លិខិតមិត្តអ្នកអាន៖ ច្រេះស៊ីដែក

ដោយ VOD Admin​​ | ថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦​ ម៉ោង 1:42 PM | លិខិតមិត្តអ្នកអាន | 0 | 3455 ប្រធានគណបក្ស​សង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និ​ងលោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ​

នៅក្នុងការរស់នៅប្រចាំថ្ងៃមនុស្សលោកបានប្រើរូបធាតុផ្សេងៗជាច្រើនដើម្បីបង្កើតជាឧបករណ៍ប្រើប្រាស់ទៅតាមតម្រូវការរៀងៗខ្លួន។ ឧបករណ៍ខ្លះគេប្រើដី ខ្លះប្រើថ្ម ខ្លះប្រើឈើ និងខ្លះទៀតគេប្រើអ៊ីណុក។ ដោយឡែក ដែកជារូបធាតុដែលកំពុងត្រូវបានគេប្រើប្រាស់យ៉ាងច្រើននាពេលបច្ចុប្បន្ននេះ។ មិនថាឧបករណ៍នោះធ្វើពីអ្វីនោះទេ វាតែងរងនូវការខូចខាតតាមកាលវេលាជាក់លាក់មួយ។ តើដែករងការខូចខាតដូចម្តេច?

តាមពិតទៅមនុស្សម្នាតែងទទួលស្គាល់ថាដែកជារូបធាតុដែលរឹងមាំជាងរូបធាតុជាច្រើនផ្សេងទៀត។ គេយកវាមកកែឆ្នៃធ្វើជាឧបករណ៍ប្រើប្រាស់មានដូចជា ចប ជំនីក កាំបិត ផ្គាក់ ពូថៅ តុ ទូ កៅអី និងប្រើប្រាស់សម្រាប់សាងសង់រោង គេហដ្ឋាន ជាពិសេសដំបូលអគារធំៗ។

ក្រោយពីប្រើប្រាស់បានមួយរយៈកាលមក ឧបករណ៍ដែលធ្វើពីដែកទាំងនោះរងនូវបាតុភូតធម្មជាតិ មានទឹកភ្លៀង ខ្យល់ កំដៅព្រះអាទិត្យដែលធ្វើឱ្យដែកបង្កប្រតិកម្មគីមីបង្កើតបានជាច្រែះដោយខ្លួនវា។ ច្រែះដែលចាប់លើដែកនេះ ក៏ចាប់ផ្តើមពង្រាយខ្លួនហើយកាត់ស៊ីដែកបន្តិចម្តងៗ រហូតដល់ខូចខាតទាំងស្រុង។

រហូតដល់ពេលនេះមានរយៈពេលជាង៣០ឆ្នាំហើយដែលដំបូលដែកកម្ពុជាបាំងម្លប់ដល់ពលរដ្ឋខ្លួន។ រយៈពេលនេះ ជារយៈពេលដែលដែកបានបង្កើតច្រែះ ហើយច្រែះនោះក៏បានកាត់ស៊ីដែកយ៉ាងស្ងាត់កំបាំងរួចទៅហើយ នៅសល់តែថ្ងៃបាក់រលំទាំងស្រុងតែប៉ុណ្ណោះ។

បើយើងកត់សំគាល់ពីការប្រើប្រាស់ភាសាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសមន្ត្រីអជ្ញាធរ និងពួកយោធា យើងឃើញមានឃ្លាមួយដែលមន្ត្រីថ្នាក់ទាប(កូនចៅ)តែងនិយាយគ្នាលេងក្រោយខ្នងមេថា «ចាំមើលស្រុកម៉េចៗ»។

ឃ្លានេះបង្កប់ន័យយ៉ាងជ្រៅពីទឹកចិត្តកូនចៅចំពោះមេៗថ្នាក់លើ។ ការដែលពួកគាត់និយាយបែបនេះមានមូលហេតុជាក់លាក់របស់វា មូលហេតុនោះគឺគ្មានអ្វីក្រៅពីរឿងប្រាក់កាស និងជីវភាពរបស់ពួកគាត់ទេ។

មានរឿងរ៉ាវជាច្រើននៅពីក្រោយការបើកប្រាក់បៀវត្សរ៍និងរបបផ្សេងៗ ឱ្យមន្ត្រីថ្នាក់ក្រោម។ ព្រឹត្តការណ៍នៅស្រែណូយជាភស្តុតាងបញ្ជាក់ពីបញ្ហានេះ។ ការបោះឆ្នោតអាណត្តិទី៥ក្នុងឆ្នាំ២០១៣  មានការិយាល័យបោះឆ្នោតមួយនៅស្រែណូយ មានយោធាម្នាក់បានយកសន្លឹកឆ្នោតសរសេររៀបរាប់ពីបញ្ហាដែលពួកគាត់បានជួបប្រទះ ហើយទម្លាក់ចូលក្នុងហិបឆ្នោត។ ការពិតបញ្ហាបែបនេះមិនមែនមានតែយោធាម្នាក់នោះទេ គឺមានពួកយោធាជាច្រើន ហើយក៏មិនមែនមានតែស្ថាប័នមួយនេះនោះដែរ គឺមានក្រសួងស្ថាប័នជាច្រើនផ្សេងទៀតក៏ដូចគ្នាដែរឱ្យតែកូនចៅគេ។

នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោកតា លឺ ឡាយស្រេង ដែលធ្លាប់ជារដ្ឋមន្ត្រីមួយរូបបានមានប្រសាសន៍ថា «ប្រើយោធាឱ្យទៅបង្ក្រាបបាតុករដែលមានតែដៃទទេ ក្រែងវាមិនទៅ»

តាមប្រសាសន៍នេះបញ្ជាក់ថាលោកតា លឺ ឡាយស្រេង បានយល់ពីទឹកចិត្តកងទ័ពយ៉ាងច្បាស់។ ច្បាស់ណាស់ ប្រសិនបើមានការបញ្ជាកងទ័ពឱ្យទៅបង្ក្រាបក្រុមបាតុករ នឹងរុញច្រានពួកកងទ័ពឱ្យមានចរន្តពីរ គឺអ្នកធ្វើតាមបញ្ជាមេ និងអ្នកមិនធ្វើតាមបញ្ជាមេ។ បើតាមបទពិសោធន៍នៃបញ្ហារបស់ពួកយោធា អ្នកមិនធ្វើតាមបញ្ជាមេអាចមានច្រើន។ ស្ថានភាពដែលនឹងកើតឡើង គឺជាស្ថានភាពស្រុកម៉េចៗសម្រាប់ពួកគាត់ដើម្បីជម្រះបញ្ជីជាមួយមេៗ ដែលធ្លាប់កេងប្រវ័ញ្ញលើកំលាំងញើសឈាមកូនចៅ។

ហ៊ឺម… ស្ថានភាពនយោបាយប្ចុប្បន្ន បើអ្នកពាក់ព័ន្ធមិនរូបរួមគ្នាដោះស្រាយទេ លទ្ធផលពិតជាពិបាកស្មានណាស់។

តែយ៉ាងណា ស្ថានភាពនេះមិនទាន់ហួសពេលទេនៅអាចដោះស្រាយបានដោយរលូន។ ភាគីពាក់ពាន់កុំរុញស្ថានភាពនេះឱ្យធ្ងន់ធ្ងរជាងនេះ ទោះចំណេញនយោបាយកម្រិតណាក៏ដោយ ព្រោះការចំណេញនេះគ្រាន់តែចំណេញបណ្តោះអាសន្នរយៈពេលខ្លីតែប៉ុណ្ណោះ។ កុះជឿអ្នកយុទ្ធសាស្ត្ររកលុយនិងតំណែង។

«ថោកអីនឹងដៃ ថ្លៃអីនឹងមាត់» ជាពាក្យស្លោកខ្មែរសម្រាប់ដាស់តឿនឱ្យកុលបុត្រកុលធីតាខ្មែរប្រើសម្រាប់ប្រាស្រ័យទាក់ទង និងចរចាគ្នាធ្វើកិច្ចការផ្សេងៗ។ ថោកអីនឹងដៃ គឺចាប់ដៃគ្នារលាក់ទៅ ថ្លៃអីនឹងមាត់ គឺនិយាយចរចាគ្នាទៅ។ ចរចាគ្នាមិនធ្វើឱ្យនរណាម្នាក់ឬភាគីណាមួយកើតឆ្កែ ឬកើតជន្លេនទេ តែផ្ទុយទៅវិញវានឹងធ្វើឱ្យភាគីទាំងអស់ខ្លាយជាមនុស្សជឿនលឿនទាន់សម័យ និងថ្លៃថ្នូរនៅក្នុងដួងចិត្តពលរដ្ឋទូទៅ៕

កំណត់សំគាល់៖ ច្រែកស៊ីដែះ គន្លាស់ទៅ ច្រែះស៊ីដែក។ ដោយ ជា ខេមរា, ពលរដ្ឋខេត្តកណ្តាល

សរសេរមកកាន់ VOD Admin តាមរយៈ vodadmin@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required