកសារសាធារណៈ ដូចនេះប្រជាពលរដ្ឋ សង្គមស៊ីវិល មានសិទ្ធិសុំ ប៉ុន្តែចំពោះការបដិសេធសំណើរ គណបក្សប្រឆាំង លោកថា​អាចមានចំណុចនៅខ្វះខ្លះ។

លោកថា៖ «ខ្ញុំគិតថា ទំនងមានរឿងពាក់ព័ន្ធភាពមិនចុះសម្រុងគ្នា នៅក្នុងរដ្ឋសភាពីមុនមក  ព្រោះថាតាមខ្ញុំដឹងតំណាងរាស្ត្រ គណបក្សប្រឆាំងធ្លាប់ស្នើសុំឲ្យមានការជួបគ្នា ប៉ុន្តែប្រធាន រដ្ឋសភាគាត់បដិសេធរឿងហ្នឹង។ ចឹងរឿងមួយទៀត ពាក់ព័ន្ធរឿងក្រសួងរ៉ែនឹងថាពល មិន ព្រមផ្ដល់ជូននូវឯកសារ នឹងអាចខ្វះបញ្ជាក់ពីប្រធានរដ្ឋសភា ជាដើម»។

កាលពីថ្ងៃទី៣១ខែតុលា ឆ្នាំ២០១៦ ក្រុមអង្គការសង្គមស៊ីវិលជិត៥០ស្ថាប័ន បានផ្ញើលិខិតចំហមួយច្បាប់​ទៅរដ្ឋ​មន្ត្រីក្រសួង​រ៉ែ​និង​ថាមពល លោក ស៊ុយ សែម ដោយទាមទារឲ្យបកស្រាយបំភ្លឺការនាំចេញខ្សាច់​ពីប្រទេស​កម្ពុជា ទៅកាន់ប្រទេសនានា ចាប់ពីឆ្នាំ២០០៧ដល់ឆ្នាំ២០១៥ផងដែរ។ តែអ្នក​នាំពាក្យ​ក្រសួង​រ៉ែ​​និងថាមពល លោក ឌិត ទីណា បានថ្លែងថា ប្រទេសកម្ពុជាបាននាំខ្សាច់​ចេញទៅ​បរទេសក្នុង​បរិមាណជាង១៧លានតោន នៅចន្លោះឆ្នាំ២០០៧ដល់ឆ្នាំ២០១៥។

ទោះជា​​យ៉ាងណា តួលេខនេះខុសគ្នាឆ្ងាយពីតួលេខ ដែលគេទទួលបាន ពី​ខាងនាយកដ្ឋានស្ថិតិពាណិជ្ជ​កម្មរបស់​រដ្ឋាភិ​បាលសិង្ហបុរី ដែលបានបង្ហាញថា ខ្សាច់ចំនួន៧២.៨លានតោន ត្រូវបាននាំចេញពី​ប្រទេស​កម្ពុជា​​​ចូលទៅប្រទេសសិង្ហបុរី នៅក្នុងរយៈពេល៨ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ