សិស្សប្រឡងបាក់ឌុបនៅខេត្តកំពង់ធំថាការប្រឡងរៀបចំបានល្អ

ដោយ លោក ហ៊ុន ឌីម៉ូ​​ | ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០១៧​ ម៉ោង 12:30 PM | ការអប់រំ | 0 | 1406 សិស្សកំពុងប្រលងបាក់ឌុប (រូបភាពពីហ្វេសប៊ុកក្រសួងអប់រំ)

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប នៅក្នុងខេត្តកំពង់ធំបានបិទបញ្ចប់កាលពីរសៀលម្សិលមិញនេះ បេក្ខជនបេក្ខជនភាគច្រើននិយាយថា ការ​ប្រឡងមាន​វិន័យ​តឹង​រឹង តែពួកគេសង្ឃឹមប្រឡងជាប់ក៏ច្រើនដែរ។

ដៃកាន់សម្ភារៈ មានប៊ិច បន្ទាត់ ដែកឈាន ដោយទឹកមុខញញឹមញញែម សម្បុរខ្មៅស្រអែម ប្រកបដោយជំនឿ បានដើរចេញពីបន្ទប់ប្រឡង នៅមណ្ឌលថ្នលបែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ យុវជន សេង សុខាយ បាននិយាយថា ការប្រឡងនេះមានសណ្តាប់ធ្នាប់ល្អ ឯវិញ្ញាសារវិញមិនពិបាកណាស់ណាទេ តែពិបាកសម្រាប់អ្នកមិនចេះ «សម្រាប់ខ្ញុំគឺធម្មតា ព្រោះចំកន្លែងដែលខ្ញុំចេះ»។

សុខាយ បន្តថា បេក្ខជនមិនអាចយកអ្វីចូលបន្ទប់ប្រឡងបានទេ ដូចជាក្រដាស់សំណៅវិញ្ញាសារ គឺមានការត្រួតពិនិត្យបានល្អិតល្អន់ ហើយក៏គ្មានការទិញសំណៅឯកសារដែរ និងគ្មានការសូកប៉ាន់ទេ៖ «បើចះគឺយើងជាប់ចំពោះខ្ញុំ ខ្ញុំសង្ឃឹម៧០ភាគរយ» ។

ស្រដៀងគ្នានេះដែរ យុវសិស្សដែលមកពីវិទ្យាល័យប្រាសាទបល្លង្ក័ ស្រុកប្រាសាទបល្លង្ក័ ដែលបានមកប្រលងនៅមណ្ឌលសាលាបឋមសិក្សាអនុវត្តន៍ ហ៊ុន សែន អាចារ្យលាក់ កញ្ញា ធឿន សង់ បានរៀបរាប់ថា៖ «វិញ្ញាសារលំបាកដូចជារូបនិងគណិត ខ្ញុំធ្វើបានប្រហែល៥០ភាគរយ ចំពោះវិន័យក្នុងការប្រឡងធម្មតា និងវិញ្ញសារគ្មានការបែកធ្លាយ ហើយសិស្សមិនអាចលួចចម្លងគ្នាបាន ដោយគេរាប់តុ ដាច់ឆ្ងាយពីគ្នា»។

កញ្ញាបន្តថា សុំក្រសួងរៀបចំការប្រឡងឲ្យបានល្អដូចឆ្នាំនេះ នៅពេលប្រឡងលើកក្រោយៗទៀត។

ក្នុងសម្លៀកបំពាក់សម្ពត់ខៀវ អាវស ដៃកាន់លិខិតប័ណ្ណផ្សព្វផ្សាយ របស់សាកលវិទ្យាល័យនានា កញ្ញា លី ស៊ាងឡា នាងជាសិស្សមកពីវិទ្យាល័យរស្មីសោភណ្ឌ័ ឋិតក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នាងបានប្រាប់ក្រុមអ្នកយកព័ត៌មានយើងថា «ការប្រឡងឆ្នាំនេះស្រួលពាក់កណ្តាល ពិបាកពាក់កណ្តាល។ ខ្ញុំសង្ឃឹង៥០ភាគរយ ពេលចូលប្រលងគេមិនឲ្យយកអ្វីចូលទេ សូម្បីនាឡិកា មិនថានាឡិកាធម្មតាឬនាឡិកាកាល្យូ មិនឲ្យយកចូលទាំងអស់ គេឲ្យយកចូលតែប៊ិកពណ៌ខៀវនិងបន្ទាត់»។

ស៊ាង ឡា យល់ថាសុំឲ្យក្រសួងកុំរឹតបន្តឹងពេក ឬក៏ធូរលុងពេក ព្រោះសិស្សគ្នាខ្លះពុំសូវចេះ «សុំឲ្យក្រសួងកុំតឹងពេក និងធូរពេកលើវិញ្ញាសារ ព្រោះសិស្សខ្លះមានសមត្ថភាពក្នុងការធ្វើ សិស្សខ្លះពុំមានសមត្ថភាពក្នុងការធ្វើទេ»។

ការប្រឡងបាក់ឌុបនៅខេត្តកំពង់ធំក្នុងឆ្នាំនេះ សិស្សគោរពវិន័យបានល្អខ្ជប់ខ្ជួននៅក្នុងមណ្ឌលប្រឡង។ នេះបើតាមលោក ស សុវណ្ណរិទ្ឋ ជាអនុរក្សនៅមណ្ឌលវិទ្យាល័យកំពង់ធំ។ លោកថា៖ «ដូចមិនតឹងទេ ល្អបើធ្វើចឹងបានធ្វើឲ្យសិស្សក្រោយៗខំប្រឹងរៀន ហ្នឹងមិនតឹងទេ គឺសមល្មម ហើយពួកគាត់ធ្វើបានច្រើនទាំងអស់គ្នា ព្រោះពួកគាត់ដឹងថាការប្រឡងតឹងរឹង ចឹងទៅពួកគាត់ត្រៀមបានយូរ»។

បើតាមក្រសួងអប់រំ ចំនួនសិស្សប្រឡងបាក់ឌុបឆ្នាំ២០១៧នេះមានជាង១០ម៉ឺននាក់​ កើនជាង១០ ០០០នាក់បើធៀបឆ្នាំមុន​។

លោក ហង់ ជួនណារុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ការរៀបចំប្រឡងសិស្សមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះមានភាពកាន់តែប្រសើរឡើង ដោយសារដំណើរការប្រឡងមានស្តង់ដារដូចឆ្នាំមុន និងមានការសហការឃ្លាំមើលពីស្ថាប័នដៃគូមួយចំនួនទៀត៕

សរសេរមកកាន់ លោក ហ៊ុន ឌីម៉ូ តាមរយៈ demo@gmail.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required