បក្សប្រឆាំងច្រានចោលការសន្និដ្ឋានរបស់អាជ្ញាធរថាឃាតកម្មលើសកម្មជនខ្លួនជារឿងបុគ្គល

ក្រោយការស្លាប់សកម្មជនរបស់ខ្លួនកាលពីពេលថ្មីៗនេះ មន្ដ្រីគណបក្សប្រឆាំងបានសម្ដែងការខកចិត្តចំពោះការលើកឡើងរបស់សមត្ថកិច្ចដែលថាវាជារឿងជម្លោះបុគ្គល ដោយថាការសន្និដ្ឋានមុននោះគឺពុំអាចទទួលយកបានទេ។

មន្ដ្រីគណបក្សសង្គ្រោះជាតិ នៅខេត្តត្បូងឃ្មុំ លោក សេង សៀងលី បានប្រាប់ឲ្យវីអូឌីនៅថ្ងៃសុក្រនេះថាលោកខកចិត្តចំពោះការអះអាងរបស់សមត្ថកិច្ចដែលសន្និដ្ឋានថាការសម្លាប់សកម្មជន CNRP មួយរូបនៅស្រុកត្បូងឃ្មុំគឺជារឿងបុគ្គល ទាំងដែលមិនទាន់បានកំណត់អត្តសញ្ញាណជនដៃដល់នៅឡើយ។

លោកនិយាយថា៖ “ខាងនគរបាលប៉ុស្ដិ៍គេបញ្ជាក់ថាគេកំពុងស៊ើបអង្កេត ប៉ុន្តែគេបានសន្និដ្ឋានថាវាជារឿងបុគ្គលច្រើនជាង។ រឿងនេះ ខ្ញុំសុំឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេតសិន យើងកុំទាន់អាលវាយតម្លៃថានេះជារឿងបុគ្គល ឬជារឿងនយោបាយ ពីព្រោះថាបើគិតថាវាជារឿងបុគ្គលច្រើនជាង ហាក់បីដូចជាអ្នកស្ដាប់មក គិតថានេះមិនមែនជារឿងនយោបាយ ហើយយើងស្រាវជ្រាវមកឃើញជារឿងនយោបាយ អាហ្នឹងយើងគិតយ៉ាងម៉េច។ ការងារដែលមិនទាន់ស៊ើបអង្កេតបានច្បាស់ យើងកុំទាន់អាលនិយាយ អាហ្នឹងវាល្អជាង”។

គូរបញ្ជាក់ថា សកម្មជនបក្សសង្គ្រោះជាតិមួយរូបដែលត្រូវជនមិនស្គាល់មុខសម្លាប់នោះមានឈ្មោះ  ឃិន អ៊ាប ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅនៅភូមិខ្ទុំកើត ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ករណីឃាតកម្មកើតឡើងនៅយប់ថ្ងៃពុធ ទី២១ ខែកញ្ញា ខណៈដែលជនរងគ្រោះកំពុងដើរកាត់ភ្លៀងចម្ងាយប្រហែល៥០ម៉ែត្រពីផ្ទះគាត់។

មន្ដ្រីគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា កាលពីម្សិលមិញ នាយប៉ុស្តិ៍នគរបាលត្បូងឃ្មុំបានអះអាងថាការសម្លាប់នេះគឺជារឿងបុគ្គលមិនមែនរឿងនយោបាយទេ។

ភរិយាជនរងគ្រោះឈ្មោះ អយ ម៉ុន អាយុ៥៦ឆ្នាំ បានឲ្យដឹងថាប្ដីរបស់គាត់ជាមនុស្សស្លូតបូត និងមិនដែលមានទំនាស់ជាមួយអ្នកជិតខាងពីមុនមកនោះទេ និងថាប្ដីគាត់បានចូលរួមជាមួយគណបក្សសង្គ្រោះជាតិតាំងពីបក្សទើបតែបង្កើតឡើងមកម្ល៉េះ។

អ្នកមីងនិយាយថា៖ “ប្ដីអត់ដែលមានការឈ្លោះគ្នាជាមួយអ្នកជិតខាងអីទេ។ គាត់បានហូបស្រាមុន ប៉ុន្តែគាត់ហូបជាមួយកូនៗ ហើយហូបជាមួយបង អត់មានរឿងហេតុអីទេ អត់មានឈ្លោះប្រកែកគ្នាអីទេ។ គាត់ជាមនុស្សស្លូតបូត មួយស្រុក គេស្រឡាញ់គាត់គ្រប់គ្នា គាត់មិនដែលឈ្មោះប្រកែកជាមួយអ្នកណាទេ”។

អ្នកស្រី បន្ដថាចាប់តាំងពីការស្លាប់របស់ប្ដីគាត់មក អាជ្ញាធរពុំដែលចុះមកអើពើធ្វើការស្រាវជ្រាវបន្ថែមអំពីករណីឃាតកម្មនេះឡើយគឺមានតែមន្ដ្រីបក្សសង្គ្រោះជាតិប៉ុណ្ណោះ។

ប្រធានសមាគមអាដហុកប្រចាំខេត្តត្បូងឃ្មុំលោក នាង សុវ៉ាត បានឲ្យដឹងថាលោកមិនទាន់អាចសន្និដ្ឋានបានទេថាអ្វីជម្លោះបុគ្គលឬជារឿងនយោបាយនោះ ប៉ុន្តែលោកព្រួយបារម្ភចំពោះសុវត្តិភាពសមាជិកគណបក្សនានានៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។

លោកក៏បានអំពាវនាវដល់អាជ្ញាធរក៏ដូចជារាជរដ្ឋាភិបាលឲ្យជួយធានាការពារសន្ដិសុខដល់សកម្មជនមកពីគណបក្សផ្សេងក្រៅពីគណបក្សកាន់អំណាចពិសេសធ្វើយ៉ាងណាតាមចាប់ជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់។

ទោះបីយ៉ាងនេះក្ដី មេឃុំជីគរលោក អ៊ូ សំបូរ បានប្រាប់ឲ្យវីអូឌីដឹងថាអាជ្ញាធរមានសមត្ថកិច្ចកំពុងសស្រាក់សស្រាំធ្វើការស៊ើបអង្កេតករណីនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ