អង្គការ​ជាង​៣០​ថ្កោល​ទោស​ការ​កាត់ទោស​លោក​នី ចរិយា

លោក នី ចរិយា ក្រោយចេញពីការសាកសួរបន្ថែមនៅសាលាដំបូង កាលពីពេលកន្លងទៅ

អង្គការសង្គមស៊ីវិលជាង៣០ស្ថាប័នដែលសកម្មក្នុងការការពារសិទ្ធិមនុស្សបាន ថ្តោលទោសការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញទៅលើអតីតប្រធានផ្នែកសិទ្ធិមនុស្សអាដហុក និងជាសមាជិកគ.ជ.ប លោកនី ចរិយា ដោយពួកគេចាត់ទុកថាការសម្រេចនោះស្ថិតក្រោមសម្ពោធរបស់រដ្ឋាភិបាល ក្នុងការរឹតត្បិតទៅលើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោតនាពេលខាងមុខ។

លោកនី ចរិយាត្រូវបានសាលាដំបូងរាជធានីភ្នំពេញសម្រេចឲ្យលោកជាប់ពន្ធនាគារ៦ខែ និងពិន័យជាប្រាក់៦លានរៀល ក្រោមបទចោទថាលោកបានបរិហារកេរ្តិ៍ជាសាធារណៈ បរិហារបង្កាច់កេរ្តិ៍ និងដាក់សម្ពាធដល់តុលាការ ដែលប្តឹងដោយមន្ត្រីនៃសាលាដំបូងខេត្តសៀមរៀបពីររូបគឺ ចៅក្រមស៊ើប គី ឬទ្ធី និងព្រះរាជអជ្ញារងខេត្តនេះលោក សុខ កែវបណ្ឌិត។

ក្នុងសេចក្តីថ្លែងការណ៍រួមចេញផ្សាយថ្ងៃទី២២ កញ្ញាម្សិលមិញ អង្គការសង្គមស៊ីវិលចំនួន៣៥អង្គការ និងសហគមន៍ បានចាត់ទុកថាការសម្រេចសេចក្តីរបស់សាលាដំបូងរាជធានីភ្នំពេញនេះធ្វើឡើងក្នុងបរិបទដែលមានការបង្ក្រាបខ្លាំងឡើងទៅលើសំឡេងឯករាជ្យពីសំណាក់រដ្ឋាភិបាល និងថាតុលាការគឺជាឧបករណ៍របស់រដ្ឋាភិបាលក្នុងការរឹតត្បិតទៅលើលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមុនការបោះឆ្នោតខាងមុខ និងបានបង្ហាញពីការរំខានចំពោះសកម្មភាពស្របច្បាប់របស់អ្នកការពារសិទ្ធិមនុស្សតាមរយៈការដាក់ទោសទណ្ឌ។

អង្គការទាំងនោះបានលើកឡើងថាការអធិប្បាយរបស់លោក នី ចរិយា កាលពីលោកនៅជាប្រធានផ្នែកសិទ្ធិមនុស្ស និងឃ្លាំមើលរបស់សមាគមន៍អាដហុក “គឺស្ថិតក្នុងក្របខណ្ឌនៃការការពារសិទ្ធិមនុស្សនៅក្នុងច្បាប់អន្តរជាតិ ដែលទាមទារឲ្យមានការអធ្យាស្រ័យខ្ពស់ចំពោះសន្ទរកថាបែបនយោបាយ បើទោះជាការលើកឡើងបែបនេះប៉ះពាល់ដល់មន្ត្រី ស្ថាប័នសាធារណៈក្តី ការប្រើប្រាស់បទបរិហារកេរ្តិ៍ និងបទបញ្ញត្តិផ្សេងៗនៃក្រមព្រហ្មទណ្ឌកាន់តែច្រើឡើងរបស់រដ្ឋាភិបាលដើម្បីផ្តន្ទាទោសព្រហ្មទណ្ឌ លើអ្នកនិយាយរិះគន់ទៅលើអជ្ញាធរ មិនស្របទៅនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិទេ និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិសេរីភាពជាមូលដ្ឋានខាងការបញ្ចេញមតិ

វីអូឌីមិនអាចទាក់ទងប្រធានគណកម្មការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី ដើម្បីឆ្លើយតបទៅនឹងការលើកឡើងទាំងនេះបាននៅឡើយទេនៅព្រឹកថ្ងៃសុក្រនេះ។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់សហគមន៍ និងអង្គការទាំង៣៥នោះក៏បានចាត់ទុកថាការសម្រេចរបស់សាលាដំបូងគឺ មិនត្រឹមត្រូវ មានកំហុសឆ្គង និងអយុត្តិធម៌ ដោយពួកគេជំរុញឲ្យសាលាឧទ្ធរណ៍កែប្រែឲ្យបានត្រឹមត្រូវនូវសេចក្តីសម្រេចរបស់សាលាដំបូងនេះ។

គួរបញ្ជាក់ផងដែរថា លោក នី ចរិយា ក្រៅពីជាប់បណ្តឹងដែលប្តឹងឡើងដោយមន្ត្រីនៃស្ថាប័ន តុលាការខេត្តសៀមរាមនេះ លោកក៏កំពុងជាប់បណ្តឹងមួយទៀតនៅតុលាការពាក់ព័ន្ធនឹងការចោទថាលោកសមគំនិតសូកប៉ាន់សាក្សី មិនឲ្យនិយាយរឿងពិតប្រាប់តុលាការករណីដែលគេចោទថា លោក កឹម សុខា មានសេ្នហាលួចលាក់។

ក្រៅពីនោះ មន្ត្រីនៃសមាគមអាដហុកបួនរូបផ្សេងទៀតរួមមានលោក នី សុខា លោក ណៃ វ៉ង់ដា លោក យី សុខសាន្ត និងអ្នកស្រីលឹម មុនី ក៏កំពុងជាប់ឃុំពាក់ព័ន្ធសំណុំរឿងនេះដែរ ដែលសង្គមស៊ីវិលជាតិនិងអន្តរជាតិមួយចំនួនលើកឡើងថាជារឿងនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ